ទីក្រុងវៀងច័ន្ទ ៖ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ បណ្ដាអគ្គមេបញ្ជាការកងទ័ពអាស៊ាន បានអញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំលើកទី ២១ (ACDFM-21) នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ ដោយភាគីកម្ពុជាដឹកនាំដោយ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ក្រោមប្រធានបទ “អាស៊ាន រួមគ្នាដើម្បីសន្តិភាព សន្តិសុខ និងភាពធន” ។
ក្នុងបទអន្តរាគមន៍នៃពិធីបើកកិច្ចប្រជុំនោះ នាយឧត្តមសេនីយ៍ វង្ស ពិសេន ក្នុងនាមកងយោធពលខេមរភូមិន្ទបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការល្អក្នុងរយៈពេលកន្លងមក រវាងរដ្ឋជាសមាជិកអាស៊ានទាំងអស់ ដែលបានចូលរួមថែរក្សាសន្តិភាព សន្តិសុខ ស្ថិរភាព វិបុលភាព នៅក្នុងតំបន់ និងពិភពលោកបានល្អប្រសើរ។
នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានលើកឡើងពីជំហររបស់កម្ពុជា ដែលតែងតែលើកទឹកចិត្តឱ្យភាគីពាក់ព័ន្ធទាំងអស់ រួមគ្នាស្វែងរកដំណោះស្រាយការខ្វែងគំនិតគ្នាដោយសន្តិវិធី តាមរយៈការសន្ទនាដោយផ្អែកលើច្បាប់ និងជៀសវាងការគំរាមកំហែង ឬប្រើប្រាស់កម្លាំងក្នុងការដោះស្រាយបញ្ហា។
ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ក៏បានអះអាងពីការប្តេជ្ញាយ៉ាងមុតមាំ ក្នុងការបន្តចូលរួមគ្រប់វេទិកានិងសកម្មភាពរបស់អាស៊ាន សំដៅកសាងសហគមន៍អាស៊ានមួយដែលមានភាពរឹងមាំ និងជាមជ្ឈមណ្ឌលយុទ្ធសាស្ត្រសម្រាប់សន្តិភាព សន្តិសុខ ការអភិវឌ្ឍន៍និងស្ថិរភាពនៅក្នុងតំបន់ និងពិភពលោក។
ពាក់ព័ន្ធដល់ការប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងផ្នែកសន្តិសុខមិនប្រពៃណី នាយឧត្តមសេនីយ៍ វង្ស ពិសេន បានគូសបញ្ជាក់ថា កម្ពុជាលើកទឹកចិត្តចំពោះការប្រកាន់ខ្ជាប់នូវពហុភាគីនិយម ដើម្បីរួមគ្នាសហប្រតិបត្តិការក្នុងតំបន់ និងជាមួយប្រទេសជាដៃគូ ក្រោមយន្តការដឹកនាំដោយអាស៊ាន ដូចមាននៅក្នុងផែនការសកម្មភាពការងារយោធាអាស៊ានរយៈពេលពីរឆ្នាំ។
ក្រៅពីនេះ នាយឧត្តមសេនីយ៍ ក៏បានលើកឡើងពីបញ្ហាប្រឈមផ្នែកសន្តិសុខក្នុងសម័យឌីជីថល ដែលកំពុងមានវិសាលភាពធំ និងមានការគំរាមកំហែង ទាក់ទងនឹងការរីកចម្រើននៃបញ្ញាសិប្បនិម្មិត(AI) ដែលទាមទារឲ្យរដ្ឋជាសមាជិក ចាំបាច់ត្រូវមានកិច្ចសហការបន្ថែមទៀត ដើម្បីរួមគ្នាទប់ស្កាត់បញ្ហានេះប្រកបដោយប្រសិទ្ធភាព។
កិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ាន ១០ប្រទេស ដែលមានការចូលរួមពីប្រទេសទីម័រខាងកើត ក្នុងនាមជាអ្នកសង្កេតការណ៍ផងនោះ បានបិទបញ្ចប់នៅរសៀលថ្ងៃដដែល បន្ទាប់ពីបានពិភាក្សាផ្លាស់ប្តូរទស្សនៈនិងអនុម័តលើឯកសារមួយចំនួន និងបានធ្វើការប្រគល់ទង់ផ្ទេរតំណែងប្រធាននៃកិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ានលើកទី២២ ជូនដល់កងទ័ពម៉ាឡេស៊ី ដើម្បីដឹកនាំកិច្ចប្រជុំបន្ត៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *

មាតិកាផ្សេងៗ