ភ្នំពេញ ៖ គម្រោងផ្លូវជាតិលេខ១០ តភ្ជាប់ស្រុកសំឡូត ខេត្តបាត់ដំបង មកកាន់ក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង សម្រេចការស្ថាបនា ជាសមិទ្ធផលរបស់ប្រជាពលរដ្ឋ ប្រទេសជាតិទាំងមូល ។ ផ្លូវមួយខ្សែនេះ ក្លាយជាផ្លូវសរសៃឈាមសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជាដែលបម្រើឱ្យទាំងវិស័យសាធារណការ និងវិស័យទេសចរណ៍។
ផ្លូវជាតិលេខ១០ គឺផ្លូវជាតិដំបូងគេនៅកម្ពុជាដែលតភ្ជាប់តំបន់ព្រំដែនគឺស្រុកសំឡូតខេត្តបាត់ដំបង ទៅកាន់ក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង ដោយឆ្លងកាត់តំបន់វាលវែងនិង អូរសោម ខេត្តពោធិ៍សាត់ មានប្រវែង ១៩៨,៥១៨គីឡូម៉ែត្រ។
ផ្លូវនេះបានផ្តល់អត្ថប្រយោជន៍ក្នុងការធ្វើដំណើរឆ្លងកាត់ សម្រួលដល់ការដឹកជញ្ជូនកសិផលផ្សេងៗ ពិសេសនាំភោគផលពីតំបន់ខាងលិច នៅខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ពោធិសាត់ ចូលមកខេត្តកោះកុង និងក្លាយជាផ្នែកមួយនៃការទាក់ទាញអ្នកទេសចរ ដែលចូលចិត្តធ្វើដំណើរកម្សាន្ត អាចគយគន់ធម្មជាតិ ដោយសារផ្លូវនេះសម្បូរព្រៃឈើក្រាស់ៗ។
អភិបាលខេត្តកោះកុង លោកស្រី មិថុនា ភូថង បានលើកឡើងថាផ្លូវជាតិលេខ១០ គឺជាសរសៃឈាមសេដ្ឋកិច្ចមួយយ៉ាងសំខាន់ សម្រាប់ខេត្តតំបន់សមុទ្រមួយនេះ។ លោកស្រីបន្តថា ផ្លូវមួយនេះ នឹងជួយដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ភ្ញៀវទេសចរក៏ដូចជាការដឹកជញ្ជូនកសិផលផ្សេងៗ ឱ្យកាន់តែមានភាពលឿនរហ័សចំណេញពេលវេលាផងដែរ។
ផ្លូវជាតិលេខ១០ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ ហើយគ្រោងប្រើពេលសាងសង់៤៨ខែ គិតចាប់ពីខែធ្នូ ឆ្នាំ២០១៩ រហូតដល់ខែធ្នូ ឆ្នាំ២០២៣។ ប៉ុន្តែដោយស្ថានភាពជាក់ស្តែង មានភ្លៀងធ្លាក់ច្រើន ក៏បន្តស្ថាបនាជាប្រចាំ ។ ផ្លូវមួយខ្សែនេះ នឹងក្លាយជាផ្លូវសេដ្ឋកិច្ចដ៏មានសក្តានុពលរបស់កម្ពុជា អាចជួយសម្រួលដល់ការតភ្ជាប់ ទំនាក់ទំនងគមនាគមន៍ ធ្វើសមាហរណកម្មតភ្ជាប់ផ្ទៃក្នុង និងក្រៅប្រទេស ព្រមទាំងរួមចំណែកក្នុងការបង្កលក្ខណៈងាយស្រួលនៃការដោះដូរពាណិជ្ជកម្ម វិនិយោគ ដំណាំកសិផល កសិ-ឧស្សាហកម្ម និងទេសចរណ៍បានឆាប់រហ័ស និងចំណាយតិច ។
បណ្តាញគមនាគមន៍គឺជាវិស័យដ៏សំខាន់និងជាសរសៃឈាមសេដ្ឋកិច្ចជាតិ ពីព្រោះវាជាមូលដ្ឋានសម្រាប់ធ្វើអោយប្រសើរឡើងនូវវិស័យផ្សេងៗជាច្រើនដូចជា វិស័យឧស្សាហកម្ម ពាណិជ្ជកម្ម កសិកម្ម ទេសចរណ៍ ដូចជាសម្តេចតេជោ ហ៊ុនសែន មានប្រសាសន៍ថា មានផ្លូវ មានសង្ឃឹម ៕
ដោយ ៖ សិលា