កាលពីថ្ងៃទី 28 ខែសីហា ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េ (KCNA) និងទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ (កូរ៉េខាងត្បូង) បានផ្សាយថា ប្រតិភូរុស្ស៊ី និងកូរ៉េខាងជើងបានជួបប្រជុំពិភាក្សាគ្នាអំពីវិធីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី។
កន្លងមក KCNA បានផ្សាយថា គណៈប្រតិភូមន្ត្រី និងអ្នកជំនាញរុស្ស៊ីដឹកនាំដោយអនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម Roman Chekushov បានមកដល់រដ្ឋធានីព្យុងយ៉ាង។
ក្នុងអំឡុងពេលនៃកិច្ចពិភាក្សាកាលពីថ្ងៃទី 28 ខែសីហា រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងសេដ្ឋកិច្ចការបរទេសកូរ៉េខាងជើង លោក Yun Jong-ho បានពិភាក្សាជាមួយអនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មរុស្ស៊ី Roman Chekushov ដើម្បីពិភាក្សាអំពីវិធីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគី។
កិច្ចពិភាក្សានេះក៏មានវត្តមានរបស់លោក Kim Hwa-sik អនុរដ្ឋមន្ត្រីទទួលបន្ទុកឧស្សាហកម្មគីមីរបស់ប្រទេសកូរ៉េខាងជើងផងដែរ។
យោងតាមអ្នកសង្កេតការណ៍ វិស័យសំខាន់មួយដែលត្រូវបានពិភាក្សាដោយកូរ៉េខាងជើង និងរុស្ស៊ីនៅពេលនេះ គឺការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យឧស្ម័នធ្យូងថ្ម និងឧស្សាហកម្មគីមី។
ប្រទេសកូរ៉េខាងជើងបានព្យាយាមប្រើប្រាស់ធ្យូងថ្មអស់រយៈពេលជាយូរដើម្បីផលិតឧស្ម័នសំយោគក្នុងបរិបទនៃទណ្ឌកម្មរបស់អង្គការសហប្រជាជាតិលើកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់ប្រទេសដែលកំពុងស្ទះការផ្គត់ផ្គង់ប្រេង។
ប្រសិនបើ “ការបំប្លែងឧស្ម័ន” ធ្យូងថ្មទទួលបានជោគជ័យ ទីក្រុងព្យុងយ៉ាងក៏មានគោលបំណងផលិតឥន្ធនៈសំយោគ និងប្រភេទវត្ថុធាតុដើមគីមីមួយចំនួនផងដែរ។
កិច្ចប្រជុំនេះក៏ជាជំហានចុងក្រោយបំផុតក្នុងការពង្រឹងទំនាក់ទំនងយោធា និងសេដ្ឋកិច្ចយ៉ាងឆាប់រហ័សរវាងរុស្ស៊ី និងកូរ៉េខាងជើង។
ទំនាក់ទំនងកាន់តែស៊ីជម្រៅកាន់តែខ្លាំងឡើង បន្ទាប់ពីមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានចុះហត្ថលេខាលើសន្ធិសញ្ញាភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយមួយក្នុងអំឡុងពេលកិច្ចប្រជុំកំពូលនៅទីក្រុងព្យុងយ៉ាងក្នុងខែមិថុនា ឆ្នាំ 2024 ៕ ដោយធីរីណា