ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានមានប្រសាសន៍ថា ៖ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ គឺជាកិច្ចព្រមព្រៀងគ្នា នៅទីក្រុងប៉ារីស ប្រទេសបារាំង ដែលមានភាគីជម្លោះកម្ពុជា ចំនួន៤ បានចុះហត្ថលេខា ដោយមានវត្តមាសាក្សីមកពី ១៨ប្រទេស រួមទាំងអគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) ផងដែរ ដើម្បីបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា។
លោកបន្តថា ៖ មុននឹងឈានមកដល់កិច្ចព្រមព្រៀងនាទីក្រុងប៉ារីស ២៣ តុលា សម្តេចតេជោ ហ៊ុន សែន បានជួបពិភាក្សាដំបូងបំផុតជាមួយ អតីតព្រះមហាក្សត្រខ្មែរ សម្តេចព្រះ នរោត្តម សីហនុ (ព្រះបរមរតនកោដ្ឋ) នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៨៧ នៅ FERE-EN-TARDENOIS នៅប្រទេសបារាំង ដែលការចរចានេះ មានសេចក្តីប្រកាសរួមឡាយព្រះហស្តលេខាដោយ សម្តេចព្រះ នរោត្តម សីហនុ (ព្រះបរមរតនកោដ្ឋ) និង សម្តេចតេជោ ហ៊ុន សែន ដែលហៅថា (ជំនួបចរចា សីហនុ-ហ៊ុន សែន នៅ FERE-EN-TARDENOIS ថ្ងៃទី០២-០៤ ខែធ្នូ ឆ្នាំ១៩៨៧)។ ហើយបន្ទាប់មកក៏មានកិច្ចចរចាបន្តរវាង សីហនុ-ហ៊ុន សែន លើកទី ២ ប្រព្រឹត្តឡើងនៅថ្ងៃទី២០-២១ ខែមករា ឆ្នាំ១៩៨៨ នៅ SAINT-GERMAIN-EN-LAYE ប្រទេសបារាំង និងនៅទីកន្លែងផ្សេងៗមួយចំនួនទៀត។
បន្ទាប់មកក៏មាន កិច្ចព្រមព្រៀងសន្ធិសញ្ញាទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ដែលនាំកម្ពុជា កសាងបាននូវសង្គមប្រជាធិបតេយ្យ តាមរយៈការបោះឆ្នោត ហើយបង្កើតបានជារដ្ឋធម្មនុញ្ញ និងជាពិសេសបានយាងព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ចូលមកកាន់មាតុកម្ពុជាវិញ និង បង្កើតព្រះរាជាណាចក្រកម្ពុជាទី២ គឺជារបបរាជាធិបតេយ្យ អាស្រ័យរដ្ឋធម្មនុញ្ញ រហូតមកដល់សព្វថ្ងៃ ។ ស្មារតីនៃកិច្ចព្រមព្រៀង ២៣ តុលា ត្រូវបានបញ្ចូលក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដែលកំពុងប្រើប្រាស់ សព្វថ្ងៃនេះដែរ ដែលបានផ្តល់ឱកាសឲ្យកម្ពុជា វិវឌ្ឍជាវិជ្ជមានជាបន្តបន្ទាប់រហូតមកដល់សព្វថ្ងៃ។
“សន្តិភាព គឺជាមូលដ្ឋានគ្រឹះនៃសិទ្ធិសេរីភាពរបស់មនុស្សជាតិ និងសង្គម” ៕