ភ្នំពេញ ៖ មហាព្រឹត្តិការណ៍ការងារដ៏ធំប្រចាំឆ្នាំ គឺពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៤ គ្រោងនឹងប្រព្រឹត្តិធ្វើរយៈពេល២ថ្ងៃ គឺនៅថ្ងៃសៅរ៍ អាទិត្យ ទី២៦-២៧ ខែតុលា ឆ្នាំ២០២៤ ដោយផ្តល់ឱកាសការងារជាង ៣ម៉ឺនកន្លែងពីក្រុមហ៊ុនរោងចក្រ និងសហគ្រាសធំៗចំនួន ១៥០ នៅអគារពិព័រណ៍កោះពេជ្រ។

យោងតាមមន្រ្តីទីភ្នាក់ងារជាតិ មុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា ពិព័រណ៍ការងារថ្នាក់ជាតិឆ្នាំនេះ គឺមានកិច្ចសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ សមាគមវាយនភណ្ឌសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរកម្ពុជា (TAFTAC) មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) និងក្រោមការគាំទ្រដោយអង្គការអន្តរជាតិខាងការងារ (ILO)។ 

ក្នុងព្រឹត្តិការណ៍រយៈពេល២ថ្ងៃនេះ ក្រៅពីផ្តល់ឱកាសការងារដល់សិស្សនិស្សិត និងអ្នកស្វែងរកការងារធ្វើចំនួនជាង៣ម៉ឺនកន្លែងហើយ ក៏មានរួមបញ្ចូលសិក្ខាសាលា ដើម្បីលើកកម្ពស់ការយល់ដឹង និងបំផុសគំនិតទាក់ទងនឹងផលិតភាពការងារ តាមរយៈការចែករំលែកចំណេះដឹង បទពិសោធន៍ល្អៗ និងគន្លឹះសំខាន់ៗពីសំណាក់វាគ្មិនជំនាញៗ និងផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងពីសារសំខាន់ នៃការបង្កើនផលិតភាពការងារ និងសហគ្រិនភាព បញ្ហាប្រឈម នៃផលិតភាព និងបង្ហាញពីការវិវត្តបច្ចេកវិទ្យាថ្មីៗ ដែលប្រទេសជឿនលឿន និងប្រទេសកំពុងអភិវឌ្ឍមួយចំនួនប្រើប្រាស់ដើម្បីគ្រប់គ្រងការងារ និងខ្សែសង្វាក់ផលិតកម្ម ជាពិសេសបំផុសស្មារតី និងពង្រីកប្រសិទ្ធភាពការងារក្នុងបរិបទការងារតាមគន្លងប្រក្រតីថ្មី។ 

យ៉ាងណាក៏ដោយសម្រាប់ឆ្នាំ២០២៤នេះ ជាមួយនឹងការផ្តល់ឱកាសការងារជាង ៣ម៉ឺនកន្លែង ពីក្រុមហ៊ុនសហគ្រាសប្រមាណ ១៥០ ទីភ្នាក់ងារជាតិមុខបរ និងការងារ រំពឹងថា នឹងមានអ្នកចូលរួមប្រមាណ ៤ម៉ឺននាក់ ដូច្នេះសម្រាប់យុវជន សិស្ស និស្សិត និងអ្នកកំពុងស្វែងរកការងារ សូមកុំភ្លេចចូលរួមក្នុងព្រឹត្តិការណ៍ថ្នាក់ជាតិនេះ ដើម្បីទទួលបានឱកាសការងារដែលខ្លួនប៉ងប្រាថ្នា៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *

មាតិកាផ្សេងៗ