សារព័ត៌មាន AFP បានផ្សាយថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន កាលពីថ្ងៃទី២០ ខែកក្កដា បានរាយការណ៍ថា គ្រោះទឹកជំនន់នៅភាគខាងជើងនិងភាគនិរតីនៃប្រទេសបានសម្លាប់មនុស្សយ៉ាងហោច២០នាក់ និងជាច្រើននាក់ផ្សេងទៀតបានបាត់ខ្លួនមួយសប្ដាហ៍បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងវាយប្រហារទូទាំងប្រទេសចិន។
ទីភ្នាក់ងារសារព័ត៌មាន Xinhua បានឱ្យដឹងថា មានរថយន្ដជាច្រើនគ្រឿងនៅក្នុងខេត្ត Shaanxi ភាគពាយព្យនៃប្រទេសបានធ្លាក់ចូលក្នុងទឹកទន្លេកាលពីថ្ងៃសុក្រកន្លងទៅនេះ ក្រោយស្ពានមួយបានបាក់ ដោយបណ្ដាលឱ្យមនុស្សយ៉ាងហោចណាស់១២នាក់បានស្លាប់ និងជាង៣០នាក់បាត់ខ្លួន។ តាម Xinhua ការស៊ើបអង្កេតបឋមបានបញ្ជាក់ថា រថយន្ដ១៧គ្រឿងនិងរថយន្ដធុនធំ៨គ្រឿង បានធ្លាក់ចូលទឹកទន្លេនៃទីក្រុង Shangluo។
ចំណែកឯនៅក្នុងខេត្ត Sichuan ស្ថិតនៅភាគនិរតីនៃប្រទេស មានមនុស្ស៣០នាក់ត្រូវបានរាយការណ៍ថា បានបាត់ខ្លួន ក្រោយព្យុះភ្លៀងបង្កជាគ្រោះទឹកជំនន់ពេញមួយយប់ក្នុងទីក្រុង Ya’an។ សាកសពមនុស្ស ៨នាក់ត្រូវបានរកឃើញគិតត្រឹមកាលពីល្ងាចថ្ងៃសៅរ៍ ខណៈ៤នាក់ទៀតត្រូវបានជួយសង្រ្គោះដោយមិនមានរបួសធ្ងន់ធ្ងរនោះទេ។
កាលពីថ្ងៃសុក្រផងដែរ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានឱ្យដឹងថាមនុស្ស៥នាក់បានស្លាប់ និង៨នាក់បាត់ខ្លួន បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងបង្កជាគ្រោះទឹកជំនន់និងការរអិលបាក់ដីក្នុងទីក្រុង Baoji ខេត្ត Shaanxi។
ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានជំរុញឱ្យអាជ្ញាធរប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីជួយសង្រ្គោះនិងផ្ដល់ជំនួយ ព្រមទាំងតាមស្វែងរកអ្នកដែល បានបាត់ខ្លួន៕