ភ្នំពេញ៖ ក្នុងឱកាសនៃជំនួប លោក Lee Sang Yoon នាយកប្រតិបត្តិក្រុមហ៊ុន Haeje Industry Development បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនលើគ្រប់វិស័យនៅកម្ពុជា និងបានគោរពជម្រាបជូនសម្ដេចធិបតីអំពីជោគជ័យនៃការរៀបចំពិពរណ៍ផ្ទាំងគំនូររបស់ក្រុមហ៊ុន នៅកម្ពុជា នាពេលថ្មីៗនេះ។
ដោយផ្អែកលើបទពិសោធន៍ជោគជ័យនេះ លោកនាយកប្រតិបត្តិគ្រោងនឹងរៀបចំពិព័រណ៍នេះជាលើកទី២ ហេីយនឹងបរិច្ចាគថវិកាដែលទទួលបានពីកម្មវិធី ជូនកាកបាទក្រហមកម្ពុជា សម្រាប់សកម្មភាពមនុស្សធម៌។ ក្នុងឱកាសនៃជំនួបនេះ លោកនាយកប្រតិបត្តិក៏បានប្រគល់ជូនសម្ដេចធិបតីនូវផ្ទាំងគំនូរដ៏ល្អវិចិត្រ ដែលជារូបរបស់សម្ដេចតេជោ ហ៊ុន សែន ផងដែរ។
សម្ដេចធិបតីបានអបអរសាទរចំពោះជោគជ័យនៃការរៀបចំពិព័រណ៍ផ្ទាំងគំនូរលើកទី១ ដែលបានប្រព្រឹត្តទៅនៅក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងលើកទឹកចិត្តឱ្យក្រុមហ៊ុន បន្តរៀបចំពិព័រណ៍បែបនេះ នៅកម្ពុជា ដែលនឹងរួមចំណែកជំរុញការផ្លាស់ប្ដូរវប្បធម៌ និងការតភ្ជាប់រវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ។ ជាមួយគ្នានេះ សម្ដេចធិបតីបានថ្លែងអំណរគុណចំពោះការរៀបចំផ្ទាំងគំនូរដ៏វិចិត្រនេះអំពីសម្តេចតេជោ ហ៊ុន សែន ដែលជានិមិត្តរូបនៃការតស៊ូ និងការលះបង់របស់សម្ដេចតេជោ ក្នុងការរំដោះជាតិ និងស្វែងរកនូវសុខសន្ដិភាពពេញលេញជូនប្រទេសនិងប្រជាពលរដ្ឋកម្ពុជា ព្រមទាំងបានផ្តួចផ្តើមភ្ជាប់ទំនាក់ទំនងការទូតជាមួយសាធារណរដ្ឋកូរ៉េក្នុងឆ្នាំ១៩៩៧៕
ដោយ៖តារា

By admin

Leave a Reply

Your email address will not be published. Required fields are marked *