ខេត្តស្ទឹងត្រែង ៖ នាថ្ងៃត្រង់ ថ្ងៃអាទិត្យ ទី៤ ខែសីហា ឆ្នាំ២០២៤ លោក សរ សុពុត្រា អភិបាលនៃគណៈអភិបាល ខេត្តស្ទឹងត្រែង រួមជាមួយលោកប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ លោកអភិបាលក្រុង និងលោកចៅសង្កាត់ បានអញ្ជើញចុះពិនិត្យជាក់ស្តែងពីស្ថានភាពរបស់ប្រជាពលរដ្ឋ ចំនួន ៥៩គ្រួសារ រស់នៅក្នុងភូមិរាជានុកូលទី២ សង្កាត់-ក្រុង-ខេត្តស្ទឹងត្រែង ដែលពុំទាន់មានបណ្តាញអគ្គិសនី និងទឹកស្អាត ប្រើប្រាស់នៅឡើយ។
សូមបញ្ជាក់ថា ៖ ជាលទ្ធផល លោក សរ សុពុត្រា អភិបាលនៃគណៈអភិបាល ខេត្តស្ទឹងត្រែង បានប្រគល់ភារកិច្ចជូនរដ្ឋបាលសង្កាត់ និងក្រុង ធ្វើបច្ចុប្បន្នភាពឡើងវិញពីចំនួនគ្រួសារប្រជាពលរដ្ឋ និងចំនួនក្បាលដី ដែលមិនទាន់ភ្ជាប់បណ្តាញអគ្គិសនី និងទឹកស្អាត ឱ្យបានច្បាស់លាស់។
លោក សរ សុពុត្រា អភិបាលនៃគណៈអភិបាល ខេត្តស្ទឹងត្រែង បញ្ជាក់ថា ៖ សាខាអគ្គិសនីកម្ពុជាខេត្ត និងសាខារដ្ឋាករទឹកកម្ពុជាខេត្ត ពិនិត្យលទ្ធភាពសិក្សាពីការដាំបង្គោល បង្កប់ទុយោ និងអូសខ្សែបណ្តាញមេ (ទឹក-ភ្លើង) មកកាន់តំបន់ដែលកំពុងតែខ្វះខាតការប្រើប្រាស់។ ដោយឡែក មន្ទីរអភិវឌ្ឍន៍ជនបទ ពិនិត្យលទ្ធភាពសិក្សារកប្រភពទឹក ដើម្បីជីកអណ្តូង ជូនបងប្អូនប្រជាពលរដ្ឋ បានប្រើប្រាស់បណ្តោះអាសន្នសិន។ ទន្ទឹមនឹងនេះ លោក សរ សុពុត្រា អភិបាលនៃគណៈអភិបាល ខេត្តស្ទឹងត្រែង ស្នើសុំការយោគយល់ពីពុកម៉ែបងប្អូនទាំង៥៩គ្រួសារ ទុកពេលវេលាឱ្យលោក និងអង្គភាពពាក់ព័ន្ធ ពិនិត្យលទ្ធភាពក្នុងការដោះស្រាយជូនពុកម៉ែបងប្អូនទាំងអស់គ្នា ដោយសេចក្តីគោរព សូមអរគុណច្រើន ៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *