ខេត្តកោះកុង ៖ លោក ផន រឹម អ្នកនាំពាក្យ និងជា អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និង ដឹកជញ្ជូន នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ បានបណ្ជាក់ឱ្យដឹងថា ៖ ចំណោតតាប៉ន ,ចំណុចបង្គោលអង់តែន៣ដើម និងចំណោតហួសអាស្រមលោកយាយម៉ៅ នៃគម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ត្រូវបានកៀរ ជួសជុល កែលម្អ ឱ្យកាន់តែងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរ ក្នុង ឱកាសបុណ្យទានកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ខណៈដែលការដ្ឋានកំពុងដំណើរការយ៉ាងមមារញឹក។
មកទល់ពេលនេះ ភ្លៀងបានថមថយខ្លះហើយ ដែលអំណោយផលដល់ការដ្ឋានផ្លូវជាតិលេខ ៤៨ ពិសេសចំណោតប៉ុន្មានកន្លែងពិបាលក្នុងការធ្វើដំណើរ ជាពិសេសពេលភ្លៀងធ្លាក់ជោគជាំ។
ខ្ញុំបាទសូមអំពាវនាវដល់អ្នកប្រើប្រាស់ដងផ្លូវជាតិលេខ៤៨(ស្រែអំបិល-កោះកុង) ជាពិសេសរថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ សូមមានការប្រុងប្រយ័ត្នខ្ពស់ និងមេត្តាកុំដឹកធ្ងន់ពេក ដោយសារអំឡុងពេលនេះជារដូវវស្សាផ្លូវរអិល ពិបាកធ្វើដំណើរ ជាពិសេសកន្លែងឡើងទូល និងចុះចំណោត។
ចំពោះរថយន្តឈ្នួល(TAXI) និងអ្នកធ្វើដំណើរផ្សេងទៀត ក៏ត្រូវបើកបរក្នុងល្បឿនមួយអាចគ្រប់គ្រងបាន ធានាសុវត្ថិភាពខ្លួនឯង និងអ្នកដទៃ។
លោក ផន រឹម អ្នកនាំពាក្យ និងជា អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និង ដឹកជញ្ជូន បន្តថា ៖ ខ្ញុំបាទសុំការយោគយល់ និងអធ្យាស្រ័យខ្ពស់ ពីសំណាក់បងប្អូនប្រជាពលរដ្ឋអ្នកធ្វើដំណើរ និងប្រជាពលរដ្ឋរស់នៅតាមសងខាងផ្លូវដែលកំពុងសាងសង់ និងលើកកម្រិតគុណ ដោយមានកំណាត់ផ្លូវខ្លះ ត្រូវកែសម្រួលឱ្យកាន់តែប្រសើរឡើង និងមានសភាពបែកភក់ រអិលពិបាកធ្វើដំណើរ និងរំខានដល់ការរស់នៅ ប្រកបអាជីវកម្មប្រចាំថ្ងៃ ក្នុងដូវរវស្សាភ្លៀកធ្លាក់ជោគជាំនេះ ជាពិសេសនៅចំណុចចំណោតតាប៉ន ត្រង់គីឡូម៉ែតលេខ ១៤០ +៣០០-១៤០+៧០០ និងចំណុចបង្គោលអង់តែន៣ដើម ត្រង់គីឡូម៉ែត្រលេខ ១៣៧ -១៤០។
ក្រុមការងារការដ្ឋានតែងអន្តរាគមន៍បន្ទាប់ និងដោះស្រាយជាបណ្តោះអាសន្ន ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងបញ្ចៀសគ្រោះថ្នាក់ដោយប្រការយថាហេតុណាមួយពេលរអិលខ្លាំង។
គួរបញ្ជាក់ថា គិតត្រឹមដើមបំណាច់ខែកញ្ញា ឆ្នាំ២០២៤នេះ គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ប្រវែងសរុប១៤៨ គីឡូម៉ែត្រ ចាប់ពីចំណុចប្រសព្វផ្លូវជាតិលេខ៤ ដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង សម្រេចវឌ្ឍនភាពបាន ៦៥,០៦%ហើយ។
បច្ចុប្បន្ននេះ ក្រុមការងារកំពុងដំណើរការយ៉ាងមមាញឹកលើការងារអ៊ុត AC និងការងារ Base Course ជាអតិប្បរមា ព្រមទាំងការងារ Structure ត្រូវអ៊ុត AC បញ្ចប់នៅរដូវប្រាំងឆ្នាំ២០២៥ខាងមុខនេះហើយ៕