ភ្នំពេញ៖ បើយោងតាមតួលេខរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឲ្យដឹងថា ទំហំពាណិជ្ជកម្មនាំចេញ-នាំចូលរបស់កម្ពុជា ក្នុងរយៈពេល ៧ខែឆ្នាំ ២០២៤នេះ សម្រេចបានតម្លៃទឹកប្រាក់សរុបប្រមាណ ៣១,១៨ពាន់លានដុល្លារអាមេរិក កើនឡើង ១៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
តួលេខដដែលនេះ បានឲ្យដឹងទៀតថា ក្នុងរយៈពេល ៧ខែឆ្នាំនេះ ប្រទេសកម្ពុជា បាននាំចេញមុខទំនិញនានា មានតម្លៃទឹកប្រាក់សរុប ១៤,៧៦ពាន់លានដុល្លារអាមេរិក កើនឡើង ១៤% រីឯការនាំចេញចូលមុខទំនិញផ្សេងៗរបស់កម្ពុជា នៅក្នុងអំឡុងពេលតែមួយនេះ មានតម្លៃទឹកប្រាក់សរុប ១៦,៤២ពាន់លានដុល្លារអាមេរិក កើនឡើង ១៥,៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
មុខទំនិញនាំចេញសំខាន់ៗ ដែលជំរុញឲ្យមានកំណើននេះ រួមានផលិតផលវាយនភណ្ឌកាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ, ផលិតផលកសិកម្ម ដែលមានដូចជា គ្រាប់ធញ្ញជាតិ បន្លែ និងផ្លែឈើ, ផលិតផលធ្វើពីកៅស៊ូ និងគ្រឿងសង្ហារឹម ជាដើម។ ចំណែកមុខទំនិញសំខាន់ៗ ដែលកម្ពុជា នាំចូលវិញ មានដូចជា វត្ថុធាតុដើមវាយនភណ្ឌកាត់ដេរ, ប្រេងឥន្ធនៈ, គ្រឿងអេឡិចត្រូនិក, យានយន្ត និងគ្រឿងចក្រ, សម្ភារសំណង់, គ្រឿងឧបភោគបរិភោគ និងគ្រឿងសម្អាង និងឳសថ និងបរិក្ខាពេទ្យ ជាដើម។
គួរបញ្ជាក់ថា ដៃគូពាណិជ្ជកម្មសំខាន់ៗរបស់កម្ពុជា រួមមាន៖ សហរដ្ឋអាមេរិក, សហភាពអឺរ៉ុប, ចិន, វៀតណាម, ជប៉ុន, កាណាដា, អង់គ្លេស និងថៃ៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *

មាតិកាផ្សេងៗ