ពោធិ៍សាត់៖ រថភ្លើងមួយខ្សែពេលកំពុងបើកតាមផ្លូវ ស្រាប់តែដាច់ក្បាលចេញពីទូ ក្រឡាប់ធ្លាក់ផ្លូវដោយខ្លួនឯង តែសំណាងមិនមានមនុស្សណាម្នាក់រងគ្រោះថ្នាក់កាលពីវេលាទាបភ្លឺ ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៤ ត្រង់ចំណុចមុខវត្តបំណក់ ស្ថិតក្នុងភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ទាក់ទងករណីយ៍នេះនៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៤ លោក ផន រឹម អ្នកនាំពាក្យ និងជា អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និង ដឹកជញ្ជូន បានឱ្យដឹងថា ខ្ញុំបាទសូមជម្រាបជូនបណ្តាញព័ត៌មាន និងសាធារណជនមេត្តាជ្រាបថា នៅវេលាម៉ោង៤និង ៣០ នាទីព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៤ រថភ្លើងមួយខ្សែចេញដំណើរពីបាត់ដំបង ឆ្ពោះទៅកាន់រាជធានីភ្នំពេញ បានជួបឧប្បត្តិហេតុធ្លាក់ទូរថភ្លើងដឹកប្រេងឥន្ធនៈចេញពីដែករ៉ៃ លើផ្លូវដែកភាគខាងជើងចំណុចPK-123+350 ស្ថិតក្នុងភូមិកប៉ាស់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ចំនួន៦ទូ(ទូទទេ) មិនបណ្តាលឲ្យរងគ្រោះថ្នាក់ដល់អ្នកបើកបរ អ្នកធ្វើដំណើរ និងប្រជាពលរដ្ឋរស់នៅតាមដងផ្លូវដែកឡើយ។
ក្រុមការងារនាយកដ្ឋានផ្លូវដែក នៃក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន Royal Railway Cambodia បានទៅដល់កន្លែងកើតហេតុភ្លាមៗដើម្បីអន្តរាគមន៍ និងយករថយន្តស្ទូចលើកទូរថភ្លើងមកដាក់លើផ្លូវដែកវិញ។ ក្រុមការងារបច្ចេកទេសកំពុងពិនិត្យជាក់ស្តែងនៅកន្លែងកើតហេតុ ដោយមើលឃើញស្ថានភាពផ្លូវដែកខូចខាតប្រវែង១០០ម៉ែត្រ និងស្រុតមួយចំហៀងដោយសារទឹកហូរច្រោះបន្ទាប់ពីភ្លៀងធ្លាក់ជាបន្តបន្ទាប់ប៉ុន្មានថ្ងៃជាប់ៗគ្នានេះ។
លោក ផន រឹម អ្នកនាំពាក្យ និងជា អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និង ដឹកជញ្ជូន បន្តថា ៖ ក្រុមហ៊ុនរ៉ូយ៉ាល់រេលវេ ដែលទទួលបានសិទ្ធិវិនិយោគពីរាជរដ្ឋាភិបាល តែងបានប្រកាសប្តេជ្ញាចិត្តក្នុងការផ្តល់ជូននូវសេវាកម្មដឹកជញ្ជូនទំនិញតាមរយៈផ្លូវដែក ប្រកបដោយប្រសិទ្ធភាព និងគួរឱ្យទុកចិត្តនៅទូទាំងប្រទេសកម្ពុជា។ក្រុមហ៊ុននឹងនៅតែបន្តប្តេជ្ញាចិត្តក្នុងការផ្តល់នូវសេវាកម្មអោយកាន់តែល្អជូនដល់អតិថិជនទាំងអស់ និងចូលរួមចំណែកក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។លទ្ធផល នៃការស្រាវជ្រាវលម្អិត នាយកដ្ឋានផ្លូវដែក នៃក្រសួងសាធារណការ និងដឹកជញ្ជូន និងភាគីក្រុមហ៊ុន Royal Railway Cambodia នឹងផ្សព្វផ្សាយនាពេលក្រោយ ។
សូមបញ្ជាក់ថាក្នុងហេតុការណ៍នេះ បានបណ្ដាលឲ្យខូចខាតទូស៊ីទែន៤, ទូកុងតឺន័រ១ (ដាក់ស្រូវ) ទូទទេ២ (មិនបណ្ដាលឲ្យរងរបួសមនុស្សទេ)។ អ្នកបើករថភ្លើងមានឈ្មោះ តៃ វីរីយ៉ា អាយុ៥៨ឆ្នាំ រស់នៅភូមិ២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។បើតាមរបាយការណ៍របស់សមត្ថកិច្ច រថភ្លើងក្រោយពេលក្រឡាប់ក្បាលបានអូស១១ទូ ចម្ងាយ២០០ម៉ែត្រពីទូលក្រឡាប់។មានការសង្ស័យថាហេតុអីសុខរថភ្លើងដែលមិនដឹកអីធ្ងន់ផងក្រឡាប់?តើវាជាសកម្មភាពវិទ្ធង្សនាឬក៏កើតឡើងដោយសារឧបទ្ទវហេតុ?។បញ្ហានេះសុទ្ធតែរសើបទាំងពីរករណីយ៍។បើវាជាឧបទ្ទវហេតុមានន័យថាស្ថានភាពផ្លូវដែកគ្មានសុវត្ថិភាព។បើវាជាវិទ្ធង្សនាបានន័យថាសន្តិសុខមានបញ្ហា?៕