សារព័ត៌មាន Reuters បានផ្សាយថា ក្រសួងការបរទេសអាមេរិក កាលពីថ្ងៃសុក្រ ទី៩ ខែសីហា បាននិយាយថាទីក្រុងវ៉ាស៊ីនតោននឹងផ្ដល់ជំនួយឱ្យអ៉ីស្រាអែល ៣.៥ពាន់លានដុល្លារ ដើម្បីទិញអាវុធនិងបរិក្ខារយោធាពីក្រុមហ៊ុនផលិតអាវុធអាមេរិក ដោយការទម្លាក់កញ្ចប់ថវិកានេះនឹងត្រូវធ្វើឡើងនៅប៉ុន្មានខែខាងមុខ។
អ្នកនាំពាក្យម្នាក់របស់ក្រសួងការបរទេសអាមេរិកម្នាក់បានឱ្យដឹងថាខាងក្រសួងបានជូនដំណឹងទៅកាន់សភាទាំង២ កាលពីថ្ងៃព្រហស្បតិ៍ទី៨ ខែសីហាថា រដ្ឋាភិបាលមានបំណងទម្លាក់កញ្ចប់ថវិកាយោធាពាន់លានដុល្លារទៅឱ្យអ៉ីស្រាអែល។ ដោយឡែក បើតាមទូរទស្សន៍អាមេរិក CNN កញ្ចប់ថវិកានេះដែរនឹងត្រូវយកចេញពីកញ្ចប់ថវិកា ១៤ពាន់លានដុល្លារដែលសភាទាំង២របស់សហរដ្ឋអាមេរិកបានអនុម័តសម្រាប់អ៉ីស្រាអែលកាលពីខែមេសាកន្លងទៅ។
ភាពតានតឹងនៅក្នុងតំបន់មជ្ឈិមបូព៌ា បានកើនឡើងជាលំដាប់ និងបង្កឱ្យមានការភ័យខ្លាចពីហានិភ័យផ្ទុះសង្រ្គាមទ្រង់ទ្រាយធំក្នុងតំបន់ទាំងមូល បន្ទាប់ពីការសម្លាប់មេដឹកនាំនយោបាយក្រុមហាម៉ាស់ លោក Ismail Haniyeh នៅអ៉ីរ៉ង់ និងការសម្លាប់មេបញ្ជាការជាន់ខ្ពស់ក្រុមហេសបូឡាហ៍ លោក Fuad Shukr នៅលីបង់ ដែលជំរុញឱ្យមានការគំរាមសងសឹកប្រឆាំងនឹងអ៉ីស្រាអែលវិញ៕