សារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី១៣ ខែសីហា ឆ្នាំ២០២៤ បានផ្សាយថា នៅសប្តាហ៍ខាងមុខនេះ កូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិក នឹងចាប់ផ្តើមការធ្វើសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំជារដូវក្តៅ ដើម្បីបង្កើនសមត្ថភាពទប់ទល់ប្រឆាំងការគំរាមកំហែងពីសព្វាវុធនិងការវាយលុកតាមប្រព័ន្ធ cyber របស់ប្រទេសកូរ៉េខាងជើង។
សមយុទ្ធយោធា Ulchi Freedom Shield នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ រហូតដល់ថ្ងៃទី២៩ ខែសីហា។ យោធាកូរ៉េខាងត្បូងនិងអាមេរិកបាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា សមយុទ្ធរួមនេះនឹងឆ្លុះបញ្ចាំងការគំរាមកំហែងជាក់ស្តែងនៅគ្រប់ដែនទាំងអស់ គឺរួមមានទាំងការគំរាមកំហែងមីស៉ីល ព្រមទាំងការរំខានប្រព័ន្ធ GPS និងការវាយប្រហារ cyber ជាដើម ពីសំណាក់កូរ៉េខាងជើង រួមជាមួយមេរៀនផ្សេងៗ ដែលត្រូវបានរៀនពីឧប្បត្តិហេតុនានា អំឡុងពេលមួយរយៈកន្លងទៅនេះ។
អ្នកនាំពាក្យយោធាកូរ៉េខាងត្បូង បានឱ្យដឹងថា កងទ័ពកូរ៉េខាងត្បូងប្រហែល១៩,០០០នាក់ ពោលគឺចំនួនស្រដៀងគ្នាជាមួយឆ្នាំមុន នឹងចូលរួមធ្វើលំហាត់យោធាចម្រុះជាច្រើនប្រភេទ អំឡុងសមយុទ្ធខាងលើ។ រីឯអ្នកនាំពាក្យកងម្លាំងយោធាអាមេរិកនៅឧបទ្វីបកូរ៉េ បាននិយាយថា សមយុទ្ធយោធាប្រចាំឆ្នាំមួយនេះ ស្ថិតក្នុងចំណោមសមយុទ្ធធំបំផុត នៅតំបន់ឥណ្ឌូ-ប៉ាស៉ីហ្វិក ហើយក៏នឹងត្រូវចូលរួមដោយរដ្ឋជាសមាជិក នៃបញ្ជាការដ្ឋានអង្គការសហប្រជាជាតិ (UNC) ផងដែរ។
ជាយូរមកហើយ ទីក្រុងព្យុងយ៉ាងបានចោទប្រកាន់សម្ព័ន្ធមិត្តអាមេរិក-កូរ៉េខាងត្បូង អំពីការដុតបញ្ឆេះភាពតានតឹង តាមរយៈការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ ដោយហៅសកម្មភាពទាំងនោះថាជាការហាត់សមសម្រាប់សង្រ្គាមនុយក្លេអ៊ែរ។ យ៉ាងណាមិញ ខាងទីក្រុងសេអ៊ូលនិងវ៉ាស៉ីនតោន បានអះអាងថា ការធ្វើលំហាត់យោធារួមគ្នាទាំងនេះ មានគោលដៅដើម្បីពង្រឹងសមត្ថភាពការពារខ្លួន ប្រឆាំងការគំរាមកំហែងរបស់កូរ៉េខាងជើង៕ ដោយ៖ ធីរីណា