ខេត្តបាត់ដំបង៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា លោក សេង ឈួន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស កាលពីម្សិលមិញនេះ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំតាមដានការអនុវត្តការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសខេត្តបាត់ដំបង នៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបា់ដំបង។
ក្នុងកិច្ចប្រជុំនេះដែរ ដោយមានការចូលរួមពី លោក ឆាយ ម៉ាទីណាល់ អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង លោក ម៉ី ម៉ារ៉ាឌី អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស លោកស្នងការរងនគរបាលខេត្តបាត់ដំបង បញ្ជាការរងកងរាជអាវុធហត្ថខេត្តបាត់ដំបង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត នាយរងទីចាត់ការសាលាខេត្ត នាយករងការិយាល័យនគរបាលខេត្ត អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ប្រធានការិយាល័យ អនុប្រធានការិយាល័យ និងមន្រ្តីពាក់ព័ន្ធ របស់ក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសថ្នាក់ជាតិ និងខេត្តបាត់ដំបង សរុបចំនួន ២៤នាក់។
កិច្ចប្រជុំធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយសេចក្តីសម្រេចលេខ ០៣១/២៤ ចុះថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ ស្តីពីការ តែងតាំង សមាសភាពក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស និងតាមដានការអនុវត្តការងាររបស់ រាជធានី ខេត្ត ពាក់ព័ន្ធនឹងការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស។ តាមរយៈការចែករំលែកបទពិសោធន៍លើការអនុវត្តការងាររបស់ក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសខេត្តបាត់ដំបងរួចមក លោកប្រធានក្រុមការងារ បានវាយតម្លៃខ្ពស់ចំពោះក្រុមការងារខេត្ត ដែលបានចូលរួមបំពេញការងារយ៉ាងសកម្មក្នុងការទប់ស្កាត់យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស និងយានយន្តដឹកសំពីងសំពោង។
បន្ថែមពីនេះ លោកប្រធាន ក៏បានកោតសរសើរដល់អាជ្ញាធរមូលដ្ឋានដែលមានឆន្ទៈមោះមុតជួយសហការ ត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស និងយានដ្ឋានមិនមានច្បាប់អនុញ្ញាត។ ក្រុមការងារថ្នាក់ជាតិ ក៏បានស្នើដល់ក្រុមការងារខេត្តបាត់ដំបង ជួយកំណត់ទីតាំងកូអរដោណេ ចុះអនុវត្តសកម្មភាព និងបន្តសកម្មភាពក្នុងចុះត្រួតពិនិត្យឱ្យបានញឹកញាប់ ដើម្បីរក្សាសណ្តាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍ ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផងដែរ៕