ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោកហេង សួរ អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលគ្រូបច្ចេកទេសស្ដីពី «បច្ចេកទេសយានយន្តអគ្គិសនី ក្រោមគម្រោងអ្នកស្ម័គ្រចិត្តជំនាញបច្ចេកវិទ្យាខ្ពស់នៃក្រុមហ៊ុនហ៊ីយុនដាយម៉ូទ័រ (HYUNDAI MOTOR)» នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា(NPIC) នៅថ្ងៃទី ២០ ខែសីហា ឆ្នាំ២០២៤។
វគ្គបណ្ដុះបណ្ដាលគ្រូបច្ចេកទេសនេះ ផ្ដោតទៅលើជំនាញរថយន្តអគ្គិសនី រថយន្តអគ្គិសនីកូនកាត់ ថាមពលចំឡងកម្លាំង ការវិភាគកំហូច ប្រព័ន្ធទំនាក់ ទំនងមុខងាររថយន្ត ក្រោមគម្រោងអ្នកស្ម័គ្រចិត្តជំនាញបច្ចេកវិទ្យាខ្ពស់នៃក្រុមហ៊ុនហ៊ីយុនដាយម៉ូទ័រ ដោយមានសិក្ខាកាមចូលរួមមានចំនួន ៤៥នាក់ មកពីគ្រឹះស្ថានរាជធានី/ខេត្តចំនួន ១១គ្រឹះស្ថាន និងមកពីក្រុមហ៊ុនហ៊ីយុនដាយម៉ូទ័រចំនួន ៦នាក់ និងមានវិស្វករសរុបមកពីសាធារណៈកូរ៉េចំនួន ១៨នាក់ដែលជាគ្រូឧទ្ទេសន៍ដែលមានសម្ភារៈបម្រើឱ្យការហ្វឹកហាត់ និងការបង្រៀនមួយចំនួនទៀត។
លោមរដ្ឋមន្រ្តី បានមានប្រសាសន៍ថា ក្នុងនាមក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមកោតសរសើរចំពោះកិច្ចសហការយ៉ាងជិតស្និទ្ធ ប្រកបដោយការ ទទួលខុសត្រូវរបស់អគ្គនាយកដ្ឋានអប់រំបណ្ដុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា និងគ្រឹះស្ថានអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ព្រមទាំងអង្គការ ភ្លែនអន្តរជាតិ និងក្រុមហ៊ុនហ៊ីយុនដាយ ដែលបានផ្តល់កិច្ចសហការ គាំទ្រ និងខិតខំប្រឹងប្រែងរៀបចំវគ្គបណ្តុះបណ្តាលដ៏មានសារៈ សំខាន់នេះឡើង។
លោករដ្ឋមន្ត្រីបន្តថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគិតគូរអំពីរបៀបវារៈអភិវឌ្ឍសង្គម-សេដ្ឋកិច្ចសម្រាប់ដំណាក់កាលបន្តបន្ទាប់ ជាពិសេសឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
លោករដ្ឋមន្ត្រីបន្តថា ដើម្បីសម្រេចបានចក្ខុវិស័យនេះ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងបន្តធ្វើពិពិធកម្មរចនាសម្ព័ន្ធសេដ្ឋកិច្ចពីសេដ្ឋកិច្ចដែលពឹងផ្អែកលើវិស័យកសិកម្ម ទៅជាសេដ្ឋកិច្ចពឹងផ្អែកកាន់តែខ្លាំងលើវិស័យឧស្សាហកម្ម ស្របតាមបញ្ចកោណទី២ មុំទី១ អាទិភាពទី៣ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលបានធ្វើអាទិភាពកម្មលើការជំរុញ និងការលើកកម្ពស់ការទាក់ទាញវិនិយោគក្នុងវិស័យឧស្សាហកម្មដែលមាន តម្លៃបន្ថែមខ្ពស់ និងឧស្សាហកម្មបៃតង តាមរយៈការអនុវត្តផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា។
លោករដ្ឋមន្រ្តីបន្ថែមថា ក្នុងស្មារតីនេះ រាជរដ្ឋាភិបាលបានកំណត់យកវិស័យយានយន្តអគ្គិសនី ជាវិស័យមួយក្នុងចំណោមវិស័យដែលមានសក្តានុពលខ្ពស់ ក្នុងការចូលរួមចំណែកដល់ការជំរុញសន្ទុះនៃការធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ច។
គួររំឭកថា កិច្ចសហប្រតិបត្តិការរវាង NPIC និង HYUNDAI MOTOR បានបណ្តុះបណ្តាលគ្រូជំនាញរថយន្តចំនួន ៤លើក សរុបគ្រូចំនួន ២៤ នាក់។ ក្នុងនោះបានផ្តល់ឱកាសកម្មសិស្សាដល់សិស្ស-និស្សិត NPIC ចំនួន ៨លើក ដែលមានសិស្ស-និស្សិតសរុបចំនួន ៧៤៩នាក់ (ស្រី ០៦នាក់) នៅរោងចក្រដំឡើងរថយន្តខេត្តកោះកុង។
បន្ថែមលើនេះ សិស្ស-និស្សិត ៧០នាក់ ក្នុងឆ្នាំ២០២៤ នេះ កំពុងធ្វើកម្មសិក្សា ហើយនឹងត្រូវបញ្ចប់កម្មសិក្សានៅចុងខែសីហា ឆ្នាំ២០២៤ ខាងមុខ។ អតីតសិស្ស- និស្សិត NPIC សរុបចំនួន១៥នាក់ កំពុងបំពេញការងារ នៅក្នុងក្រុមហ៊ុន HYUNDAI CAMKO MOTOR (នៅសាខាសែនសុខ ០៤នាក់ និងនៅសាខាព្រះមុន្នីវង្សចំនួន ១១នាក់)៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *