តាមរយៈការវាយឆ្មក់ចំនួនពីរនៅតំបន់សមុទ្រប៉ាស៊ីហ្វិក ឆ្មាំសមុទ្រ ម៉ិចស៊ីកូ បានរឹបអូសថ្នាំញៀនរាប់រយកញ្ចប់ជាសារធាតុកូកាអុីនដែលមានទម្ងន់ជាង 7 តោន។
ក្នុងអំឡុងពេលប្រតិបត្តិការចាប់យកដំបូង រូបភាពពីឧទ្ធម្ភាគចក្រ Panther ដែលផ្តល់ដោយកងទ័ពជើងទឹកមុិចសុីកូ បានបង្ហាញទូកដេញតាមភាគនិរតីនៃទីក្រុង Manzanillo ។ កងទ័ពជើងទឹកម៉ិចស៊ីកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មន្រ្តីនៅលើទូកល្បាតបានស្ទាក់ចាប់ទូកម៉ូតូចំនួនបី។
អាជ្ញាធររឹបអូសបាន ១២៦ កញ្ចប់ សារធាតុញៀនកូកាអុីនទម្ងន់ ៥,៦ តោន។ នេះជាបរិមាណថ្នាំច្រើនបំផុតដែលអាជ្ញាធរម៉ិចស៊ីករឹបអូសបានក្នុងប្រតិបត្តិការតែមួយ។ កងទ័ពជើងទឹកបាននិយាយថា ខ្លួនចាប់បានជនសង្ស័យចំនួន ១៥នាក់ និងប្រេងឥន្ធនៈជាង ១,០០០លីត្រ។
ក្នុងការចាប់ខ្លួនលើកទី២ ទូកល្បាត និងឧទ្ធម្ភាគចក្រមួយគ្រឿង បានរឹបអូសបានថ្នាំញៀនចំនួន ៣២កញ្ចប់ ដែលអណ្តែតលើទឹក ដោយមានផ្ទុកនូវសារធាតុញៀនកូកាអុីនប្រមាណ ១,៦តោន។ ទូកតូចមួយគ្រឿងដែលមានម៉ូទ័រចេញក្រៅចំនួន៣គ្រឿងក៏ត្រូវបានរឹបអូសដែរ។
ការវាយឆ្មក់ខាងលើបានធ្វើឡើងនៅជិតទីក្រុងឆ្នេរសមុទ្រ Lazaro Cardenas ក្នុងរដ្ឋ Michoacan ដែលជាតំបន់មួយពោរពេញដោយភាពចលាចល និងអំពើហិង្សាដោយសារតែឥទ្ធិពលនៃក្រុមឧក្រិដ្ឋជន។
នៅក្នុងរូបភាពដែលចេញផ្សាយដោយកងទ័ពជើងទឹកម៉ិចស៊ីក កញ្ចប់រាប់សិបត្រូវបានដាក់នៅលើទូកល្បាតមួយជាមួយមន្ត្រី និងឧទ្ធម្ភាគចក្រ។
មន្ត្រីបាននិយាយកាលពីថ្ងៃទី 26 ខែសីហាថា ការវាយប្រហារដែលបានសម្លាប់មន្ត្រីប៉ូលីស 7 នាក់នៅក្នុងទីក្រុង Michoacan កាលពីចុងសប្តាហ៍មុនត្រូវបានផ្សារភ្ជាប់ទៅនឹងការប្រយុទ្ធគ្នារវាងក្រុមក្មេងទំនើងដែលកំពុងប្រជែងដណ្តើមគ្រប់គ្រងតំបន់ឆ្នេរ។ នេះគឺជាចំណុចប្រមូលផ្តុំដ៏សំខាន់មួយសម្រាប់ការដឹកជញ្ជូនកូកាអុីនតាមសមុទ្រ៕ ដោយធីរីណា