ខេត្តពោធិ៍សាត់ ៖ អ្នកបើកបរឧទ្ធម្ភាគចក្រម្នាក់ទៀត ត្រូវបានរកឃើញហើយ ស្លាប់នៅចំងាយប្រមាណ២១០ម៉ែត្រពីកន្លែងយន្តហោះធ្លាក់ ដូច្នេះអាកាសយានិកទាំង២នាក់ បានទទួលមរណភាព ជាមួយក្តី អាឡោះអាល័យ សោកស្តាយបំផុត !
តាមសេចក្តីរាយការណ៍កន្លែងក្រុមកងទ័ពស្វែងរកបានបញ្ជាក់ឲ្យដឹងថា អ្នកបើកបរឧទ្ធម្ភាគចក្រម្នាក់ទៀត ឈ្មោះ ស៊ុន ផល្លា ត្រូវបានរកឃើញស្លាប់នៅចម្ងាយប្រមាណ២១០ម៉ែត្រពីកន្លែងយន្តហោះធ្លាក់។
នៅម៉ោង១០៖៣០នាទីព្រឹក ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤នេះ កម្លាំងរុករកបានប្រទះឃើញ សាកសពអាកាសយានិកម្នាក់ទៀតហើយ ដោយរូបគាត់មានឈ្មោះ ស៊ុន ផល្លា ដែលត្រូវបានរកឃើញនៅចំណុចជើងភ្នំយ៉ាវយ៉ៃ ដែលមានចម្ងាយជាង២១០ម៉ែត្រ ពីចំណុចឧទ្ធម្ភាគចក្រធ្លាក់។ នេះបើតាមការបញ្ជាក់របស់ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ ដែលដឹកនាំប្រតិបត្តិការរុករកដោយផ្ទាល់។
សូមរម្លឹកថា ៖ ព័ត៌មានផ្លូវការ ពីក្រសួងការពារជាតិ តាមរយៈកងទ័ពជើងអាកាស បានបញ្ជាក់ថា ឧទ្ធម្ភាគចក្រដែលបាត់ការទាក់ទង កាលពីថ្ងៃទី១២ កក្កដា គឺជាជើងហោះហើរ ដឹកនាំ ដោយ ឈ្មោះ ស៊ុន ផល្លា ប្រធានក្រុម និងឈ្មោះ ខេង ឆៃយុទ្ធ ជាអាកាសយានិក ។
តាមរយៈ លិខិត ស្ដីពីផែនការហោះហើរ របស់កងទ័ពអាកាសនៃក្រសួងការពារជាតិ លេខ៤១៧ /២៤ ដែលបានចែកចាយជាសាធារណៈ នាថ្ងៃ១៣ កក្កដានេះ បានបញ្ជាក់ថា ឧទ្ធម្ភាគចក្រZ-9 លេខ MH912 ត្រូវមានជើងហោះហើរ ពីភ្នំពេញ -ថ្មដារ-ពោធិ៍សាតិ – ភ្នំពេញ ក្នុងភារកិច្ចហ្វឹកហ្វឺនផ្លូវឆ្ងាយឱ្យអាកាសយានិក ដែលចេញដំណើរពីម៉ោង១១ថ្ងៃត្រង់ ថ្ងៃទី១២កក្កដា និងត្រូវវិលត្រឡបមកវិញ នៅម៉ោង១៤ រសៀលថ្ងៃដដែល។ ប៉ុន្តែជាអកុសល ឧទ្ធម្ភាគចក្រZ-9 លេខ MH912 ដែលដឹកនាំ ដោយ ឈ្មោះ ស៊ុន ផ្លា ប្រធានក្រុម និងឈ្មោះ ខេង ឆៃយុទ្ធ ជាអាកាសយានិក ត្រូវបានបាត់ការទាក់ទង និងពុំមានការបញ្ជាក់ ពីមូលហេតុឡេីយ ។
ទីបំផុត ! សាកសពអាកាសយានិក ឈ្មោះ ខេង ឆៃយុទ្ធ បានរកឃើញនៅល្ងាចថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ បន្ទាប់ពីរកឃើញសពលោក ខេង ឆៃយុទ្ធ ស្លាប់នៅលើកៅអីយន្តហោះ ។ ដោយឡែកថ្ងៃនេះ អ្នកបើកបរឧទ្ធម្ភាគចក្រម្នាក់ទៀត ត្រូវបានរកឃើញហើយ ស្លាប់នៅចំងាយប្រមាណ២១០ម៉ែត្រពីកន្លែងយន្តហោះធ្លាក់ គឺសពលោក ស៊ុន ផល្លា ៕