ប្រទេស​បារាំង​៖ ប្រទេស​បារាំង​មាន​នាយករដ្ឋមន្ត្រី​ថ្មី​ហើយ ក្រោយពី​អតីត​ប្រមុខ​រដ្ឋាភិបាល​វ័យក្មេង​លោក ហ្កា​ប្រ៊ី​យែ​ល អាត​តា​ល់ បាន​លា​ចុះ​ពី​តំណែង​។ លោក អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង ប្រធានាធិបតី​បារាំង បានសម្រេច​ចិត្ត​តែងតាំង លោក មី​ស្ហែ​ល បា​ញេ ឲ្យ​ធ្វើជា​នាយករដ្ឋមន្ត្រី​ថ្មី ដើម្បី​ឲ្យ​រៀបចំ​គណៈរដ្ឋមន្ត្រី និង​ដឹកនាំ​រដ្ឋាភិបាល ដើម្បី​បម្រើ​ផល ប្រយោជន៍​ជាតិ​។ក្រឹត្យ​ប្រធានាធិបតី​បារាំង ចុះ​ថ្ងៃ​ព្រហស្បតិ៍ ទី​៥​កញ្ញា បាន​តម្រូវ​ឲ្យ​អ្នកនយោបាយ​ស្តាំនិយម មី​ស្ហែ​ល បា​ញេ រៀបចំ​សមាជិក​រដ្ឋាភិបាល និង​ប្រមូល​ផ្តុំគ្នា​ធ្វើការ​ឲ្យ​ស្រុះស្រួល​គ្នា ដើម្បី​បុព្វហេតុ​បម្រើប្រជាជន និង​ប្រទេសជាតិ​បារាំង​។ តើ​ប្រមុខ​រដ្ឋាភិបាល​បារាំង​ថ្មី​មាន​ប្រវត្តិ​នយោបាយ​បែបណា​? ។​ក្នុង​វ័យ ៧៣ ឆ្នាំ លោក មី​ស្ហែ​ល បា​ញេ បាន​ក្លាយជា​នាយករដ្ឋមន្ត្រី​ចាស់​ជាងគេ នៅក្នុង​ប្រវត្តិសាស្ត្រ​របប​សាធារណរដ្ឋ​បារាំង​ទី​៥ ដែល​ត្រូវ​មក​ជំនួយ​តំណែង​នាយករដ្ឋមន្ត្រី​ក្មេង​ជាងគេ លោក ហ្កា​ប្រ៊ី​យែ​ល អាត​តា​ល់ អាយុ​៣៥​ឆ្នាំ​។​

​ជា​ជន​ស្តាំនិយម លោក​មី​ស្ហែ​ល បា​ញេ​ជា​អ្នកនយោបាយ​ចាស់វស្សា ធ្លាប់បាន​ធ្វើជា​រដ្ឋមន្ត្រី​ច្រើនដង​រួចមកហើយ​។ លោក​ធ្លាប់​ធ្វើជា​រដ្ឋមន្ត្រីក្រសួង​ការបរទេស​និង​កិច្ចការ​អឺរ៉ុប នៅ​ជំនាន់​អតីត​ប្រធានាធិបតី ហ្សា​ក់ ស្ហ៊ី​រាក់ ហើយ​និង​ជា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ក្នុងសម័យ​ដឹកនាំ​របស់​អតីត​ប្រធានាធិបតី នី​កូ​ឡា សា​កូ​ហ្ស៊ី​។​​ប្រការ​ដែល​លោក​ប្រធានាធិបតី​បារាំង​ជ្រើសរើស លោក មី​ស្ហែ​ល បា​ញេ ឲ្យ​ដឹកនាំ​រដ្ឋាភិបាល ក៏​ព្រោះតែ​លោក ម៉ា​ក្រុង សង្ឃឹម​ទៅលើ​សមត្ថភាព​ចរចា​របស់​បុរស​មាន​ថ្វីមាត់ មី​ស្ហែ​ល បា​ញេ រូបនេះ​ក្នុងពេលដែល​នយោបាយ​បារាំង កំពុងតែ​ប្រេះឆា​បែកបាក់ និង ប្រទាញប្រទង់​គ្នា​ខ្លាំង​។

សូមបញ្ជាក់ថា​គណបក្ស​កាន់អំណាច​របស់លោក ម៉ា​ក្រុង គ្មាន​សំឡេង​ភាគច្រើន​នៅ​រដ្ឋសភា នោះទេ​។ ដូច្នេះ សេចក្តីព្រាងច្បាប់​និង​សកម្មភាព​របស់​រដ្ឋាភិបាល អាច​នឹងត្រូវ​រង​សម្ពាធ​គ្រប់​ជំហាន ពី​សំណាក់​បណ្តា​សមាជិកសភា នៃ ក្រុម​បក្សសម្ព័ន្ធ​ឆ្វេងនិយម ឬ ក្រុម​សម្ព័ន្ធ​បក្ស​ស្តាំនិយម​។​ចឹ​ង ប្រមុខរដ្ឋ​បារាំង​មានតែ​ត្រូវ​ពឹង​លើ​សមត្ថភាព​សម្រុះសម្រួល និង​ទេពកោសល្យ​ចរចា​របស់​អ្នកនយោបាយ​ជើងចាស់ មី​ស្ហែ​ល បា​ញេ​ដែល ធ្លាប់បាន​ធ្វើជា​អតីត​ប្រធាន​ស្នងការ​សហភាព​អឺរ៉ុប ទទួលបន្ទុក​ចរចា ក្នុង​សំណុំរឿង​អង់គ្លេស​ដកខ្លួន​ចេញ​សហគមន៍​ពី​អឺរ៉ុប ដែលជា​សំណុំរឿង​ដ៏​ធំ ស្មុគស្មាញ​ខ្លាំង មិន​ធ្លាប់​ជួប​សោះ ក្នុង​ប្រវត្តិសាស្ត្រ​អឺរ៉ុប​។​

​ក្រោយពី​ទទួលដំណឹង​តែងតាំង​លោក មី​ស្ហែ​ល បា​ញេ ភ្លាម​, អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់ លោកស្រី ម៉ា​រី​ន ឡឺ​ប៉ែន ថ្នាក់ដឹកនាំ​ដ៏​សំខាន់​មួយរូប​នៃ​ចលនា​ជាតិនិយម​ជ្រុល បែរជា​បាន​កោតសរសើរ​ថា លោក មី​ស្ហែ​ល បា​ញេ ជា​អ្នកនយោបាយ​ម្នាក់​គួរ​ឲ្យ​គោរព​នៅ​ចំពោះមុខ​កម្លាំង​ចលនានយោបាយ​ចម្រុះ​ផ្សេងៗ​ជាច្រើន ហើយ​លោក​ក៏​អាច​ប្រាស្រ័យ​ទាក់ទង​ជាមួយ​បក្ស​ជាតិនិយម របស់លោក​ស្រី ម៉ា​រី​ន ឡឺ​ប៉ែន បាន​ផង​។​

​ឯ អ្នកនយោបាយ​ឆ្វេងនិយម​ជ្រុល បុ​រមាត់​ឆៅ ហ្ស​ង់​លុច មេ​ឡង់​ស្ហុ​ង បាន​រិះគន់​ខ្លាំង ចំពោះ​អតីតកាល​របស់លោក មី​ស្ហែ​ល បា​ញេ​។ ដ្បិតថា កាលពី​នៅ​ជា​អ្នកតំណាងរាស្ត្រ ប្រមាណ​វ័យ​៣០​ឆ្នាំ (​ឆ្នាំ​១៩៨១) លោក មី​ស្ហែ​ល បា​ញេ បាន​បោះឆ្នោះ​បដិសេធ​ការលើកលែង​ទោសឧក្រិដ្ឋ​ចំពោះ​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​។​ថ្លែង​សុន្ទរកថា​លើកដំបូង នៅខាងមុខ​ការិយាល័យ​នាយករដ្ឋមន្ត្រី Matignon លោក​បា​ញេ​( Barnier) គូសបញ្ជាក់ថា «​បារាំង​…. ថ្ងៃនេះ​ត្រូវការ និង​គួរ​បង្ហាញ​ពី​តម្រូវការ​របស់ខ្លួន សម្រាប់​ការគោរព ការរួបរួម និង​ដោះស្រាយ​គ្នា​»​។

By admin

Leave a Reply

Your email address will not be published. Required fields are marked *

មាតិកាផ្សេងៗ