សារព័ត៌មាន Reuters ទូរទស្សន៍ CNN បានរាយការណ៍កាលពីថ្ងៃអង្គារ ទី១៦ ខែកក្កដាថា សហរដ្ឋអាមេរិកទទួលបានព័ត៌មានសម្ងាត់មួយកាលពីប៉ុន្មានសប្ដាហ៍មុននេះ ពាក់ព័ន្ធនឹងផែនការរបស់អ៉ុីរ៉ង់ដើម្បីធ្វើឃាតអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដោយមន្ត្រីអាមេរិកម្នាក់អះអាងថាកងការពារ Secret Service ក៏បានចែករំលែកព័ត៌មាននេះជាមួយ ក្រុមការងារយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកត្រាំផងដែរ។
CNN ដោយផ្អែកលើប្រភពដែលខ្លួនទទួលបាន បានឱ្យដឹងថា ព័ត៌មានសម្ងាត់ដែលនិយាយពីផែនការរបស់អ៉ីរ៉ង់ត្រូវបានផ្ដល់ដោយមនុស្សម្នាក់ ហើយមន្ត្រីអាមេរិកម្នាក់ទៀតក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានបញ្ជាក់ថា ខណៈកំពុងសិក្សាពីការកើនឡើងការគំរាមកំហែង ក្រុមប្រឹក្សាសន្តិសុខជាតិបានទំនាក់ទំនងជាមួយកងការពារ Secret Service ដែលបានផ្ដល់ព័ត៌មានបន្តទៅឱ្យក្រុមការងារយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក ត្រាំ ដើម្បីរឹតបន្តឹងសន្តិសុខការពារអតីតប្រធានាធិបតីរូបនេះ។
ជុំវិញសេចក្ដីរាយការណ៍របស់ CNN ខាងសេតវិមានមិនបានធ្វើអត្ថាធិប្បាយអ្វីទេ ប៉ុន្តែបាននិយាយថា មិនមានភស្តុតាងណាមួយបញ្ជាក់ថា ជនសង្ស័យជាខ្មាន់កាំភ្លើងដែលប៉ុនប៉ងធ្វើឃាតលោក ត្រាំ កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន បានគប់គិតជាមួយបរទេស ឬក្រុមណាមួយនៅក្នុងសហរដ្ឋអាមេរិកនោះទេ។ ចំណែកឯអ៉ីរ៉ង់វិញបាននិយាយថា ការចោទប្រកាន់បែបនេះ ប្រឆាំងនឹងខ្លួនគឺគ្មានមូលដ្ឋានអ្វីទាំងអស់។
ក្រុមមន្ត្រីអាមេរិកបានបង្ហាញការព្រួយបារម្ភជាច្រើនឆ្នាំមកហើយថាអ៉ីរ៉ង់អាចនឹងរកវិធីសងសឹកលោកដូណាល់ ត្រាំ សម្រាប់ការបញ្ជាឱ្យយោធាអាមេរិកសម្លាប់មេទ័ពអ៉ីរ៉ង់ លោក Qassem Soleimani កាលពីខែមករា ឆ្នាំ២០២០៕