ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញពីការគាំទ្រ និងលើកទឹកចិត្តឱ្យមានការរៀបចំបាឋកថា ដើម្បីពង្រីកការស្វែងយល់ទាក់ទិននឹងគោលនយោបាយដីធ្លី និងការចុះបញ្ជីដីធ្លីនៅកម្ពុជា ជាប្រយោជន៍ក្នុងការកសាងប្រទេសជាតិឱ្យបានល្អប្រសើរ។
នេះជាប្រសាសន៍លើកឡើងរបស់ លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ក្នុងឱកាសអញ្ជើញជាអធិបតីបាឋកថា ស្ដីពីគោលនយោបាយដីធ្លី និងការចុះបញ្ជីដីធ្លីនៅកម្ពុជា ជូនដល់កម្មសិក្សាការី សិក្ខាកាមឆ្នាំ២០២៤ នៃសាលាភូមិន្ទរដ្ឋបាល នាព្រឹកថ្ងៃទី១៩ ខែកញ្ញាឆ្នាំ២០២៤ ។
លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក៏បានអបអរសាទរ និងកោតសរសើរចំពោះកម្មសិក្សាការី សិក្ខាកាមឆ្នាំ២០២៤នៃសាលាភូមិន្ទរដ្ឋបាលទាំងអស់ ដែលបានជ្រើសរើសអាជីពជាមន្ត្រីរាជការស៊ីវិលក្នុងជីវិតរបស់ខ្លួន ដែលទាមទារនូវការលះបង់ទាំងពេលវេលា កម្លាំងកាយចិត្ត និងកម្លាំងប្រាជ្ញា ដើម្បីធ្វើយ៉ាងណាបម្រើឧត្តមប្រយោជន៍ដល់ប្រទេសជាតិ និងផ្ដល់នូវសេចក្តីសុខសុភមង្គលជូនដល់ប្រជាជនកម្ពុជាគ្រប់រូប។
លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថាការចុះបញ្ជីដីធ្លី និងចេញបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ គឺដើម្បីបញ្ចប់វិវាទដីធ្លី និងភាពចម្រូងចម្រាស់នៅទូទាំងប្រទេស ផ្ដល់សុវត្ថិភាពក្នុងការកាន់កាប់ដីធ្លីស្របច្បាប់ បង្កើនតម្លៃដីធ្លី ជាទ្រព្យសម្រាប់កសាងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងជំនាន់នេះនិងជំនាន់ក្រោយៗទៀត។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលការណ៍ និងទស្សនៈវិស័យក្នុងវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សំរាប់ប្រជាជាតិកម្ពុជា ដោយធ្វើយ៉ាងណាជំរុញការងារចុះបញ្ជីដីធ្លីបង្ហើយឱ្យបានចប់សព្វគ្រប់ រៀបចំទីក្រុងទីប្រជុំជនឱ្យបានល្អ ក្លាយជាភូមិឋានក្សេមក្សាន្ត ផ្ដល់ទ្រនំសុភមង្គលសម្រាប់ប្រជាពលរដ្ឋគ្រប់រូប ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ថា សុភមង្គលរបស់សង្គមជាតិទាំងមូលគឺជាសុភមង្គលរបស់ខ្លួនយើងផ្ទាល់ ។
សូមបញ្ជាក់ថា មកទល់ពេលនេះ ក្បាលដីដែលបានវាស់វែងរួចមានប្រមាណជាង ៧លាន ៥សែនក្បាលដី និងនៅសល់ប្រមាណជាង ១លានក្បាលដីទៀតប៉ុណ្ណោះ មុននឹងបញ្ចប់ការវាស់វែងដីធ្លីទាំងស្រុងនៅទូទាំងប្រទេស៕