ក្នុងពេលដ៏ខ្លីខាងមុខ ប្រធានាធិបតីអាមេរិក លោក បៃដិន បានកោះប្រជុំជាបន្ទាន់មួយជាមួយក្រុមសន្តិសុខជាតិ ក្រោយទទួលបានព័ត៌មានថា អុីរ៉ង់អាចវាយប្រហារអុីស្រាអែល ក្នុងពេល ១-២ថ្ងៃខាងមុខ។ សារព័ត៌មាន CGTN នាថ្ងៃចន្ទ ទី៥ ខែសីហា ឆ្នាំ២០២៤ ដោយផ្អែកលើប្រភពដែលខ្លួនទទួលបាន បានរាយការណ៍ថា រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Antony Blinken បានប្រាប់ទៅកាន់បណ្តាសមភាគីរបស់លោក នៃក្រុមប្រទេស G7 ថា បើតាមការជឿជាក់របស់ទីក្រុងវ៉ាស៉ីនតោន គឺអ៉ីរ៉ង់ប្រហែលអាចនឹងវាយប្រហារលើអ៉ីស្រាអែល ក្នុងចន្លោះពេល២៤-៤៨ម៉ោង ខាងមុខនេះ។ លោក Blinken បានសង្កត់ធ្ងន់ទៅកាន់ក្រុមប្រមុខការទូត G7 ថា សហរដ្ឋអាមេរិកចាត់ទុកការដាក់សម្ពាធលើទីក្រុងតេហេរ៉ង់ ឱ្យដាក់កំហិតសកម្មភាពវាយប្រហារបស់ខ្លួន ជាយុទ្ធសាស្រ្តដ៏ប្រសើរបំផុត ដើម្បីទប់ស្កាត់កុំឱ្យជម្លោះរីករាលដាលពេញមជ្ឈិមបូព៌ា។ លោកប្រមុខការទូតអាមេរិក បាននិយាយថា ពេលវេលាជាក់លាក់តែម្តងនៃការវាយប្រហាររបស់អុីរ៉ង់ គឺនៅតែមិនទាន់ដឹងច្បាស់ទេ ប៉ុន្តែវាអាចកើតឡើងនៅចន្លោះថ្ងៃចន្ទ និងអង្គារ ដើមសប្តាហ៍នេះ។ ទន្ទឹមគ្នានេះ យោធាអាមេរិក ក៏កំពុងដាក់ពង្រាយកម្លាំងបន្ថែមទៅកាន់តំបន់មជ្ឈិមបូព៌ា ផងដែរ។ ការលើកឡើងរបស់លោក Blinken គឺបានប្រព្រឹត្តទៅកាលពីថ្ងៃអាទិត្យ ទី៤ ខែសីហា អំឡុងកិច្ចសន្ទនាតាមប្រព័ន្ធអនឡាញ ដែលមានគោលដៅបង្កើនកិច្ចសហការជាមួយសម្ព័ន្ធមិត្តជិតស្និទ្ធរបស់អាមេរិក ដើម្បីដាក់សម្ពាធលើអ៉ីរ៉ង់ ក៏ដូចជាក្រុម Hezbollah ដែលមានមូលដ្ឋាននៅលីបង់ ឱ្យរឹតត្បិតសកម្មភាពសងសឹករបស់ពួកគេ និងបន្ធូរបន្ថយភាពតានតឹងនៅក្នុងតំបន់។ ភាពតានតឹងនៅមជ្ឈិមបូព៌ា បានកើនឡើងខ្លាំងមួយកម្រិតទៀត ក្រោយការធ្វើឃាតលើមេបញ្ជាការយោធាជាន់ខ្ពស់ របស់ក្រុម Hezbollah លោក Fuad Shukr នៅទីក្រុងបេរូតរបស់លីបង់ និងមេដឹកនាំនយោបាយរបស់ក្រុមហាម៉ាស់ប៉ាឡេស្ទីន គឺលោក Ismail Haniyeh នៅទីក្រុងតេហេរ៉ង់របស់អ៉ីរ៉ង់ កាលពីចុងខែកក្កដាកន្លងទៅ។ ប៉ុន្មានថ្ងៃមុនពេលនោះ ការវាយប្រហារដោយគ្រាប់រ៉ុក្កែតលើតំបន់ Golan Heights នៅអុីស្រាអែល បានសម្លាប់កុមារនិងក្មេងជំទង់១២នាក់។ អុីរ៉ង់ ហាម៉ាស់ និង Hezbollah បានចោទប្រកាន់អ៉ីស្រាអែលជាអ្នកនៅពីក្រោយការធ្វើឃាតទាំងនេះ ហើយបានប្តេជ្ញាសងសឹកវិញ។ អុីស្រាអែលបានទទួលស្គាល់ចំពោះការសម្លាប់លោក Shukr ដោយថា វាគឺជាការឆ្លើយតបចំពោះការបាញ់រ៉ុក្កែតមកលើតំបន់ Golan Heights ប៉ុន្តែមិនបានទទួលស្គាល់ ឬបដិសេធចំពោះការសម្លាប់លោក Haniyeh ឡើយ៕ ដោយធីរីណា
រូបថត​: AP

By admin

Leave a Reply

Your email address will not be published. Required fields are marked *

មាតិកាផ្សេងៗ