ពោធិ៍សាត់៖សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសរសេររៀបរាប់នៅលើបណ្ដាញសង្គម ដូច្នេះថា «មកទល់ថ្ងៃនេះ កងកម្លាំងរុករករបស់យើងបានរកឃើញទាំងឧទ្ធម្ភាគចក្ររបស់កងទ័ពជើងអាកាសនៃកងយោធពលខេមរភូមិន្ទ ដែលបានធ្លាក់កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅ និងអាកាសយានិករបស់យើងទាំងពីររូប»។តែជាអកុសល អាកាសយានិកទាំងពីរ គឺលោកវរសេនីយ៍ទោ ស៊ុន ផល្លា និងលោកអនុសេនីយ៍ឯក ខេង ឆៃយុទ្ធ ត្រូវរកឃើញថា បានពលីជីវិតទៅហើយនៅក្នុងឧបទ្ទវហេតុនេះ។a eleco die5
សម្ដេចធិបតី បានសម្តែងនូវមរណទុក្ខដ៏សែនក្រៀមក្រំ និងសោកសង្រេងជាទីបំផុតជូនដល់ក្រុមគ្រួសារនៃសពចំពោះការបាត់បង់នូវកូនប្រុស ស្វាមី ឪពុក បងប្រុស ប្អូនប្រុសដ៏ល្អជាទីស្រឡាញ់រកទីបំផុតគ្មាន។ សម្ដេចធិបតី ក៏បានចាត់ទុកថា ជាការបាត់បង់ដ៏ធំធេងសម្រាប់ជាតិ និងកងយោធពលខេមរភូមិន្ទទាំងមូល នូវនាយទាហានពីររូបដ៏មានឆន្ទៈ សមត្ថភាព និងទឹកចិត្តស្នេហាជាតិ គួរជាទីសោកស្តាយ ស្រណោះអាឡោះអាល័យជាពន់ពេក។
សម្ដេចធិបតី នាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់ក្រុមការងាររុករកទាំងអស់ ទាំងថ្នាក់ដឹកនាំ និងកងកម្លាំងរុករកផ្ទាល់ ដែលបានខិតខំពុះពារឥតរុញរា ជម្នះគ្រប់ឧបសគ្គ ទាំងយប់ ទាំងថ្ងៃ ប្រកបដោយទឹកចិត្តតស៊ូក្លាហាន និងហ៊ានលះបង់រហូតស្វែងរកឃើញទីតាំងកើតហេតុ ដែលជាបេសកកម្មដ៏សែនលំបាក និងប្រកបដោយហានិភ័យក្នុងភូមិសាស្ត្រព្រៃជ្រៅ រួមជាមួយនឹងកត្តាអាកាសធាតុមិនអំណោយផលក្នុងរយៈពេល១៨ ថ្ងៃកន្លងមកនេះ។ក្រៅពីនាយករដ្ឋមន្ត្រីក៏មានថ្នាក់ដឹកនាំសម្តែងការសោកស្តាយនិងចូរួមមរណៈទុក្ខផងដែរ។
លោកទេសរដ្ឋមន្ដ្រី គន់ គីមគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងសារសូមចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមបំផុតជូនក្រុមគ្រួសារសពអាកាសយានិកពលី បានថ្លែងថា ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សូមចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុត និងមានការសោកស្ដាយយ៉ាងក្រៃលែងជូនក្រុមគ្រួសារសព លោក ខេង ឆៃយុទ្ធ និងលោក ស៊ុន ផល្លា ដែលជាអាកាសយានិកពលី ក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រ នៅចំណុចលើខ្នងភ្នំយ៉ាវយ៉ៃ ស្ថិតនៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។
សូមបញ្ជាក់ថាតាមសេចក្តីរាយការណ៍កន្លែងក្រុមកងទ័ពស្វែងរកបានបញ្ជាក់ឲ្យដឹងថា នៅម៉ោង១០៖៣០នាទីព្រឹក ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤នេះ កម្លាំងរុករកបានប្រទះឃើញ សាកសពអាកាសយានិកម្នាក់ទៀតហើយ ដោយរូបគាត់មានឈ្មោះ ស៊ុន ផល្លា ដែលត្រូវបានរកឃើញនៅចំណុចជើងភ្នំយ៉ាវយ៉ៃ ដែលមានចម្ងាយជាង២១០ម៉ែត្រ ពីចំណុចឧទ្ធម្ភាគចក្រធ្លាក់បន្ទាប់ពីលោកខេងឆៃយុទ្ធត្រូវបានរកឃើញថាបានពលីនៅក្បែរយន្តហោះ។ នេះបើតាមការបញ្ជាក់របស់ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ ដែលដឹកនាំប្រតិបត្តិការរុករកដោយផ្ទាល់។កម្លាំងចម្រុះដឹកនាំបញ្ជាដោយលោកនាយឿត្តមសេនីយ៍ឥត សារ៉ាត់បានឲ្យដឹងថា នៅរសៀល ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤នេះ បានរកឃើញឧទ្ធម្ភាចក្រយោធា Z9 ដែលបាត់ដំណឹងនៅតំបន់ជួរភ្នំក្រវាញហើយ បន្ទាប់ពីបើកប្រតិបត្តិការអស់រយៈពេល១៧ថ្ងៃ។ ឧទ្ធម្ភាចក្រនេះ ត្រូវបានប្រទះឃើញនៅចំណុចលើខ្នងភ្នំយ៉ាវយ៉ៃ ស្ថិតនៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់បានឲ្យដឹងថា៖ រយៈពេល២ថ្ងៃនេះ បន្ទាប់ពីអាកាសធាតុអំណោយផល ក្រុមអ្នករុករក បានទៅដល់ចំណុចគោលដៅ ដែលផ្តល់ដំណឹងដោយផ្កាយរណប ហើយក្រុមប្រតិបត្តិការតាមដែនអាកាស បានថតឃើញឧទ្ធម្ភាគចក្រ ដែលបាត់ដំណឹងនេះ។ ទោះជាយ៉ាងនេះក្តី លោកបានបញ្ជាក់បន្តថា ដោយសារបញ្ហាអាកាសធាតុនៅរសៀលនេះ មានការប្រែប្រួលដូច្នេះ ឧទ្ធម្ភាគចក្រខាងលើ មិនទាន់អាចចូលទៅចតនៅចំណុចនោះបាន ប៉ុន្តែក៏នឹងបានរុញកម្លាំងថ្មើរជើងទៅកាន់ទីនោះ ក្នុងពេលឆាប់ៗខាងមុខនេះ។ ឧទ្ធម្ភាគចក្រយោធា Z9 ដែលកម្ពុជាទិញពីស្រុកចិនបានបាត់ដំណឹងកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ខណៈពេលកំពុងហ្វឹកហ្វឺន នៅតំបន់ជួរភ្នំក្រវាញ ខេត្តពោធិ៍សាត់។
ប្រតិបត្តិការរុករកត្រូវបានធ្វើឡើងភ្លាមៗ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីសំណាក់ថ្នាក់ដឹកនាំសំខាន់ៗ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ, នាយឧត្តមសេនីយ៍ ខឹមជា សាខឿន រដ្ឋលេខាធិការក្រសួងការពារជាតិ, នាយឧត្តមសេនីយ៍ សឹង សំណាង អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពអាកាស, ឧត្តមសេនីយ៍ឯក ហួត ឈាង មេបញ្ជាការរង នាយសេនាធិការ កងទ័ពជើងគោក, ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជការរង នាយសេនាធិការ យោធភូមិភាគទី៥,ឧត្តមសេនីយ៍ទោ ស៊ុំ សំណាង មេបញ្ជាការ បញ្ជាការដ្ឋានទ័ពពិសេស ដោយមានកម្លាំងចូលរួមជាង១០០០នាក់។
ដោយមានការយកចិត្តទុកដាក់ពីសំណាក់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ថ្នាក់ដឹកនាំ ក្រសួងការពារជាតិ អគ្គបញ្ជាការ និងកងទ័ពជើងគោក កងកម្លាំងចម្រុះ នៅតែបន្តរុករកឧទ្ធម្ភាគចក្រ ដែលបានបាត់ការទាក់ទង និងកន្លែងសង្ស័យថាធ្លាក់ក្នុងតំបន់ព្រៃក្រាស់ គិតមកដល់ថ្ងៃនេះ មានរយៈពេល១៧ថ្ងៃមកហើយ គិតចាប់តាំងពីថ្ងៃទី១៣ ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤។
បេសកកម្មប្រតិបត្តិការរុករកនេះ បានប្រើប្រាស់គ្រប់មធ្យោបាយរួមមាន៖ កងកម្លាំងរុករកពីខាងលើ តំបន់ព្រៃដោយប្រើប្រាស់ឧទ្ធម្ភាគចក្រ យន្តហោះដ្រូន និងកម្លាំងថ្មើរជើងចូលទៅកាន់តំបន់ព្រៃក្រាស់ តាមជ្រោះជ្រលងភ្នំជាដើម៕a eleco die2