រថយន្តដឹកអ្នកដំណើរ២០នាក់ទៅពិធីមង្គលការ បានជួបឧបទ្ទវហេតុដ៏អាក្រក់មួយដែលបច្ចុប្បន្ននេះមានមនុស្សតែម្នាក់ប៉ុណ្ណោះ ត្រូវបានរកឃើញនៅរស់។
ក្រុមមន្ត្រីបាននិយាយថា ឡានក្រុងដឹកភ្ញៀវទៅពិធីមង្គលការបានធ្លាក់ចូលទៅក្នុងទន្លេ Indus ភាគខាងជើងប្រទេសប៉ាគីស្ថានកាលពីថ្ងៃទី១២ខែវិច្ឆិកា ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ 18 នាក់ ។
អ្នកនាំពាក្យរដ្ឋាភិបាលលោក Faizullah Faraq បាននិយាយថា ឧបទ្ទវហេតុនេះបានកើតឡើងនៅក្នុងតំបន់ Gilgit Baltistan នៅពេលដែលរថយន្តក្រុងកំពុងធ្វើដំណើរទៅកាន់ Chakwal ដែលជាទីក្រុងក្នុងខេត្ត Punjab ។
នៅកន្លែងកើតហេតុគេឃើញរថយន្តក្រុងខូចខាតយ៉ាងដំណំ។ ដំបូល និងចំហៀងរថយន្តខូចខ្ទេចខ្ទី ដោយសារឥទ្ធិពលខ្លាំងធ្លាក់ចូលទន្លេ ជាមួយនឹងថ្មប៉ប្រះទឹកជាច្រើន។
ក្រោយពេលកើតហេតុ កម្លាំងសង្គ្រោះបានមកដល់ភ្លាមៗ ដើម្បីចាត់វិធានការស្រាវជ្រាវរកជនរងគ្រោះ ។ យ៉ាងណាក៏ដោយ ដោយសារតែតំបន់គ្រោះថ្នាក់នេះ ជាទឹកទន្លេដែលហូរលឿន ទំនងជាមានមនុស្សធ្លាក់ពីលើរថយន្ត ហើយត្រូវទឹកហូរកាត់ ធ្វើឱ្យការងារស្វែងរកពិបាក។
លោក Faizullah Faraq បាននិយាយថា រហូតមកដល់ពេលនេះ មានតែស្ត្រីម្នាក់ប៉ុណ្ណោះដែលត្រូវបានគេរកឃើញនៅរស់ ហើយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ប៉ូលិសបាននិយាយថា ក្រុមអ្នកជួយសង្គ្រោះនឹងបន្តស្វែងរកអ្នកដំណើរដែលបាត់ខ្លួននៅថ្ងៃពុធនេះ។
ប៉ូលិសក៏បាននិយាយផងដែរថា វានៅមិនទាន់ដឹងច្បាស់ពីមូលហេតុដែលបណ្តាលឲ្យមានឧបទ្ទវហេតុនេះ ហើយពួកគេមិនទាន់កត់ត្រាសេចក្តីថ្លែងការណ៍របស់អ្នកនៅរស់រានមានជីវិតនោះទេ។ ស្ត្រីរូបនេះនៅមានសុខភាពខ្សោយ និងផ្លូវចិត្តនៅឡើយ ដូច្នេះនាងមិនអាចសហការក្នុងការធ្វើសេចក្តីថ្លែងការណ៍ជាមួយប៉ូលិសបានឡើយ ៕