ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤នេះ ខ្សែរថ Kiha183-182 លើផ្លូវដែកភាគខាងជើង(ភ្នំពេញ-ប៉ោយប៉ែត)ចំនួន៤ទូ គឺ Kiha183-4559, Kiha182-7561, Kiha182-7552 និងKiha182-4558 បានត្រលប់ពីស្ថានីយប៉ោយប៉ែតមកកាន់រាជធានីភ្នំពេញវិញហើយ បន្ទាប់ពីការបើកសាកល្បងជាថ្មីប្រកបដោយជោគជ័យ។ នេះជាការបញ្ជាក់ពី លោក ផន រឹម អ្នកនាំពាក្យ និងជា អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅរសៀលថ្ងៃនេះ។
លោកបន្តថា ៖ ដំណើរការសាកល្បងនេះ ដើម្បីឱ្យក្រុមការងារបច្ចេកបន្តត្រួតពិនិត្យ និងសិក្សាលម្អិតរួមគ្នា លើដំណើរការកែប្រព័ន្ធជើងក្រោម, ទ្វារចេញ-ចូល,ប្រព័ន្ធម៉ាស៊ីនត្រជាក់,ច្រកទ្វារសុវត្ថិភាព សម្ភារៈបរិក្ខា និងការងារផ្សេងៗទៀត ដើម្បីប្រាកថាមានសុវត្ថិភាពខ្ពស់សម្រាប់ដឹកជញ្ជូនអ្នកដំណើរ មុននឹងសម្រេចដាក់ឱ្យដំណើរការជាផ្លូវការនាពេលឆាប់ៗដ៏ខ្លីខាងមុខ។
Kiha183-182 បានរត់ដោយរលូនលើផ្លូវដែកភាគខាងជើង(ភ្នំពេញ-ប៉ោយប៉ែត) ដោយបានចេញដំណើរពីស្ថានីយភ្នំពេញកាលពីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤នេះ។
ដំណើរការបើកសាកលល្បងរថភ្លើងជប៉ុនលើផ្លូវលើផផ្លូវដែកដ៏វែង ដោយឆ្លងកាត់ខេត្តជាច្រើន ក៏ជាផ្នែកមួយ នៃការពិនិត្យមើលឡើងវិញស្ថានភាពផ្លូវដែកសម្រាប់អ្នកដំណើរ និងជាសារប្រាប់ទៅអ្នកដំណើរពីការដំណើរការឡើងវិញ ខ្សែរថសម្រាប់អ្នកដំណើរ(ភ្នំពេញ-ប៉ោយប៉ែត)បន្ទាប់ពីផ្អាករយៈពេលវែង ចាប់ពីការរីករាលដាលនៃជំងឺកូវីដ-១៩។ ចំពោះការដឹកទំនិញបានធ្វើឡើងជាប្រចាំ (៣ជើងក្នុងមួយសប្តាហ៍)។
គួរបញ្ជាក់ថា ក្រុមការងារនាយកដ្ឋានផ្លូវដែក នៃក្រសួងសាធារណការ និងដឹកជញ្ជូន នឹងបន្តធ្វើការងារបន្ថែមទៀតជាមួយអាជ្ញាស្រុក-ខេត្ត ដែលមានផ្លូវដែកឆ្លងកាត់លើការងារសុវត្ថិភាព,ការរំលោភបំពានចំណីផ្លូវដែក,ការដាក់តបណ្តាញខ្សែកាប, ខ្សែInternet ដែលរំខាន និងប៉ះពាល់ដល់ដំណើរការខ្សែរថភ្លើងបើកបរ និងឆ្លងកាត់៕