ខេត្តស្វាយរៀង ៖ យ៉ាងហោចណាស់ក៏មានកម្មការិនីម្នាក់ស្លាប់ និងរបួសធ្ងន់ស្រាលជាង១០នាក់ផ្សេងទៀត ខណៈអ្នករងគ្រោះទាំងនេះកំពុងឈរត្រូវរថយន្តដឹកកម្មករមកបុកក្នុងតំបន់សេដ្ឋកិច្ចពិសេស ហ្គីហ្គាស្វាយរៀងរីសត ស្រុកស្វាយទាប។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៏គួរអោយរន្ធត់នេះបានកើតឡើងនៅវេលាម៉ោង០៤និង៤០នាទីរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ហ្គីហ្គា ស្វាយរៀងរីសត ក្នុងភូមិដើមពោធិ៍ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ។
បើតាមសន្តិសុខយាមនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ហ្គីហ្គាស្វាយរៀងរីសត បានឱ្យដឹងថា សពនារីរងគ្រោះឈ្មោះ រឿន ពីសី អាយុ១៧ឆ្នាំ មានទីលំនៅភូមិអង្គសិលា ឃុំសង្កែ ស្រុករំដួល ហើយអ្វីគួរឲ្យអាណិតទៀតនោះ គឺនារីរងគ្រោះទើបតែភ្ជាប់ពាក្យបាន០៣ខែ និងមានគម្រោងរៀបអាពាហ៍ពិពាហ៍នៅខែខាងមុខនេះ ។
ប្រភពបន្តទៀតថា មុនពេលកើតហេតុគេឃើញបងប្អូនកម្មករ-កម្មការិនីប្រមាណជា២០ទៅ៣០នាក់កំពុងឈររង់ចាំរថយន្ត ជិះត្រឡប់ទៅផ្ទះវិញ ស្រាប់តែមានរថយន្តដឹកកម្មករ១គ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ ភ្នំពេញ 3E-0377 ពណ៌លឿង បើកបរក្នុងល្បឿនលឿនបានបុកពំនូកកាត់ថ្នល់នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ហ្គីហ្គាស្វាយរៀងរីសត ហោះផ្លោងរេចង្កូតឡើងលើចិញ្ចើមថ្នល់បុករះទៅលើកម្មករ-កម្មការិនីដែលកំពុងឈរចាំរថយន្តដើម្បីជិះត្រឡប់ទៅផ្ទះវិញ ដោយបុកហើយកិនពីលើនារីម្នាក់ជាប់បណ្តាលឱ្យស្លាប់ភ្លាមៗនៅខាងក្រោមរថយន្ត និងបុករះកម្មករ-កម្មការិនី ប្រមាណជាង១០នាក់ផ្សេងទៀតបណ្តាលឱ្យរងរបួសធ្ងន់ស្រាលតែម្តង ។
ប្រភពដដែលអោយដឹងទៀតថា នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ថៅកែបានដាក់បទបញ្ជាមិនអនុញ្ញាតឱ្យអ្នកបើកបររថយន្តដឹកកម្មករគ្រប់ប្រភេទបើកបរក្នុងល្បឿនលឿនទេ បើអ្នកបើកបររថយន្តណាម្នាក់បើកបរលឿនត្រូវចាប់ផាកពិន័យ ក៏ប៉ុន្តែមុនពេលកើតហេតុ មានភ្លៀងកំពុងធ្លាក់ផង ស្រាប់តែជនបង្កបានបើករថយន្ត ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនបានបុកពំនូកកាត់ថ្នល់ក៏ហោះផ្លោងឡើងរេចង្កូតទៅខាងឆ្វេង បុករះកម្មករ-កម្មការិនីដែលកំពុងឈរលើចិញ្ចើមផ្លូវ រង់ចាំរថយន្តជិះត្រឡប់ទៅផ្ទះបង្កឱ្យស្លាប់និងរបួសតែម្តង ។ ចំណែកអ្នកបើកបររថយន្តបានជាប់នៅក្នុងកាប៊ីនរថយន្តរងរបួសធ្ងន់ផងដែរ ។
ក្រោយកើតហេតុ សមត្ថកិច្ចបានហៅរថយន្តសាមុយដឹកអ្នករបួសទៅមន្ទីរពេទ្យជីភូ ខ្លះទៅមន្ទីរពេទ្យបង្អែកស្រុកស្វាយទាប ហើយអ្នកខ្លះដឹកតាមម៉ូតូទៅមន្ទីរពេទ្យស្រុកស្វាយទាបដើម្បីសង្គ្រោះ។
ចំណែកសពនារីរងគ្រោះ សមត្ថកិច្ចបានដឹកតាមរថយន្តយកទៅឱ្យក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី ។
ក្នុងពេលនោះដែរ សមត្ថកិច្ចសាកសួរចម្លើយអ្នកបើកបររថយន្តបង្ក ជននោះឆ្លើយថា រថយន្តដាច់ហ្វ្រ័ង។
ទោះបីជាយ៉ាងណា សមត្ថកិច្ចជំនាញ បានធ្វើការពិនិត្យបច្ចេកទេសរថយន្ត យ៉ាងណានោះរង់ចាំជ្រាបនៅពេលក្រោយ។
រថយន្តខូចខាតធ្ងន់ សមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយទាបដើម្បីដោះស្រាយតាមច្បាប់។សមត្ថកិច្ចធ្វើការសន្និដ្ឋានបឋមថា មូលហេតុបើកបរក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន៕