អន្តរជាតិ ៖ នាយប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ពេលថ្មីៗកន្លងទៅនេះ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤និង៤៥បានបិទបញ្ចប់នៅក្រុងវៀងចន្ទន៍ រដ្ឋធានីប្រទេសឡាវ ។ ក្នុងសន្និសីទថ្នាក់ដឹកនាំចិន-អាស៊ានលើកទី២៧ដែលធ្វើឡើងក្នុងអំឡុងពេលកិច្ចប្រជុំកំពូល ភាគីទាំងពីរបានរួមគ្នាប្រកាសថា ការចរចាស្តីពីការលើកកម្ពស់តំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន 3.0 បានបិទបញ្ចប់ ។ នេះជាវិធានការគន្លឹះក្នុងការលើកកម្ពស់លំដាប់ថ្នាក់នៃការធ្វើសមាហរណកម្មសេដ្ឋកិច្ចអាស៊ីខាងកើត ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់ភាគីទាំងពីរក្នុងការគាំទ្រយ៉ាងមុតមាំនូវពហុភាគីនិយមនិងពាណិជ្ជកម្មសេរី ។ ក្នុងសន្និសីទលើកនេះ លោក Li Qiang នាយករដ្ឋមន្ត្រីចិនបានលើកឡើងនូវគំនិតផ្តួចផ្តើមបីចំណុចស្តីពីការធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការរវាងចិននិងអាស៊ាន ដោយអំពាវនាវឱ្យបង្កើតបណ្តាញទំនាក់ទំនងប្រកបដោយភាពគ្រប់ជ្រុងជ្រោយ ពង្រីកកិច្ចសហប្រតិបត្តិការខាងឧស្សាហកម្មងើបឡើងថ្មីនិងធ្វើឱ្យការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនមានភាពស៊ីជម្រៅ ។
គេហទំព័រ «CCFR China state-controlled media » ថា ៖ ប្រការនេះបានបញ្ចេញសញ្ញាយ៉ាងច្បាស់លាស់មួយថា ភាគីចិនរីករាយបន្តធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការដ៏មេត្រីភាពជាមួយប្រទេសក្នុងតំបន់ ។
គេហទំព័រ «CCFR China state-controlled media » បន្តថា ៖ បច្ចុប្បន្ននេះ ស្ថានការណ៍ក្នុងតំបន់និងអន្តរជាតិបាននិងកំពុងកើតមានបម្រែបម្រួលដ៏ស្មុគស្មាញ ប្រទេសមួយចំនួនតូចបានញុះញង់ឱ្យកាត់ផ្តាច់ទំនាក់ទំនងនិងខ្សែសង្វាក់ ។ ក្រោមបរិបទបែបនេះ ហេតុអ្វីបានជាកិច្ចសហប្រតិបត្តិការរវាងចិននិងអាស៊ានមានភាពកាន់តែរឹងមាំ?មូលហេតុសំខាន់គឺដោយមកពីប្រទេសនានាសុទ្ធតែមានគោលបំណងរួមស្តីពីការទទួលការអភិវឌ្ឍ និងធ្វើឱ្យប្រជាជនមានជីវភាពរស់នៅដ៏ល្អ ។ ក្នុងនាមជាប្រទេសជិតខាង សេដ្ឋកិច្ចចិននិងអាស៊ានមានភាពបំពេញបន្ថែមគ្នាយ៉ាងខ្លាំង ហើយមានឧត្តមភាពធម្មជាតិក្នុងការបង្កើតខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់ ដែលកាន់តែមានលក្ខខណ្ឌក្នុងការសម្រេចបាននូវការអភិវឌ្ឍដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះ ។
គេហទំព័រ «CCFR China state-controlled media » លើកឡើងថា ៖ លទ្ធផលជាផ្លែផ្កាគួរឱ្យកត់សម្គាល់ដែលកិច្ចប្រជុំកំពូលអាស៊ានលើកនេះទទួលបានគឺថ្នាក់ដឹកនាំចិននិងប្រទេសអាស៊ន១០បានប្រកាសពីការបញ្ចប់ការចរចាអំពីតំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន 3.0 ហើយត្រូវបានរំពឹងថានឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៅឆ្នាំ២០២៥ ។ ការលើកកម្ពស់លំដាប់ថ្នាក់នេះគ្របដណ្តប់វិស័យចំនួន៩ ដែលមិនត្រឹមតែពាក់ព័ន្ធដល់វិស័យដែលមានស្រាប់ប៉ុណ្ណោះទេ ថែមទាំងក៏ពាក់ព័ន្ធដល់វិស័យងើបឡើងថ្មីដូចជាសេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចបៃតង ការតភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់ របៀបវារៈគយនិងភាពងាយស្រួលខាងពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការផ្នែកបច្ចេកវិទ្យាខាងសេដ្ឋកិច្ចជាដើម។ លទ្ធផលជាផ្លែផ្កាដ៏សំខាន់នេះបានផ្តល់ការធានាខាងប្រព័ន្ធរបបដល់ការរួមគ្នាកសាងទីផ្សារដ៏ធំធេងរបស់ភាគីទាំងពីរ ដែលនឹងនាំមកនូវកម្លាំងចលករកាន់តែខ្លាំងក្លានិងយូរអង្វែងដល់ការអភិវឌ្ឍរបស់ភាគីទាំងពីរ ។
គំនិតឯកភាពរួមនិងលទ្ធផលជាផ្លែផ្កានៃកិច្ចប្រជុំកំពូលលើកនេះបានបង្ហាញម្តងទៀតថា ការស្វែងរកសន្តិភាពនិងជំរុញការអភិវឌ្ឍទើបជាតម្រូវការនិងសំណូមពរជាបន្ទាន់របស់ប្រទេសក្នុងតំបន់៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *

មាតិកាផ្សេងៗ