ខេត្តតាកែវ ៖ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលកាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៤ ចន្លោះម៉ោង១០យប់ ត្រង់ចំណុចបន្ទប់ក្នុងផ្ទះជនរងគ្រោះ ស្ថិតនៅភូមិស្វាយឬស្សី សង្កាត់បារាយណ៍ ក្រុងដូនកែវ សពជនរងគ្រោះត្រូវបានកូនប្រុសប្រទះឃើញដេកស្លាប់នៅលើគ្រែក្នុងផ្ទះរបស់ខ្លួនដោយមានសភាពរៀងហើមស្អុយទៅហើយ ។ កូនរបស់ស្ត្រីរងគ្រោះក៏រត់ទៅប្រាប់ជីដូនឱ្យមកមើល និងបង្កអោយមានការភ្ញាក់ផ្អើលពេញភូមិមកចោមរោមមើល។ករណីនេះក្រោមការស្រាវជ្រាវ និងការបំភ្លឺពីប្រជាពលរដ្ឋរស់នៅក្បែផ្ទះកើតហេតុក៏ដូចជាប្រជាពលរដ្ឋរស់នៅក្នុងភូមិនោះ គឺបង្កឡើងដោយជនសង្ស័យឈ្មោះ ខុន វណ្ណថង ភេទប្រុស អាយុ៣១ឆ្នាំ ត្រូវជាប្តីរបស់ស្ត្រីរងគ្រោះ បានធ្វើសកម្មភាពដោយយកកខ្នើយសង្កត់ទៅលើមុខជនរងគ្រោះនិងកាច់បំបាក់ក បណ្តាលអោយស្លាប់នៅនឹងកន្លែងកើតហេតុ។
ស្ត្រីរងគ្រោះឈ្មោះ ខែម ម៉ាច អាយុ៣២ឆ្នាំ ជាកម្មការីនីរោងចក្រ រស់នៅភូមិឃុំកើតហេតុខាងលើនិងមានកូនប្រុសម្នាក់។
បើតាមសំដីប្រជាពលរដ្ឋរស់នៅក្បែរផ្ទះស្ត្រីរងគ្រោះបានអោយដឹងថា ស្ត្រីរងគ្រោះគឺត្រូវបានជនដៃដល់ជាប្តីចាក់ និងកាច់កសម្លាប់តាំងយប់ថ្ងៃទី២ សីហា ឆ្នាំ២០២៤ ចន្លោះម៉ោង៩ទៅម៉ោង១០យប់ នៅពេលស្ត្រីរងគ្រោះត្រឡប់មកពីធ្វើការរោងចក្រវិញរៀបចំងូតទឹក។ប្រជាពលរដ្ឋបានបន្តទៀតថា លុះព្រឹកឡើង មុនមានការភ្ញាក់ផ្អើល ជនដៃដល់ជាប្តីបានយកថ្នាំទៅបាញ់ស្រូវជាធម្មតា ដូចអត់មានរឿងអ្វីកើតឡើងអញ្ចឹង ។ ពេលនោះម៉ែក្មេកជនដៃដល់បានសួរថាមេចបានជាប្រពន្ធឯងមិនមក បន្ទាប់មកជនដៃដល់ឆ្លើយថាទៅធ្វើការបាត់ហើយ។ រហូតដល់ម៉ោងកើតហេតុ កូនប្រុសរបស់ស្ត្រីរងគ្រោះឈ្មោះខុន មាន់ អាយុ១០ឆ្នាំ បានចូលក្នុងផ្ទះបើកទ្វាបន្ទប់ ក៏ស្រាប់ឃើញសពម្តាយមុខហើមដេកដណ្តប់ភួយនៅលើគ្រែលែងស្គាល់មុខម្តាយក៏រត់ទៅប្រាប់ជីដូនអោយមកមើល ទើបដឹងជាកូនស្រីស្លាប់បាត់ទៅហើយ ក៏មានការឆោឡោនឹងភ្ញាក់ផ្អើលឡើងតែម្តង។
សាក្សីបានបញ្ជាក់ថា ជនដៃដល់ជាប្តីរូបនេះមិនបានជួយធ្វើការងាររកស៊ីទេ ហើយជាមនុស្សប្រើប្រាស់គ្រឿងញៀ.ន រករឿងស្ត្រីជាប្រពន្ធរាល់ថ្ងៃមិនដែលខានឡើយ ។
នគរបាលបច្ចេកទេសបានអោយដឹងថា ជនដៃដល់បានវាយអោយស្ត្រីជាប្រពន្ធអោយសន្លប់ រួចលើកដាក់លើគ្រែដេក និងយកកាំបិតចាក់ដើមទ្រូង រួចមួលបំបាក់ក តែម្តង ។សមត្តកំពុងតាមចាប់ជនដៃដល់ដែលរត់គេចខ្លួនមកផ្តន្ទាទោស។