សារព័ត៌មាន Reuters បានដកស្រង់សម្តីលោក Jake Sullivan ជាទីប្រឹក្សាសន្តិសុខពិសេសរបស់សេតវិមាន ដែលបានបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កំពុងទន្ទឹងរង់ចាំកិច្ចពិភាក្សាស្ដីពីយុទ្ធសាស្ត្រសង្រ្គាមរបស់អ៊ុយក្រែន ជាមួយលោកប្រធានាធិបតី វ៉ូឡូឌីមៀរ ហ្សេលេនស្គី ក្នុងខែកញ្ញានេះ ខណៈទីក្រុងវ៉ាស៊ីនតោនត្រៀមផ្ដល់កញ្ចប់ជំនួយយោធាថ្មីសម្រាប់ទីក្រុងកៀវ។
លោក ហ្សេលេនស្គី បាននិយាយថាលោកផ្ទាល់មានបំណងធ្វើបទបង្ហាញពី «ផែនការជ័យជម្នះមួយ» ដែលអាចនឹងជំរុញឱ្យរុស្ស៉ីបិទបញ្ចប់សង្រ្គាមរបស់ខ្លួននៅអ៊ុយក្រែន តាមមធ្យោបាយការទូត ទៅកាន់លោក បៃដិន និងបេក្ខប្រធានាធិបតីទាំង២រូប គឺលោកស្រី កាម៉ាឡា ហារីស និងលោក ដូណាល់ ត្រាំ។ តាមទីប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក Jake Sullivan សហរដ្ឋអាមេរិកមានបំណងត្រៀមកញ្ចប់ជំនួយយោធាថ្មីដ៏សំខាន់មួយ នៅដំណាច់ខែកញ្ញានេះ ខណៈកំពុងព្យាយាមរិះរកវិធីជួយអ៊ុយក្រែនទប់ស្កាត់កុំឱ្យរុស្ស៉ីទទួលបានជោគជ័យ ក្នុងតំបន់ ភាគខាងកើតរបស់អ៊ុយក្រែន។
បច្ចុប្បន្ន កងកម្លាំងរុស្ស៉ុីកំពុងមានភាពរីកចម្រើនទៅមុខនៅក្នុងតំបន់ភាគខាងកើតរបស់អ៊ុយក្រែន ជាពិសេសគឺការវាយរុលទៅមុខឆ្ពោះទៅកាន់ទីក្រុង Pokrovsk ហើយបានវាយដណ្ដើមភូមិជាបន្តបន្ទាប់នៅជុំវិញទីក្រុងយុទ្ធសាស្ត្រដ៏សំខាន់មួយនេះ៕ ដោយ៖ ធីរីណា