ភ្នំពេញ​៖​ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ បានឱ្យដឹងថា​ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតជូនអ្នកឧកញ៉ា ហ៊ុន ឡាក់ សមាជិកក្រុមប្រឹក្សាភិបាល និងជាអគ្គលេខាធិការនៃសមាគមឧកញ៉ាកម្ពុជា ដឹកនាំគណៈប្រតិភូពីសមាគមឧកញ៉ាកម្ពុជា និងវិនិយោគិនពីប្រទេសបារាំងគឺលោក Laurent Strauch នាយកប្រតិបត្តិក្រុមហ៊ុន Smart Eden ដែលជាអ្នកទទួលទិញផលិតផលចំណីអាហារ និងកសិផលរបស់កម្ពុជានាំចេញទៅកាន់ទីផ្សារប្រទេសបារាំង និងសហគមន៍អឺរ៉ុប ឱ្យចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ​ កាលពីថ្ងៃទី​១៧​ ខែតុលា​ ឆ្នាំ​២០២៤ម្សិលមិញ​នេះ​។
ក្នុងជំនួបនាឱកាសនេះ លោកឧបនាយករដ្ឋមន្ត្រី បានបង្ហាញនូវការគាំទ្រដល់ក្រុមហ៊ុនទាំងពីរ ដែលបានរៀបចំកិច្ចសហប្រតិបត្តិការធុរកិច្ចថ្មីដោយចាប់យកការនាំចេញផលិតផលចំណីអាហារ និងកសិផលរបស់កម្ពុជា ដូចជាគ្រាប់ស្វាយចន្ទី ដំណាប់ស្វាយ ស្ករត្នោត និងម្រេចជាដើម នាំចេញទៅកាន់ទីផ្សាររបស់ប្រទេសបារាំង និងសហគមន៍អឺរ៉ុប។
លោកឧបនាយករដ្ឋមន្រ្តី បានជូនពរឱ្យកិច្ចសហប្រតិបត្តិការធុរកិច្ចនេះ សម្រេចបានជោគជ័យផ្លែផ្កា ដើម្បីចូលរួមជំរុញការនាំចេញ និងបង្កើនវត្តមានផលិតផល និងកសិផលរបស់កម្ពុជានៅក្នុងទីផ្សារអន្តរជាតិឱ្យបានកាន់តែច្រើន។
បន្ថែមពីនេះ លោកឧបនាយករដ្ឋមន្រ្តី បានលើកទឹកចិត្តឱ្យក្រុមហ៊ុនឯកជនពិនិត្យលទ្ធភាពបន្តវិនិយោគលើការកែច្នៃកសិផលផ្សេងៗទៀតដែលមានសក្ដានុពលក្នុងការនាំចេញ ដើម្បីជំរុញបង្កើតការងារក្នុងស្រុក និងប្រើប្រាស់ឱ្យអស់ពីលទ្ធភាពនូវកសិផលដែលកម្ពុជាផលិតបាន៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *