ខេត្តស្ទឹងត្រែង៖ កងរាជអាវុធហត្ថខេត្តស្ទឹងត្រែងបង្ក្រាបបទល្មើសកាប់បំផ្លាញធនធានធម្មជាតិ ដែលប្រព្រឹត្តល្មើសនៅក្នុងតំបន់ការពារទេសភាព នៅព្រំប្រទល់រវាងស្រុកថាឡាបរិវ៉ាត់ និងស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ជនល្មើសដែលឃាត់ខ្លួនបាន ត្រូវបញ្ជូនទៅកាន់ពន្ធនាគារខេត្ត។
ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋ លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង នៅថ្ងៃត្រង់ ថ្ងៃអង្គារ ទី៦ ខែសីហា ឆ្នាំ២០២៤ បានដាក់បទបញ្ជាទៅមេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងលោកប្រធានមន្ទីរបរិស្ថានខេត្តដើម្បីស្រាវជ្រាវ កំណត់ទីតាំងនិងឈានទៅកំណត់មុខសញ្ញា ក្រោមការសម្របសម្រួលនីតិវិធីពីព្រះរាជ អាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង។ កម្លាំងជំនាញបានពួនស្ទាក់ឃាត់ខ្លួនជនសង្ស័យបានម្នាក់ និងរឹបអូសបានវត្ថុតាងមួយចំនួន។ ក្រោយការបញ្ចប់នីតិវិធីដោយស្ថាប័នបអយ្យការអមសាលាដំបូងខេត្ត បច្ចុប្បន្ន ជនល្មើសដែលឃាត់ខ្លួនបាន ត្រូវបញ្ជូនទៅកាន់ពន្ធនាគារខេត្ត។
លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង ថ្លែងថា ក្នុងនាមប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្ទឹងត្រែង ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជា ទីបំផុតជូនចំពោះ ព្រះរាជអាជ្ញា នៃអយ្យការអមសាលា ដំបូងខេត្ត និងសូមថ្លែងនូវការកោតសរសើរអស់ពីដួងចិត្តជូនចំពោះមេបញ្ជាការ មេបញ្ជាការរង នាយ ទាហាន នាយទាហានរង នៃបញ្ជាការដ្ឋានកងរាជអាវុធ ហត្ថខេត្ត ថ្នាក់ដឹកនាំមន្ទីរបរិស្ថានខេត្ត និងឧទ្យានុរក្ស ដែលបានអនុវត្តបទបញ្ជា សហការ សម្របសម្រួល និងពន្លាតនីតិវិធី ឈានដល់ការបង្ក្រាបបានទាំងស្រុង។
លោកអភិបាលខេត្តស្ទឹងត្រែង ក៏បានថ្លែងសំណូមពរទៅស្ថាប័នអយ្យការអមសាលាដំបូងខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ សូមបន្តស៊ើបអង្កេត ស្រាវជ្រាវ ដើម្បីវែកមុខ និងឃាត់ខ្លួនមកទទួលទោសតាមច្បាប់រដ្ឋកំណត់ ចំពោះអ្នកនៅពីក្រោយខ្នង និងអ្នកជួលឱ្យប្រជាជន ចូលកាប់បំផ្លាញព្រៃឈើ ដើម្បីសម្រេចមហិច្ឆតាទន្ទ្រានដីរដ្ឋ ដោយខុសច្បាប់៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *

មាតិកាផ្សេងៗ