សារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី២៨ ខែកញ្ញា ឆ្នាំ២០២៤ បានផ្សាយថា សហរដ្ឋអាមេរិកនិងអ៉ីរ៉ាក់ បានប្រកាសក្នុងសេចក្តីថ្លែងការណ៍រួមមួយ កាលពីថ្ងៃសុក្រសប្តាហ៍នេះថា បេសកកកម្មយោធារបស់ក្រុមចម្រុះអន្តរជាតិ ដែលដឹកនាំដោយអាមេរិក នៅក្នុងប្រទេសអ៉ីរ៉ាក់ នឹងត្រូវបិទបញ្ចប់ត្រឹមខែកញ្ញា ឆ្នាំ២០២៥ ហើយនឹងមានការធ្វើអន្តរកាលទៅរក ភាពជាដៃគូសន្តិសុខក្រោមក្របខណ្ឌទ្វេភាគីវិញ។សព្វថ្ងៃ អាមេរិកមានកងទ័ពប្រហែល២,៥០០នាក់នៅអ៉ីរ៉ាក់ និង៩០០នាក់ទៀត នៅប្រទេសក្បែរខាងគឺស៉ីរី ក្រោមក្របខណ្ឌនៃក្រុមចម្រុះអន្តរជាតិ ដែលត្រូវបានបង្កើតឡើង កាលពីឆ្នាំ២០១៤ ដើម្បីប្រយុទ្ធជាមួយក្រុមភេរវករ ISIS ដែលបានកើនឡើងឥទ្ធិពលយ៉ាងខ្លាំង នៅក្នុងប្រទេសទាំងពីរនេះ។ សេចក្តីថ្លែងការណ៍រួមខាងលើ មិនបានផ្តល់ខ្លឹមសារលម្អិត ច្រើនឡើយ រួមមានទាំងចំនួនកងទ័ព ដែលនឹងត្រូវដកចេញពីអ៉ីរ៉ាក់។ មន្រ្តីជាន់ខ្ពស់អាមេរិកមួយរូប បានប្រាប់ក្រុមអ្នកសារព័ត៌មានថា នេះមិនមែនជាការដកកងទ័ពទាំងស្រុងទេ ប៉ុន្តែជាការធ្វើអន្តរកាលពីបេសកកម្មយោធាចម្រុះ ទៅជាទំនាក់ទំនងសន្តិសុខក្រោមក្របខណ្ឌទ្វេភាគី រវាងអាមេរិកនិងអ៉ីរ៉ាក់។
កាលពីដើមខែកញ្ញានេះ ទីភ្នាក់ងារព័ត៌មាន Reuters ក៏ធ្លាប់បានរាយការណ៍ដែរថា កិច្ចព្រមព្រៀងខាងលើ នឹងមើលឃើញកងទ័ពខ្ទង់រាប់រយ ត្រូវដកចេញពីអ៉ីរ៉ាក់ នៅត្រឹមខែកញ្ញា ឆ្នាំ២០២៥ ហើយនៅសល់ប៉ុន្មានទៀត នឹងត្រូវចាកចេញនៅត្រឹមចុងឆ្នាំ២០២៦។ នៅក្រោមផែនការនោះ កងកម្លាំងយោធាចម្រុះទាំងអស់ ដែលដកចេញពីមូលដ្ឋាន Ain al-Asad នៅខេត្ត Anbar ភាគខាងលិច ហើយកាត់បន្ថយវត្តមានមកនៅតិចតួចប៉ុណ្ណោះ ក្នុងរដ្ឋធានីបាកដាដ ត្រឹមខែកញ្ញា ឆ្នាំ២០២៥។ កងទ័ពអាមេរិក និងកងទ័ពដទៃទៀតរបស់ក្រុមចម្រុះ ត្រូវបានរំពឹងថា នឹងបន្តឈរជើងនៅទីក្រុង Erbil ក្នុងតំបន់ឃើដអ៉ីរ៉ាក់។ ប្រទេសដទៃទៀត រួមមានទាំងអាល្លឺម៉ង់ បារាំង អេស៉្បាញ និងអ៉ីតាលី សុទ្ធតែមានកងទ័ពរាប់រយនាក់ នៅក្នុងក្រុមយោធាចម្រុះនេះ។
នាយករដ្ឋមន្រ្តីអ៉ីរ៉ាក់ លោក Mohammed Shia al-Sudani បានផ្តួចផ្តើមកិច្ចពិភាក្សាស្តីពីបញ្ហាខាងលើ កាលពីដើមឆ្នាំនេះ។ លោកធ្លាប់បាននិយាយថា ស្របពេលដែលលោក អរគុណការជួយរបស់អាមេរិក កងទ័ពអាមេរិកបានក្លាយប្រៀបដូចជា មេដែកមួយយ៉ាងដូច្នោះ សម្រាប់អស្ថិរភាព ដោយជារឿយៗស្ថិតក្រោមគោលដៅ នៃការវាយប្រហាររបស់គេ និងជាញឹកញាប់ បានវាយប្រហារឆ្លើយតបទៅវិញ ដោយពុំមានការសហការសម្របសម្រួលជាមួយ រដ្ឋាភិបាលអ៉ីរ៉ាក់ នោះឡើយ។ បើតាមក្រុមមន្រ្តីអាមេរិក បេសកកម្មរបស់អាមេរិក នៅប្រទេសស៉ីរី នឹងបន្តដដែល៕ ដោយ៖ ធីរីណា