ភ្នំពេញ៖ គ្រឹះស្ថានអង្គរ បានចេញសេចក្តីជូនដំណឹង ស្តីពី ការកែសម្រួលប្រតិបត្តិការលក់បណ្ណ និងត្រួតពិនិត្យបណ្ណរបស់គ្រឹះស្ថានអង្គរចំពោះភ្ញៀវទេសចរណ៍អន្តរជាតិ។សេចក្ដីជូនដំណឹងចេញ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤របស់គ្រឹះស្ថានអង្គរ បានឲ្យដឹងថា ដើម្បីសម្រួលដល់ភ្ញៀវទេសចរបរទេស មកទស្សនារមណីយដ្ឋានអង្គរ ឲ្យកាន់តែប្រសើរឡើង រាជរដ្ឋាភិបាល នឹងប្រកាសដាក់ឲ្យអនុវត្តការកែទម្រង់ ប្រតិបត្តិការលក់បណ្ណ និងការត្រួតពិនិត្យបណ្ណរបស់គ្រឹះស្ថានអង្គរ នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ ។ការកែទម្រង់ដំណាក់កាលទី១នេះ មានដូចខាងក្រោម៖លុបចោលទាំងស្រុងនូវព័ត៌មានតម្រូវពីភ្ញៀវទេសចរអន្តរជាតិ ដូចជា រូបថត សញ្ជាតិ ក្រុមអាយុ និងភេទ សម្រាប់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ រយៈពេល ០១ថ្ងៃ សម្រាប់បណ្ណទស្សនា រយៈពេល៣ថ្ងៃ និង៧ថ្ងៃ រក្សារូបថត និងលុបចោលនូវព័ត៌មាន សញ្ជាតិ ក្រុមអាយុ និងភេទ ដោយអនុវត្តរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។ ផ្លាស់ប្តូរការត្រួតពិនិត្យបណ្ណ ពីរមណីយដ្ឋានអង្គរទាំងមូល មកធ្វើការត្រួតពិនិត្យនៅតាមច្រកចូល ប្រាសាទវិញវិញ។
គ្រឹះស្ថានអង្គរ បានឲ្យដឹងទៀតថា ក្នុងន័យដូចបានជម្រាបជូនខាងលើ សូមគ្រប់ប្រតិបត្តិករទេសចរណ៍ទាំងអស់ ដែលមានភ្ញៀវទេសចរអន្តរជាតិ បានធ្វើការកក់ (Booking) រួចហើយ នូវបណ្ណរយៈពេល៣ថ្ងៃ និង៧ថ្ងៃ ត្រូវផ្តល់នូវចំនួនភ្ញៀវទេសចរដែលបានកក់រួចនេះ មកគ្រឹះស្ថានអង្គរឲ្យបានមុនថ្ងៃប្រកាសដាក់ឲ្យអនុវត្តដំណាក់កាលទី១ នៃការកែទម្រង់ខាងលើនេះ ដើម្បីឲ្យគ្រឹះស្ថានអង្គរ អាចរក្សាចំនួនបណ្ណសម្រាប់លក់ជូន ដោយតម្រូវឲ្យមានរូបថតដូចមុន។
គ្រឹះស្ថានអង្គរ បានបញ្ជាក់ថា ចំពោះការកែទម្រង់ដំណាក់កាលទី២ នៃការលក់បណ្ណតាមប្រាសាទ រាជរដ្ឋាភិបាលគ្រោងនឹងប្រកាសដាក់ឲ្យអនុវត្ត នៅដើមឆ្នាំ២០២៥ ខាងមុខនេះ។កន្លងមក គ្រឹះស្ថានអង្គរ បានតម្រូវឲ្យអ្នកទេសចរអន្ដរជាតិទិញសំបុត្រ នៅពេលពួកគាត់ជិះកាត់តាមផ្លូវនៅក្នុងរមណីយដ្ឋានអង្គរ ប៉ុន្ដែត្រូវបានកែប្រែគឺពួកគាត់អាចជិះតាមផ្លូវកាត់ប្រាសាទដោយមិនមានការត្រួតពិនិត្យសំបុត្រទៀតឡើយ ពោលមិនតម្រូវឲ្យពួកគាត់ទិញសំបុត្រដូចមុនឡើយ លើកលែងតែពួកគាត់ចូលទស្សនាប្រាសាទ។
គ្រឹះស្ថានអង្គរ មានគម្រោងដាក់ម៉ាស៊ីនស្វ័យប្រវត្ដិ លក់សំបុត្រឱ្យភ្ញៀវទេសចរអន្ដរជាតិ នៅជិតប្រាសាទក្នុងរមណីយដ្ឋានអង្គរ ដើម្បីងាយស្រួលដល់ឱ្យភ្ញៀវទេសចរដែលមិនបានទិញសំបុត្រតាមអនឡាញ ឬទិញនៅគ្រឹះស្ថានអង្គរ ដែលកិច្ចការនេះ នឹងចាប់ពីដើមខែតុលាខាងមុខនេះ។ទន្ទឹមនឹងនេះ គ្រឹះស្ថានអង្គរ គ្រោងរៀបចំការលក់សំបុត្រជាក្រុមប្រាសាទ ដើម្បីឱ្យភ្ញៀវទេសចរងាយស្រួលទស្សនា ចំណាយតិច ចំពេញពេលវេលា និងបង្កើនប្រាក់ចំណូលដល់ជាតិផងដែរ៕