ភ្នំពេញ ៖ ញត្តិគាំទ្រ ក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ យើងខ្ញុំសូមសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹង និងមុតមាំបំផុតនូវសារសំឡេងពិសេសរបស់ សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែល បានថ្លែងពន្យល់បន្ថែមអំពី – កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍-DTA- ។
សារសំឡេងពន្យល់បន្ថែមរបស់ សម្តេចតេជោ បានធ្វើឱ្យសាធារណជនជាតិ និងអន្តរជាតិ កាន់តែយល់ច្បាស់និងស៊ីជម្រៅលើ – កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍» នេះថា ៖
១. មិនមែនជាការធ្វើឱ្យបាត់បង់ទឹកដីទៅបរទេសណាមួយ ដូចការចោទប្រកាន់ឡើយ ។
២. មិនមែនជាការអភិវឌ្ឍរួមគ្នា ឬចូលហ៊ុនជាមួយគ្នា ដូចការមួលបង្កាច់នោះឡើយ ។
៣. មិនមែនជាតំបន់ស្វយ័ត ឬប្រទេសមួយឡើយ គឺដីខ្មែរគ្រប់គ្រងដោយខ្មែរ ។ ផ្ទុយទៅវិញ វាគឺជាកិច្ចសហប្រតិបត្តិការគ្នាទៅវិញទៅមក ដើម្បីអភិវឌ្ឍន៍តាមតំបន់ជាប់ព្រំដែន ក្នុងនាមប្រទេសភូមិផងរបងជាមួយគ្នា ហើយធ្វើជាទូទៅជាមួយប្រទេសជាប់ព្រំដែនកម្ពុជា។ ត្រឡប់មកវិញ “កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍-DTA» នេះ បានផ្លាស់ប្តូរស្ថានភាពខេត្តទាំងបួន ៖
១. ទៅជាតំបន់មានសុវត្ថិភាពគ្មានមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ខុសពីការបំភាន់ថាគ្មានមីន។
២. ក្លាយពីតំបន់ស្ងាត់ជ្រងំក្រីក្រ ទៅជាតំបន់ផ្តល់នូវផលប្រយោជន៍សេដ្ឋកិច្ចសង្គមដល់ប្រជា ពលរដ្ឋ ដែលមានប្រទេសជប៉ុន និងតួអង្គអន្តរជាតិផ្សេងៗទៀតចូលទៅគាំទ្រ និងផ្តល់ជំនួយ តាមយន្តការនានា។
៣. ក្លាយជាតំបន់មានការតភ្ជាប់ប្រព័ន្ធផ្លូវ ទឹក បណ្តាញអគ្គិសនី សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និង បម្រើដល់វិស័យពាណិជ្ជកម្ម ទេសចរណ៍ ទូរគមនាគមន៍ និងសង្គមផ្សេងៗទៀតជាដើម។ សារពន្យល់របស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី កន្លងទៅ និង សម្តេចតេជោ ហ៊ុន សែន នាពេលនេះ ល្មមឱ្យបងប្អូនយល់ និង ចៀសបានពីការញុះញង់បោកបញ្ឆោតរបស់ក្រុមឱកាសនិយមខុសតម្រា ទាំងនោះហើយ។ យើងខ្ញុំសូមទទូចដល់បងប្អូនជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា លើ សម្តេចធិបតី នាយករដ្ឋមន្ត្រី និង សម្តេចតេជោ ហ៊ុន សែន ដែលលោកតែងផ្ញើសារពន្យល់ប្រកបដោយ ព្រហ្មវិហារធម៌ និងទទួចដោយសន្តិវិធីឱ្យបញ្ឈប់ការផ្ទុះឆ្កៀល ក៏ដូចជាបញ្ឈប់ការចូលរួមធ្វើសកម្មភាពខុសច្បាប់ នានាដើម្បីបំពេញមហិច្ឆតាដ៏ពិសពល់របស់ក្រុមណាមួយ ដែលចង់ផ្តួលរំលំរាជរដ្ឋាភិបាលកើតចេញពីការ បោះឆ្នោតនោះ៕