ខេត្តស្វាយរៀង៖ លោក គុយ ឆាយ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ តំណាងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ នៅព្រឹកថ្ងៃទី១៧ ខែកក្កដាឆ្នាំ ២០២៤ នេះបានញ្ជើញបើកការដ្ឋានសាងសង់អណ្ដូងធន់នឹងការប្រែប្រួលអាកាសធាតុចំនួន ៣០អណ្ដូង និងសម្ភារៈបង្គន់អនាម័យចំនួន ២០០បង្គន់ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ផ្តល់ជូនទៅបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានដែលពុំមានលទ្ធភាពសាងសង់ដោយខ្លួនឯង សម្រាប់ប្រើប្រាស់តាមខ្នងផ្ទះ ក៏ដូចជាការលើកកម្ពស់ការប្រើប្រាស់ទឹកសុវត្ថិភាពនៅក្នុងសហគមន៍។
ពិធីនេះក៏មានការអមដោយ លោកស៊ឹម សុខព្រី អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ លោកបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តមប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង លោក សំ នីតូ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង ព្រមទាំងលោក លោកស្រី តំណាងនាយកដ្ឋានថែទាំសុខភាពជនបទ នាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ លោកអភិបាលរងស្រុករមាសហែក លោកអនុប្រធានមន្ទីរ មន្រ្តីរាជការមន្ទីរ លោកមេឃុំ សមាជិកក្រុមប្រឹក្សាឃុំ និងបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន សរុបចំនួន ១៣១នាក់ ស្រី ៦៦នាក់ ស្ថិតនៅសាលាឃុំក្រសាំង ស្រុករមាសហែក ខេត្តស្វាយរៀង ។
ជាមួយគ្នានេះ លោក គុយ ឆាយ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានបានផ្ដាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋសូមលាងដៃនឹងសាប៊ូ ឬផេះមុននឹងបរិភោគអាហារ និងក្រោយចេញពីបង្គន់អនាម័យ សំអាតបរិវេណក្នុង និងក្រៅបង្គន់អនាម័យ ជួសជុលជាប្រចាំករណីមានការខូចខាតសាងសង់អណ្ដូងទឹកឲ្យឆ្ងាយពីបង្គន់អនាម័យ កុំយកសត្វពាហនៈមកចងក្បែរអណ្ដូងទឹក ឧស្សាហ៍តាមដាន និងពិនិត្យគុណភាពទឹកផងដែរ។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃដដែលលោករដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ ក៏បានដឹកនាំប្រតិភូក្រសួង អភិបាលរងខេត្ត លោកប្រធានមន្ទីរនិងសហការី ចុះពិនិត្យការដ្ឋានការខួងអណ្ដូងធន់នឹងការប្រែប្រួលអាកាសធាតុ ចំនួន ២កន្លែង នៅក្នុងភូមិថ្មី ឃុំក្រសាំង ស្រុករមាសហែក ខេត្តស្វាយរៀង។
នៅក្នុងឱកាសនោះ លោក គុយ ឆាយ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានផ្តល់ជូនវត្ថុអនុស្សាវរីយ៍ដល់បងប្អូនប្រជាពលរដ្ឋ ដោយក្នុងម្នាក់ៗទទួលបាន១ក្រមា ផងដែរ។

By admin

Leave a Reply

Your email address will not be published. Required fields are marked *