ភ្នំពេញ៖ ករណីយ៍បាញ់ប្រហារមួយបានកើតឡើង នៅយប់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ ស្ថិតនៅភូមិក្រពើទ្រោម សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ បានបណ្ដាលឲ្យមនុស្សម្នាក់ស្លាប់, ម្នាក់ទៀតរងរបួស (ជនជាតិចិន) និងម្នាក់ផ្សេងទៀត (ជនជាតិចិន) ត្រូវបានក្រុមខ្មាន់កាំភ្លើងចាប់ដាក់ចូលឡានរួចរត់គេចខ្លួនបាត់សមត្តកិច្ចហិតផ្សែង។
សេចក្ដីរាយការណ៍ពីកន្លែងកើតហេតុ បានឲ្យដឹងថា គេឃើញរថយន្ដមួយគ្រឿង ម៉ាក Ford Ranger ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2BV-5779 បើកមកបុកស្ទាក់ ចំពីមុខរថយន្ដរបស់ជនរងគ្រោះ ម៉ាក MERCEDES BENZ S560L ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ2BF-8168 និងមានរថយន្ដទៀត ម៉ាក Land Cruiserមួយទៀតមក ឈប់ពីក្រោយរថយន្ដជនរងគ្រោះ។បន្ទាប់ពីបើកបំបុក ស្ទាក់រថយន្ដជនរងគ្រោះបានហើយមាន ខ្មាន់កាំភ្លើង៣នាក់ដែលដូចជាដឹងមុខសញ្ញាសំខាន់ បានចុះពីរថយន្ដ Ford បើកការបាញ់រះជាច្រើនគ្រាប់មកលើរថយន្ដរបស់ជនរងគ្រោះខាងអ្នកបើកបរ ដោយប្រើប្រាស់កាំភ្លើងវែង (សង្ស័យ AK)។ បន្ទាប់មក បក្ខពួកខ្មាន់កាំភ្លើង២នាក់ ចុះទៅចាប់ជនជាតិចិនម្នាក់ ដែលជិះនៅផ្នែកខាងក្រោយរថយន្ដ MERCEDES BENZ ដាក់ចូលក្នុងរថយន្ដ Land Cruiser រួចបើកគេចខ្លួនបាត់តែម្ដងដោយទុកឡានហ្វតចោលមិនស្តាយ។
បើតាមសេចក្ដីរាយការណ៍, នៅក្នុងរថយន្ដម៉ែសឺដែសរងគ្រោះ មានមនុស្សជិះចំនួន៣នាក់ ក្នុងនោះអ្នកបើកបរជាជនជាតិខ្មែរ បានរងរបួសធ្ងន់ និងស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យលោកសង្ឃ ។ឯអ្នករួមដំណើរជិះផ្នែកខាងមុខ ជាជនជាតិចិនរងរបួសធ្ងន់កំពុងសង្គ្រោះ និងម្នាក់ទៀតជនជាតិចិនជិះផ្នែកខាងក្រោយ ត្រូវបានក្រុមខ្មាន់កាំភ្លើងចាប់យកទៅបាត់។ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតមានឈ្មោះ គង់ វុទ្ធី អាយុ៣៦ឆ្នាំ ជាមន្ដ្រីនគរបាលបម្រើការងារនៅអង្គភាពអន្ដរាគមន៍ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ឋានន្ដរស័ក្ដិ ថ្នាក់វរសេនីយ៍ទោ មានតួនាទីជានាយរងការិយាល័យប្រតិបត្តិការសង្គ្រោះដែលជាអ្នកកាន់អាវុធជំនាញម្នាក់ដែរតែមកស៊ីឈ្នួលបើកឡានការពារចិន។ឯជនរងគ្រោះជនជាតិចិន២នាក់ទៀត មិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយទេ ដោយឡែក ក្រុមខ្មាន់កាំភ្លើង ក៏មិនទាន់ដឹងថាមានចំនួនប៉ុន្មាននាក់នោះដែរ។
ហេតុការណ៍បាញ់ប្រហារកណ្តាលក្រុងក្នងពេលដែលសមត្តកិច្ចដាក់ស្ថានការណ៍ក្នុងចំណុចខ្ពស់នេះបង្ហាញថាសន្តិសុខនៅមិនទាន់ធានាល្អនៅឡើយ។ករណីយ៍នេះ សមត្ថកិច្ចជំនាញមិនទាន់សន្និដ្ឋានថា ជារឿងអ្វីឲ្យពិតប្រាកដនៅឡើយទេ តែត្រូវគេដាក់ការសង្ស័យថា ជាអំពើចាប់ជំរិត។ រហូតមកដល់រសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤នេះ សមត្ថកិច្ចជំនាញ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ រួមជាមួយស្ថាប័នពាក់ព័ន្ធ កំពុងបើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីស្វែងរកចាប់ខ្លួនក្រុមខ្មាន់កាំភ្លើង និងរំដោះមនុស្សដែលពួកគេចាប់យកទៅ?។ព្រោះសមត្តកិច្ចពិតជាស្គាល់ច្បាស់ជនរងគ្រោះដែលរងរបួសនៅរស់ព្រោះមានអ្នកមកបើកឡានឲ្យជាសមត្តកិច្ចដូចគ្នាដែរ។