ចិន៖រដ្ឋបាលកោះតៃវ៉ាន់ នៅថ្ងៃអង្គារ ទី២០ ខែសីហា បានធ្វើតេស្ដបាញ់មីស៊ីលចេញពីប្រព័ន្ធខែលប្រឆាំងមីស៊ីល នៅចំពោះមុខក្រុមអ្នកសារព័ត៌មាន អំឡុងដំណើរទស្សនកិច្ច ទៅកាន់កន្លែងធ្វើតេស្ដមីស៊ីលដ៏សំខាន់ ស្ថិតនៅតំបន់ដាច់ស្រយាលមួយនៃឆ្នេរភាគអាគ្នេយ៍របស់តៃវ៉ាន់។ ទីភ្នាក់ងារសារព័ត៌មាន Reutersបានឲ្យដឹងថា៖តៃវ៉ាន់ ដែលត្រូវបានចិនចាត់ទុកថាជាខេត្តមួយរបស់ខ្លួន បានតវ៉ាប្រឆាំងនឹងការបង្កើនការធ្វើសកម្មភាពយោធារបស់ចិន ខណៈប៉េកាំងកំពុងព្យាយាមអះអាងពីអធិបតេយ្យ លើតៃវ៉ាន់ រីឯតៃប៉ិក ព្យាយាមពង្រឹងសមត្ថភាពយោធា។អ្នកនាំពាក្យក្រសួងការពារជាតិតៃវ៉ាន់ លោក Sun Li-fang បាននិយាយថា ការធ្វើតេស្តបាញ់មីស៊ីលបានធ្វើឡើងនៅមូលដ្ឋាន Jiupeng ស្ថិតនៅតំបន់ Pingtung របស់ តៃវ៉ាន់ ជាមួយការធ្វើតេស្ដបាញ់មីស៊ីលចេញពីប្រព័ន្ធខែលមីស៊ីល Patriot ផលិតដោយអាមេរិក និងប្រព័ន្ធខែលមីស៊ីល Sky Bow III អភិវឌ្ឍដោយតៃវ៉ាន់ ខណៈនាវាចម្បាំងមួយគ្រឿងក៏បានបាញ់តេស្ដមីស៊ីល RIM-66 Standard មួយគ្រាប់ផងដែរ។
មូលដ្ឋាន Jiupeng គឺជាកន្លែងដែលក្រុមហ៊ុនផលិតអាវុធតៃវ៉ាន់ National Chung-Shan Institute of Science and Technology យកធ្វើជាកន្លែងតេស្ដ បាញ់មីស៊ីលស៊េរីថ្មី ក្នុងនោះរួមមានទាំងមីស៊ីលរយៈចម្ងាយឆ្ងាយស៊េរីថ្មី Hsiung Feng ដែលត្រូវបានអភិវឌ្ឍឡើងដើម្បីវាយប្រហារលើគោលដៅនៅលើទឹកដីចិន។
សូមបញ្ជាក់ថាកាលពីថ្ងៃសៅរ៍ទី១៧សីហានិងថ្ងៃអាទិត្យទី១៨សីហារដ្ឋបាលការពារសុវត្ថិភាពដែនសមុទ្រខេត្តហ្វ៊ូជៀន (Fujian) ប្រទេសចិន និងភ្នាក់ងារជួយសង្គ្រោះដុងហៃ (Donghai) (ដែលទទួលខុសត្រូវលើប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះដែនសមុទ្រនៅឯសមុទ្រចិនខាងកើត) បានធ្វើការល្បាតដែនសមុទ្ររយៈពេលជាង ៣០ ម៉ោង ដោយប្រើប្រាស់នាវាចំនួន ៣ គ្រឿង នៅក្នុងច្រកសមុទ្រតៃវ៉ាន់ក្រោមមូលហេតុ ដើម្បីរក្សាសណ្តាប់ធ្នាប់នាវាចរណ៍ និងធានាសុវត្ថិភាពតាមដែនសមុទ្រ ។
ក្នុងរយៈចម្ងាយប្រហែល ៧៦៤ គីឡូម៉ែត្រតាមដែនសមុទ្រ ក្នុងរយៈពេល ៣០ ម៉ោងកន្លះ កងនាវាបានកំណត់គោលដៅល្បាត សម្រាប់តំបន់មានហានិភ័យខ្ពស់ ដែលកប៉ាល់ពាណិជ្ជកម្ម និងទូកនេសាទ ជារឿយៗតែងតែមានការប៉ះទង្គិចគ្នា ហើយជាទីកន្លែងដែលគ្រោះថ្នាក់ងាយនឹងកើតមានឡើង ដូច្នេះសកម្មភាពល្បាតធ្វើឡើង ដើម្បីបង្ក្រាបរាល់ការបំពានដែនសមុទ្រ ក្រោមការអនុវត្តបទបញ្ជានាវាចរណ៍ដ៏តឹងរ៉ឹង និងធានាសុវត្ថិភាពឱ្យបានខ្លាំងក្លាសម្រាប់ផ្លូវទឹកដ៏សំខាន់នេះ ។
ក្រុមការងារល្បាត ក៏បានសិក្សាយ៉ាងស៊ីជ្រៅ នៅក្នុងការគ្រប់គ្រងនាវាចរណ៍តាមដែនសមុទ្រ ត្រួតពិនិត្យនាវាឆ្លងកាត់ និងរៀបចំចំពោះផែនការសង្គ្រោះបន្ទាន់។ ការល្បាតនេះ ធានាថា នឹងផ្តល់ជំនួយនាវាចរណ៍ ឱ្យដំណើរការត្រឹមត្រូវ និងរក្សាសណ្តាប់ធ្នាប់តាមសមុទ្រ ។
គួររំឮកថា ច្រកសមុទ្រតៃវ៉ាន់ គឺជាខ្សែបន្ទាត់ដ៏សំខាន់មួយសម្រាប់សកម្មភាពពាណិជ្ជកម្មតាមសមុទ្ររបស់ប្រទេសចិន ហើយទីនេះក៏ជាផ្នែកមួយដ៏សំខាន់ ដែលស្ថិតនៅក្រោមការត្រួតពិនិត្យសុវត្ថិភាពនាវាចរណ៍ផ្លូវទឹក ដែលកំណត់ដោយក្រសួងដឹកជញ្ជូន ។
ខណៈរដូវកាលនេសាទបានចាប់ផ្តើមឡើងវិញ កាលពីថ្ងៃសុក្រសប្តាហ៍មុន គេឃើញមានសកម្មភាពនេសាទ បានចាប់ផ្តើមកើនឡើងសារជាថ្មី នៅឯច្រកសមុទ្រតៃវ៉ាន់ ដែលគេព្រួយបារម្ភចំពោះកំណើននៃហានិភ័យអំពីការប៉ះទង្គិចគ្នា ។
ក្នុងពេលដំណាលគ្នា អនុប្រធានរដ្ឋបាលការពារសុវត្ថិភាពដែនសមុទ្រខេត្តហ្វ៊ូជៀន លោក ចាង ស៊ាំងសាង (Zhang Xiangshang) បានលើកឡើងថា “ប្រតិបត្តិការនេះ មានគោលបំណងពង្រឹងការគ្រប់គ្រង និងសមត្ថភាពឆ្លើយតបជាបន្ទាន់របស់អាជ្ញាធរចិន នៅក្នុងច្រកសមុទ្រតៃវ៉ាន់ ហើយវាពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការការពារសុវត្ថិភាពរបស់នាវាចរណ៍ដែលឆ្លងកាត់ និងប្រតិបត្តិការផ្សេងៗនៅតាមច្រកសមុទ្រ” ៕ ប្រភព៖ Reuters Connect