ភ្នំពេញ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា ក្នុងការបោះបង្គោលខណ្ឌសីមាព្រំដែនដែលជាបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ គេមិនដែលដេកស្រម៉ៃ និងយកផែនទី google map មកប្រើនោះទេ ហើយក៏មិនមែនមើលលើ google map ដើម្បីវាយតម្លៃ និងកំណត់បង្គោលព្រំដែនដែលបានបោះនៅលើដីនោះដែរ។ ការយកផែនទី google map មកប្រៀបធៀប និងបកស្រាយពីបង្គោលព្រំដែន ជាការបង្កើតឱ្យមានការយល់ច្រឡំក្នុងបំណងទុច្ចរិត។តាមរយៈបណ្តាញសង្គម លោក នេត្រ ភក្ត្រា បានលើកឡើងបន្ថែមថា កិច្ចការពារអធិបតេយ្យ និងបូរណភាពទឹកដីរបស់ជាតិ គឺជាសិទ្ធិនិងករណីកិច្ចរបស់ប្រជាពលរដ្ឋគ្រប់រូប ហើយរាជរដ្ឋាភិបាល តែងបានចាត់ទុកការងារនេះ ជាភារកិច្ច និងកាតព្វកិច្ចជាអាទិភាពដ៏សំខាន់បំផុត ជាអាយុជីវិតរបស់ជាតិ និងតែងតែប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវស្មារតីទទួលខុសត្រូវ ខ្ពស់បំផុត ក្នុងការបំពេញភារកិច្ចរបស់ខ្លួន ដើម្បីកសាងខ្សែបន្ទាត់ព្រំដែនមួយដែលមានភាពច្បាស់លាស់ ត្រឹមត្រូវ ជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍជាមួយប្រទេសជិតខាង និងធានាឱ្យបានដាច់ខាតថា បូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជានឹងមិនបាត់បង់ឡើយ សូម្បីតែមួយម៉ែត្រក្រឡា។
យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បន្តដឹកនាំនិងអនុវត្តដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា នៅពេលនេះ សំដៅកសាងខ្សែបន្ទាត់ព្រំដែនមួយច្បាស់លាស់ ជាមួយប្រទេសជិតខាងទាំងព្រំដែន គោក និងព្រំដែនសមុទ្រ ក្នុងគោលដៅរក្សាឱ្យបានផ្ទៃដី ១៨១ ០៣៥ គ.ម២ ដើម្បីទុកជាមរតកសម្រាប់ប្រជាជាតិ និងប្រជាជនកម្ពុជាជានិច្ចនិរន្តរ៍។
លោក នេត្រ ភក្ត្រា បានបញ្ជាក់បន្ថែមថា ការបោះបង្គោលព្រំដែនដែលត្រឹមត្រូវ និងស្របតាមបច្ចេកទេសត្រូវឈរលើ៖ទី១-ការងារខណ្ឌសីមានិងបោះបង្គោលព្រំដែន ត្រូវផ្អែកលើផែនទីជាមូលដ្ឋានគឺផែនទីបូនខ្នាត ១/១០០ ០០០ របស់ក្រុមភូមិសាស្ត្រឥណ្ឌូចិនបារាំងដែលសម្តេចព្រះ នរោត្តម សីហនុ បានយកទៅតម្កល់នៅអង្គការសហប្រជាជាតិក្នុងឆ្នាំ ១៩៦៤ ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ
ទី២-ឈរមូលដ្ឋាននិយាមការដែលបានកំណត់និងបរិយាយលម្អិតនៅក្នុងពិធីសាស្តីពីការបរិយាយខ្សែព្រំដែន និងបង្គោលព្រំដែនដែលប្រទេសទាំងបានឯកភាពគ្នាទី៣-មុននឹងធ្វើការបោះបង្គោលព្រំដែននៅលើដីជាក់ស្តែង ត្រូវឆ្លងកាត់នីតិវិធីបច្ចេកទេសលម្អិតដែលធ្វើឡើងដោយក្រុមបច្ចេកទេសចម្រុះព្រំដែននៃភាគីទាំងពីរ ដោយមិនមានការលម្អៀងសូម្បីតែមួយមិល្លីម៉ែត្រឡើយ។
ដូច្នេះការដែលយកផែនទី google map ឬផែនទីដែលបានមកពីប្រភពផ្សេងៗមកបកស្រាយពីខ្សែបន្ទាត់ព្រំដែននិងការបោះបង្គោលព្រំដែន មិនត្រឹមត្រូវនិងមិនអាចយកជាការបានឡើយ។ សូម្បីបញ្ជាក់ថា កន្លងមក ប្រទេសមួយចំនួននៅលើពិភពលោករួមទាំងកម្ពុជាផងបានធ្វើការតវ៉ាទៅក្រុមហ៊ុន google អំពីការបង្ហោះផែនទីដែលមិនស្របនឹងផែនទីកំណត់ព្រំដែនរដ្ឋនៃប្រទេសទាំងនោះ។ ម្យ៉ាងទៀត, ក្នុងការងារកំណត់ព្រំដែនរវាងរដ្ឋនិងរដ្ឋ គេមិនអាចយកផែនទី google map មកធ្វើជាមូលដ្ឋានវាស់វែងខណ្ឌសីមានិងបោះបង្គោលព្រំដែនបានជាដាច់ខាត។ដូច្នេះ សូមប្រជាពលរដ្ឋ កុំមានការយល់ច្រឡំ ជឿលើការបំភ្លៃរបស់បុគ្គលជ្រុលនិយមមួយក្តាប់តូចស។សូមបញ្ជាកថាប៉ុន្មានថ្ងៃនេះតាមបណ្តាញសង្គមបាននិងកំពុងជ្រួលច្របល់រៀងបាត់បង្កោលព្រំដែនក្រោយពីនិត្យតាមប្រពន្ធ័ហ្គោហ្គឹល?goole៕