ខេត្តបាត់ដំបង ៖ ផ្តើមចេញពីសេចក្តីណែនាំរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ស្តីពីការចាត់វិធានការធានាស្ថិរភាពសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៤ ក៏ដូចផែនការណែនាំរបស់រដ្ឋបាលខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានដាក់ចេញនូវវិធានការលំអិត ក្នុងកិច្ចប្រជុំរួមលើការងារនេះ ទៅដល់កងកម្លាំងនគរបាលទាំងអស់ ចំណុះស្នងការដ្ឋានដោយយកអស់កម្លាំងកាយ កម្លាំងចិត្ត ធ្វើការសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ប្រជាការពារ រួមទាំងមហាជនទូទៅផង ធ្វើយ៉ាងណារក្សាឱ្យបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គមជូនប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ អញ្ជើញមកកាន់ខេត្តបាត់ដំបង ក្នុងឱកាសពិធីបុណ្យនេះ ចាប់ពីថ្ងៃដំបូងនៃការចាប់ផ្តើម រហូតដល់ថ្ងៃចុងក្រោយ នៃពិធីបុណ្យ គឺថ្ងៃភ្ជុំបិណ្ឌប្រកបដោយសុខសុវត្ថិភាព។
ក្នុងរយៈពេលនេះប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ លោកអញ្ជើញទៅកាន់ទីអារាម និងទីរម្មណីយ៍ដ្ឋាននានាក្នុងខេត្តបាត់ដំបងប្រកបដោយសុខសុវត្ថិភាព សប្បាយរីករាយហើយតាមរយៈនេះកត់សម្គាល់ ដូចខាងក្រោម៖
– ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មានវត្តមានចំនួន ១៣១,០៤១នាក់ ក្នុងថ្ងៃទី១ និងទី ២ខែតុលាឆ្នាំ២០២៤។ ដោយឡែកចំពោះករណីបទល្មើសព្រហ្មទណ្ឌជាបទឧ-ក្រិ-ដ្ឋ បានកត់សម្គាល់ឃើញកើតឡើង ចំនួន ៨លើក តែត្រូវសមត្ថកិច្ច បង្រ្កាបបានទាំង ៨លើក ឃាត់ខ្លួន មនុស្សចំនួន ១៨នាក់ បញ្ជូនទៅអនុវត្តទោសតាមផ្លូវច្បាប់។
រីឯបទល្មើសមជ្ឈឹមមាន ចំនួន ៥លើក ត្រូវសមត្ថកិច្ចបង្រ្កាបបានទាំង ៥លើក ឃាត់ខ្លួនមនុស្ស ចំនួន ១៥នាក់ បញ្ជូនទៅអនុវត្តទោសតាមផ្លូវច្បាប់។
ចំពោះការណីគ្រោះថ្នាក់ចរាចរណ៍កើត ចំនួន ១លើក រវាងរថយន្ត និងអ្នកថ្មើជើងបណ្តាលឱ្យស្លាប់ ចំនួន ១នាក់ ហើយចំពោះករណីអគ្គិភ័យ គឺមិនមានកើតឡើងនោះទេ។
តាមរយៈលទ្ធផលខាងលើពិតជាបានមកដោយការខិតខំប្រឹងប្រែងព្យាយាម តស៊ូ អនុវត្តទាំងយប់ ទាំងថ្ងៃ របស់កងកម្លាំងនគរបាល សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន កងប្រជាការពារ រួមទាំងមហាជនទូទៅផង បានចូលរួមសហការតាមការអំពាវនាវ របស់សមត្ថកិច្ចដោយផ្ទាល់ និងតាមរយៈបណ្តាញទំនាក់ទំនងសង្គមមានផេកហ្វេសប៊ុកផ្លូវការរបស់ស្នងការដ្ឋាន ជាដើមទើបទទួលបាននូវលទ្ធផលល្អប្រសើរបែបនេះ។
ក្នុងនាមថ្នាក់ដឹកនាំស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះការចូលរួមសហការអនុវត្តនូវភារកិច្ចនេះពីកងកម្លាំងនគរបាលគ្រប់រូប សមត្ថកិច្ចពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន កងប្រជាការពារ ការចូលរួមពីមហាជនទូទៅ ភ្ញៀវជាតិ អន្តរជាតិ រួមទាំងមានចំណែកពីព្រះសង្ឃគណៈកម្មការ អាចារ្យនៅគ្រប់ទីអារាមនានាផងទើបទទួលបាន នូវសមិទ្ធផលល្អប្រសើរបែបនេះ៕