ខេត្តបន្ទាយមានជ័យ៖ បន្ទាប់ពីទទួលព័ត៌មានពីអាជ្ញាធរថា មានករណីលួចផលិតទឹកកាធុម នៅចំណុចផ្ទះមួយកន្លែងម្ដុំចំការស្វាយ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត និងដោយទទួលបានការអនុញ្ញតពីលោក ឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រូលនីតិវិធីពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង១៣ និង០០នាទី ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតចំនួន២០នាក់ ដឹកនាំដោយលោកវរសេនីយ៍ត្រី គង់ រិទ្ធា មន្ត្រីនគរបាលយុត្តិធម៌មូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះប្រតិបត្តិការបង្ក្រាបទីតាំងខាងលើ តែក្រុមជនសង្ស័យបានដឹងខ្លួនមុនចាក់សោរផ្ទះទុកចោលហើយរត់គេចខ្លួនបាត់អស់។
លោកវរសេនីយ៍ត្រី គង់ រិទ្ធា មន្ត្រីនគរបាលយុត្តិធម៌មូលដ្ឋានកងរាជអាវុធហត្ថក្រុង បានឱ្យដឹងថា៖ ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ មេបញ្ជាការ និងមានការសម្របសម្រូលនីតិវិធីពី លោក ព្រះរាជអាជ្ញា កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង រួមនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បានសម្រេចកាត់សោរផ្ទះ រកឃើញមានវត្ថុតាង៖ ១.ទឹកកា ធុមចំនួន០៦ឆ្នាំង និង៣០០ដប, ២.ស្លឹកកាធុមចំនួន១០ថង់ធំ ស្មើនឹង១៦៧គីឡូក្រាម, ៣.ថ្នាំក្អកចំនួន០២កេសធំ(សារធាតុផ្សំ), ៤.កញ្ឆាស្ងួតចំនួន០៧ថង់, ៥.កាធុនដែកចំនួន០៦, ៦.ធុងទឹកកកចំនួន០៣, ៧.ឧបករណ៍ជក់កញ្ឆាចំនួន៣១បំពង់, ៨.ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន០៤គ្រឿង, ៩.ថង់វេចខ្ចប់ និងដបច្រកមួយចំនួនធំ, ១០.ទូដែកចំនួន០១។
បច្ចុប្បន្នវត្ថុតាងខាងលើត្រូវបានរក្សាទុកក្នុងមូលដ្ឋានមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ចំណែកទឹកកាធុមនិងស្លឹកកាធុមត្រូវបានបំផ្លាញចោល។
លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា៖ ការអនុវត្តនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ត្រូវតែបង្ក្រាបរាល់បទល្មើសផ្សេងៗនៅក្នុងមូលដ្ឋាន ជាពិសេសការចរាចរ ជួញដូរ និងប្រេីប្រាស់គ្រឿងញៀនជាដើម។ ជាក់ស្តែងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានធ្វើការចុះបង្ក្រាបនូវទីតាំងផលិត ចែកចាយ ផលិតផលចេញពីស្លឹកកាធុម (ប្រភេទភេជ្ជៈលាយជាមួយថ្នាំបាត់ក្អក ) ដែលលួចនាំចូលពីប្រទេសថៃ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ជាពិសេសយុវវ័យ និងកុមារ។
លោកឧត្ដមសេនីយ៍មេបញ្ជាការ ក៏បានបញ្ជាក់ផងដែរថា៖ ការបង្ក្រាបករណីនេះ ធ្វើដូចភ្លៀងរលឹម មិនអនុញ្ញាតឱ្យមានការលួចនាំចូល ចែកចាយផលិត នៅក្នុងទឹកដីនៃក្រុងប៉ោយប៉ែត ក៏ដូចជាខេត្តបន្ទាយមានជ័យឡើយ។ ហើយលោកក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមចូលរួមសហការជាមួយសមត្ថកិច្ច បើសិនជាឃើញថាមានកន្លែងណាមានការលួចនាំចូល ផលិត និងចែកចាយ ស្លឹកកាធុម សូមរាយការណ៍មកកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុកទាំង៩ ដើម្បីធ្វើការបង្ក្រាបភ្លាមៗ ដោយគ្មានការលើកលែងឡើយ៕