តៃវ៉ាន់៖ នៅថ្ងៃព្រហស្បតិ៍ទី២៦កញ្ញា ប្រព័ន្ធផ្សព្វផ្សាយជប៉ុន បានរាយការណ៍ថា ជប៉ុនបានបញ្ជូននាវាចម្បាំង១គ្រឿង ឱ្យធ្វើដំណើរឆ្លងកាត់ ច្រកសមុទ្រតៃវ៉ាន់ ជាលើកដំបូងបំផុត ជាមួយនាវាចម្បាំងមកពីអូស្ត្រាលី និងនូវែលសេឡង់ ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Al Jazeera នាថ្ងៃព្រហស្បតិ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០២៤។ប្រព័ន្ធផ្សព្វផ្សាយជប៉ុន រួមមាន NHK និង Yomiuri Shimbun បាននិយាយថា កាលពីថ្ងៃពុធសប្តាហ៍នេះ នាវាចម្បាំងជប៉ុន Sazanami បានបើកឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់រួមគ្នា ជាមួយនាវាយោធាមកពីប្រទេសអូស្ត្រាលី និងនូវែលសេឡង់ ស្របពេលប្រទេសទាំង៣ គ្រោងនឹងរៀបចំការធ្វើសមយុទ្ធយោធារួម នៅតំបន់សមុទ្រចិនខាងត្បូង ដែលមានបញ្ហាវិវាទ។ ខាងកងទ័ពជើងទឹកនូវែលសេឡង់ ក៏បានទទួលស្គាល់ដែរថា នាវារបស់ខ្លួន Aotearoa បានបើកឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ជាមួយនាវា Sydney របស់កងទ័ពជើងទឹកអូស្ត្រាលី។
ខណៈវាគឺជាការបើកឆ្លងកាត់ជាលើកដំបូងបង្អស់សម្រាប់ជប៉ុន វាជាលើកទី១ សម្រាប់នូវែលសេឡង់ គិតក្នុងរយៈពេល៧ឆ្នាំ។ ចំណែកអូស្ត្រាលីវិញ គឺធ្លាប់បានបញ្ជូននាវាចម្បាំង ធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ កាលពីចុងឆ្នាំ២០២៣។ ការបើកឆ្លងកាត់ដោយនាវាយោធារបស់ប្រទេសទាំង៣ កើតមានឡើងនៅ១សប្តាហ៍ បន្ទាប់ពីនាវាផ្ទុកយន្តហោះចម្បាំងចិន Liaoning បានធ្វើដំណើរជាលើកដំបូងឌឺជប៉ុនដោយបើក ឆ្លងកាត់កោះចំនួន២របស់ជប៉ុន នៅក្បែរកោះតៃវ៉ាន់។សកម្មភាពនេះត្រូវបានមើលឃើញថាទីតាំងតំបន់ខាងលើចាប់ផ្តើមឡើងកំដៅខាងយោធាប្រសិនបើភាគីណាមួយគ្មានការអត់ធ្មត់។
គួរបញ្ជាក់ថា ចិនចាត់ទុកកោះតៃវ៉ាន់ ជាផ្នែកនៃទឹកដីរបស់ខ្លួន ដូច្នេះហើយ ច្រកសមុទ្រតៃវ៉ាន់ ក៏ត្រូវបានចាត់ទុកថា ស្ថិតនៅក្រោមយុត្តាធិការរបស់ប្រទេសចិនផងដែរ។ យ៉ាងណាមិញ សហរដ្ឋអាមេរិក និងតៃវ៉ាន់ បានប្រកែកថា វាគឺជាផ្លូវទឹកអន្តរជាតិ។ អាមេរិកព្រមទាំងសម្ព័ន្ធមិត្តរបស់ខ្លួន បានចល័តនាវាចម្បាំងជារឿយៗ ឆ្លងកាត់ច្រកសមុទ្រនេះ។ កាលពីខែសីហាកន្លងទៅ អាល្លឺម៉ង់បានបញ្ជូននាវាចម្បាំង២គ្រឿង ធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ជាលើកដំបូង គិតក្នុងរយៈពេល២ទសវត្សរ៍៕