ភ្នំពេញ ៖ សៀវភៅស្នាក់នៅ គឺជាសៀវភៅប្រើប្រាស់សម្រាប់ជាវិធានការនគរបាល ដើម្បីស្រង់ព័ត៌មានអំពីចំនួន មនុស្សដែលស្នាក់នៅក្នុងលំនៅឋាននីមួយៗ រួមទាំងលំនៅឋាននៃទីតាំងប្រមូលផ្តុំ។ សៀវភៅនេះ ពុំអាចត្រូវបាន ប្រើប្រាស់ធ្វើជាឯកសារសម្រាប់អះអាងឬបញ្ជាក់ពីភាពជាកម្មសិទ្ធិលើលំនៅឋានបានឡើយ និងផ្តល់បានតែមួយគត់ ជូនចំពោះបុគ្គលឬគ្រួសារ ឬក្រុមគ្រួសារដែលជាម្ចាស់ឬជាអ្នកជួលកំពុងស្នាក់នៅក្នុងលំនៅឋានអចិន្ត្រៃយ៍ ណាមួយជាកំណត់ ទោះបុគ្គលឬគ្រួសារ ឬក្រុមគ្រួសារនោះមានលំនៅឋានលើសពីមួយក៏ដោយ។ នេះបើតាមលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។
ឆ្លើយតបទៅនឹងសំណួរ ដែលចោទសួរថា តើក្នុងសៀវភៅស្នាក់នៅ អាចបន្ថែមសមាជិក លុបសមាជិក ឬកែតម្រូវទិន្នន័យផ្សេងៗបានដែរឬទេ ដើម្បីឱ្យអស់ចម្ងល់អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានពន្យល់ថា យោងតាមសេចក្ដីណែនាំលេខ ០០១ស.ណ.ន របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មក្រសួងមហាផ្ទៃ ការបន្ថែមសមាជិកក្នុងសៀវភៅស្នាក់នៅ ការលុបសមាជិកក្នុងសៀវភៅស្នាក់នៅ ឬកែទិន្នន័យផ្សេងៗក្នុងសៀវភៅស្នាក់នៅ គឺអាចធ្វើទៅបាន ប៉ុន្តែត្រូវអនុវត្តទៅតាមនីតិវិធីដូចខាងក្រោម។
១. ការបន្ថែមសមាជិកក្នុងសៀវភៅស្នាក់នៅ មេគ្រួសារ ឬអ្នកតំណាង ត្រូវស្នើសុំបន្ថែមសមាជិកមកមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ដោយមានបញ្ជាក់អំពីមូលហេតុនៃការស្នើសុំ និងភ្ជាប់ឯកសារមួយចំនួនដូចជា បើកូនទើបនឹងកើត ត្រូវមានសេចក្តីចម្លងសំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើត / ក្នុងករណីអ្នកទើបរៀបអាពាហ៍ពិពាហ៍ ត្រូវភ្ជាប់ជាមួយសេចក្តីចម្លងសំបុត្រអាពាហ៍ពិពាហ៍ ឬ សំបុត្របញ្ជាក់អាពាហ៍ពិពាហ៍ / ករណីផ្លាស់ចូល ត្រូវមានលិខិតអនុញ្ញាតផ្លាស់ប្តូរលំនៅឋាន / ករណីចេញពីពន្ធនាគារ ត្រូវមានសាលក្រមដោះលែងពីតុលាការ និងដីកាដោះលែងពីពន្ធនាគារ / ករណីសមាជិកគ្រួសារខ្មែរដែលវិលត្រឡប់មកពីក្រៅប្រទេស ត្រូវមានលិខិតបញ្ជាក់អំពីការធានាអះអាងពីមេគ្រួសារ ឬសាក្សី។
ក្នុងនោះមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រូវសរសេរចូលក្នុងបញ្ជីស្នាក់នៅ និងសៀវភៅស្នាក់នៅ ព្រមទាំងបោះត្រា “បានចុះស្ថិតិ” លើបញ្ជីស្នាក់នៅ និងសៀវភៅស្នាក់នៅត្រង់ទម្រង់នៃទំព័របញ្ជី និងសៀវភៅ“ទំនាក់ទំនងជាមួយ មេគ្រួសារ” ហើយដាក់ជូននាយប៉ុស្តិ៍នគរបាលរដ្ឋបាលពិនិត្យ និងចុះហត្ថលេខាត្រង់ទម្រង់នៃទំព័រសៀវភៅ “ ទទួលស្គាល់របស់សមត្ថកិច្ចមូលដ្ឋាន” ខាងចុងនៃបញ្ជីស្នាក់នៅ និងសៀវភៅស្នាក់នៅ។
២. ការលុបឈ្មោះចេញពីសៀវភៅស្នាក់នៅ មេគ្រួសារឬអ្នកតំណាង ត្រូវស្នើសុំលុបឈ្មោះសមាជិកមកមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ដោយមានការបញ្ជាក់អំពីមូលហេតុនៃការស្នើសុំ និងភ្ជាប់ឯកសារមួយចំនួន ៖ បើស្លាប់ ត្រូវមានសេចក្តីចម្លងសំបុត្រមរណភាព ឬសំបុត្របញ្ជាក់មរណភាព /ផ្លាស់ចេញ ត្រូវមានលិខិតអនុញ្ញាតផ្លាស់ប្តូរលំនៅឋាន -ជាប់ពន្ធនាគារ ត្រូវមានសាលក្រមផ្តន្ទាទោស /ផ្តាច់សមគ្គសង្វាស់ ត្រូវមានសាលក្រមលែងលះ /កូនដែលត្រូវឪពុក ម្តាយកាត់កាល់ ត្រូវមានសាលក្រមកាត់កាល់ /ពលរដ្ឋខ្មែរលះបង់សញ្ជាតិ ត្រូវមានព្រះរាជក្រឹត្យលះបង់សញ្ជាតិខ្មែរ។
ជាមួយគ្នានោះមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រូវបោះត្រា “បានលុបឈ្មោះ” សមាជិកក្នុងបញ្ជីស្នាក់នៅនឹងសៀវភៅ ត្រង់ទម្រង់នៃទំព័របញ្ជី និងសៀវភៅ “ទំនាក់ទំនងជាមួយមេគ្រួសារ” ហើយដាក់ជូននាយប៉ុស្តិ៍នគរបាលរដ្ឋបាល ពិនិត្យ ចុះហត្ថលេខា និងបោះត្រាឈ្មោះនៅត្រង់ទម្រង់នៃទំព័របញ្ជី និងសៀវភៅ ទទួលស្គាល់របស់ សមត្ថកិច្ចមូលដ្ឋាន”។
៣. ការកែតម្រូវទិន្នន័យផ្សេងៗក្នុងសៀវភៅស្នាក់នៅ មេគ្រួសារ ឬអ្នកតំណាង ត្រូវស្នើសុំធ្វើការកែតម្រូវទិន្នន័យផ្សេងៗដូចជា ខុសអក្ខរាវិរុទ្ធលើនាមត្រកូល ឬនាមខ្លួន ខុសថ្ងៃខែឆ្នាំកំណើត ឬទិន្នន័យផ្សេងៗទៀតមកមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ដោយមានភ្ជាប់ជាមួយនូវឯកសារមកបញ្ជាក់ស្របតាមមូលហេតុនៃការស្នើសុំរួមមាន សេចក្តីចម្លងសំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើត ឬអត្តសញ្ញាប័ណ្ណសញ្ជាតិខ្មែរ ឬសញ្ញាបត្រមកបញ្ជាក់។ នាយប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រូវពិនិត្យ និងកែតម្រូវទិន្នន័យដោយសរសេរទឹកប៊ិកពណ៌ក្រហមនៅត្រង់ទំព័រ (ពាក្យថាផ្សេងៗ) នៅក្នុងបញ្ជីស្នាក់នៅ ព្រមទាំងចុះហត្ថលេខា និងបោះត្រាឈ្មោះ និងត្រូវផ្តល់សៀវភៅស្នាក់នៅថ្មីព្រមទាំងមោឃភាពសៀវភៅស្នាក់នៅចាស់៕