ភ្នំពេញ៖ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន» បញ្ចប់ការទទួលប្រាក់ត្រឹមថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤នេះហើយ។ រយៈពេល៦៦ថ្ងៃ មូលនិធិទទួលបានថវិកាពីសប្បុរសជនគ្រប់ស្រទាប់វណ្ណៈជិត២៧លានដុល្លារអាមេរិក។កាលពីថ្ងៃទី២២ សីហា ២០២៤កន្លងទៅ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសម្តេចបង្កើត «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន» តបតាមបំណងប្រាថ្នារបស់ប្រជាពលរដ្ឋខ្មែរ ដើម្បីបានឱកាសចូលរួមក្នុងបុព្វហេតុជាតិ ជាពិសេសការកសាងផ្លូវតាមក្រវាត់ព្រំដែន។ក្រោយការបង្កើតមូលនិធិនាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ ប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈ និងគ្រប់ទិសទី បានស្ម័គ្រចិត្តបរិច្ចាគថវិកាតាមលទ្ធភាពរបស់ពួកគេចូលរួមក្នុងមូលនិធិនេះ។
ក្នុងរយៈពេល៦៦ថ្ងៃ គិតចាប់ពីថ្ងៃទី២២ ខែសីហា ដល់ថ្ងៃទី៣១ ខែតុលា មានប្រជាពលរដ្ឋខ្មែរចូលរួមសរុប ៧២០,១០៥អង្គ/នាក់ ដោយបានចូលរួមបរិច្ចាគ និងទទួលបានថវិកាសរុបចំនួន ៣២,៩៥២,៤៤២,០៤៤រៀល និងប្រាក់ដុល្លាអាមេរិកសរុបចំនួន ១៨,៧២៩,៩៩៨ ដុល្លារអាមេរិក (គិតសរុបជាទឹកប្រាក់ដុល្លារអាមេរិកស្មើប្រមាណ ២៦,៩៦៧,៦០៩ដុល្លារអាមេរិក)។
សម្តេចមហាបវរធិបតី សូមថ្លែងអំណរព្រះគុណ និងអរគុណយ៉ាងជ្រាលជ្រៅដល់សប្បុរសជនទាំងអស់ ចំពោះការចូលរួមចំណែកដ៏ឧត្តុង្គឧត្តមថ្លៃថ្លានេះ។
សម្តេចមហាបវធិបតី ចាត់ទុកការចូលរួមនេះ គឺជាវិភាគទានដ៏មានតម្លៃបំផុត និងមិនអាចកាត់ថ្លៃបានឡើយ ហើយក៏ជាការឆ្លុះបញ្ចាំងអំពីទឹកចិត្តមនសិកាស្នេហាជាតិមាតុភូមិរបស់ជនរួមជាតិ ដែលតែងតែត្រៀមខ្លួនជានិច្ចក្នុងការបូជាលះបង់គ្រប់បែបយ៉ាងក្នុងមហាចលនាជាតិដើម្បីបុព្វហេតុកសាង ការពារ និងអភិវឌ្ឍមាតុភូមិកម្ពុជា ដោយឈរលើមូលដ្ឋាន និងស្មារតីនៃខឿនការពារជាតិរបស់ប្រជាជននៅគ្រប់កាលៈទេសៈ។
សម្រាប់ការប្រើបប្រាស់មូលនិធិនេះ សម្តេចមហាបវរធិបតី ក៏បានសម្រេចបង្កើតក្រុមការងារចំពោះកិច្ច ដើម្បីគ្រប់គ្រងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែនផងដែរ ដើម្បីធានាការគ្រប់គ្រង ប្រើប្រាស់ថវិការបានត្រឹមត្រូវ តម្លាភាព និងចំគោលដៅ។គណៈកម្មការចំពោះកិច្ចនេះ ដឹកនាំដោយនាយឧត្តមសេនីយ៍ គឹម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជានាយករងខុទ្ទកាល័យនាយករដ្ឋមន្ត្រី។
សូមបញ្ជាក់ដែរថាទាក់ទងការកសាងផ្លូវនេះដែរដោយមានការអនុញ្ញាតពីលោកនាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងលោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព ស្នងការនគរបាលខេត្តរតនគិរី កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក សូយ សំណាង អធិការនគរបាលស្រុកអូរយ៉ាដាវ និងលោកវរសេនីយ៍ទោ ហឿង វិច្ឆិកា មេបញ្ជាការវរសេនាតូចការពារព្រំដែនលេខ២០៣ បានចុះជួបសួរសុខទុក្ខកងកម្លាំងវិស្វកម្ម អគ្គបញ្ជាការកងយោធពលខេមរភូមិន្ទ ដែលកំពុងមមាញឹក ស្ថាបនាផ្លូវក្រវ៉ាត់ព្រំដែនចាប់ពីចំណុចប៉ុស្តិ៍អូរយើលលេខ ៤០៩ បង្គោលលេខ១០ ស្ថិតក្នុងភូមិសាស្ត្រស្រុកតាវែង ប៉ុស្តិ៍៧០៧ ខាងវៀតណាម។
លោកអនុសេនីយ៍ត្រី ទេព សុខចាន់ ប្រធានក្រុមទី១ កងលេខ៧១៥ បានប្រាប់កាសែតឲ្យដឹងនៅកន្លែងការដ្ឋានកាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ ថា ក្រុមលោកមានកម្លាំង៧នាក់ ប្រើប្រាស់គ្រឿងចក្រអាអ៊ិចចំនួន ៤គ្រឿង និងអាប៊ុល ១គ្រឿង។លោកអនុសេនីយ៍ត្រី ទេព សុចាន់ បានបញ្ជាក់ទៀតថា គ្រឿងចក្របញ្ជូនមកកាន់តំបន់នេះ តាំងពីមុនថ្ងៃភ្ជុំបិណ្ឌ ឆ្នាំ២០២៤មក ប៉ុន្តែរដូវភ្លៀងជោគជាំមិនអាចដំណើរការដ្ឋានបាននោះទេ។ លុះដល់ពេលដាច់ទឹកភ្លៀង ក្រុមការងារចាប់ផ្តើមមមាញឹកបញ្ជាគ្រឿងចក្រគិតចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ ជាលទ្ធផលទទួលបានប្រមាណ ១,៥០០ម៉ែត្រ ១គីឡូកន្លះ។
លោកអនុសេនីយ៍ត្រី ទេព សុខចាន់ បានបញ្ជាក់បន្ថែមទៀតថា មានបញ្ហាប្រឈមមួយចំនួន ដែលក្រុមការងារស្ថាបនាផ្លូវនៅចំណុចបង្គោលលេខ១០ បានជួបប្រទះការលំបាក គឺខាងភាគីវៀតណាមដាក់កម្លាំងមកតាមដានសកម្មភាពកងវិស្វកម្មរបស់យើងជាប្រចាំ៕