ខេត្ត​បាត់ដំបង​៖​ អ្នកនាំពាក្យសាលាដំបូងខេត្តបាត់ដំបង មានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា៖ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ ក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងខេត្តបាត់ដំបង បានបើកសវនាការជំនុំជម្រះជា សាធារណៈ លើសំណុំរឿងព្រហ្មទណ្ឌ លេខ ៨២៩ ចុះថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣។ ក្រោយពីបានធ្វើកិច្ចពិភាក្សា ដេញដោលលើជនជាប់ចោទ ភាគីពាក់ព័ន្ធ និងបានពិនិត្យភស្តុតាង អង្គហេតុ និងអង្គច្បាប់ ក្រុមប្រឹក្សាជំនុំជម្រះបាន ប្រកាសជាសាធារណៈនូវសាលក្រមព្រហ្មទណ្ឌ លេខ: ៨៦៦ (គ) ចុះថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ ដោយបាន សម្រេចដូចខាងក្រោម៖
១-ផ្តន្ទាទោសឈ្មោះ ឡាច រតនា ហៅ ចិត្ត ភេទប្រុស អាយុ ៤២ ឆ្នាំ (ក្នុងឃុំ) ដាក់ពន្ធនាគារអស់មួយ ជីវិត និងពិន័យជាប្រាក់ ១០០ (មួយរយ) លានរៀល ពីបទ: ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការ អនុញ្ញាត ប្រព្រឹត្តនៅខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង កាលពីអំឡុងឆ្នាំ ២០២២ ដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ តាមបញ្ញត្តិមាត្រា៤០ កថាខណ្ឌ៣ កថាខណ្ឌ៧ ចំណុច៤ នៃច្បាប់ស្តីពី ការត្រួតពិនិត្យគ្រឿងញៀន និងមាត្រា៤៩០ កថាខណ្ឌ១ នៃក្រមព្រហ្មទណ្ឌ។
២-ផ្តន្ទាទោសឈ្មោះ ណា គឹមយ៉ុង ភេទប្រុស អាយុ ៣៧ ឆ្នាំ (ក្នុងឃុំ), ឈ្មោះ ចេង ប៊ុនធឿន ភេទប្រុស អាយុ ២៩ ឆ្នាំ (ក្នុងឃុំ), ឈ្មោះ ជា ហឿន ភេទប្រុស អាយុ ៣៦ ឆ្នាំ (គេចខ្លួន), ឈ្មោះ ឃឹម សុខពៅ ភេទប្រុស អាយុ ៣៣ ឆ្នាំ (គេចខ្លួន), ឈ្មោះ សុខ សាត ភេទប្រុស អាយុ ៤៥ ឆ្នាំ (គេចខ្លួន) ដាក់ពន្ធនាគារក្នុងម្នាក់ៗ អស់មួយជីវិត និងពិន័យជាប្រាក់ក្នុងម្នាក់ៗចំនួន ១០០ (មួយរយ) លានរៀល ពីបទ: ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង កាលពីអំឡុងឆ្នាំ២០២២ ដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ តាម បញ្ញត្តិមាត្រា៤០ កថាខណ្ឌ៣ កថាខណ្ឌ៧ ចំណុច៤ និងមាត្រា៤៨ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងបាន ចេញដីកាបង្គាប់ឱ្យចាប់ខ្លួន លើជនជាប់ចោទដែលរត់គេចខ្លួន។
៣-ឲ្យរួចខ្លួនពីបទចោទប្រកាន់លើឈ្មោះ សួន ម៉ារ៉ាឌី ភេទប្រុស អាយុ ៤៤ ឆ្នាំ (ក្នុងឃុំ) ពីបទ: ជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង កាលពីអំឡុងឆ្នាំ២០២២ ដល់ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ តាមបញ្ញត្តិមាត្រា៤០ កថាខណ្ឌ៣ កថាខណ្ឌ៧ ចំណុច៤ នៃច្បាប់ស្តីពីការត្រួតពិនិត្យ គ្រឿងញៀន។
អ្នកនាំពាក្យសាលាដំបូងខេត្តបាត់ដំបង សូមបញ្ជាក់បន្ថែមថា ក្រុមប្រឹក្សាជំនុំជម្រះបានប្រកាសឲ្យឈ្មោះ សួន ម៉ារ៉ាឌី រួចខ្លួនពីបទចោទប្រកាន់ ដោយមូលហេតុថា អង្គហេតុនៃការចោទប្រកាន់ គឺយោងលើចម្លើយរបស់ឈ្មោះ ឡាច រតនា ដែលបានបញ្ជាក់ថា កាលពីអំឡុងខែមករា ឬខែកុម្ភៈ ឆ្នាំ២០២៣ មានមនុស្សម្នាក់ឈ្មោះ ថា អាយុ ប្រហែល ៤០ឆ្នាំ រស់នៅប៉ោយប៉ែត បានផ្ញើរូបរថយន្តម៉ាក HYUNDAI ផ្លាកលេខ កម្ពុជា MARADY68 មកខ្លួនតាម តេលេក្រាម និងឲ្យខ្លួនប្រើម្ចាស់រថយន្តនេះដឹកជញ្ជូនគ្រឿងញៀនឲ្យ ប៉ុន្តែឈ្មោះ ឡាច រតនា បដិសេធមិនប្រើនោះទេហើយក៏មិនបានទាក់ទងទៅម្ចាស់រថយន្ត MARADY68 នេះដែរ ដោយឈ្មោះ ឡាច រតនា មានរថយន្តរបស់ខ្លួនម៉ាក LEXUS RX300 ផ្លាកលេខ 2N-3257 ដែលមានឈ្មោះ ណា គឹមយ៉ុង ជាអ្នកបើកបរដឹកជញ្ជូនយកគ្រឿងញៀនទៅ លក់ ហើយឈ្មោះ ណា គឹមយ៉ុង ក៏មានរថយន្តផ្ទាល់ខ្លួនម៉ាក TOYOTA HIGHLANDER ផ្លាកលេខ 2A-5549 ដែលជាមធ្យោបាយសម្រាប់ដឹកជញ្ជូនគ្រឿងញៀនយកទៅលក់ផងដែរ។ ជាក់ស្តែងនៅពេលចាប់ខ្លួន ឈ្មោះ សួន ម៉ារ៉ាឌី បាន គឺគ្មានរថយន្ត HYUNDAI ផ្លាកលេខ កម្ពុជា MARADY68 នេះនៅជាមួយនោះទេ ហើយក៏មិនមាន គ្រឿងញៀនដែរ ដោយរថយន្តខាងលើនេះ ឈ្មោះ សួន ម៉ារ៉ាឌី បានលក់តាំងពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ មកម៉្លេះ។ នាពេលសវនាការ ជនជាប់ចោទទាំងអស់ ក៏បានបញ្ជាក់ថា មិនបានស្គាល់ឈ្មោះ សួន ម៉ារ៉ាឌី នេះដែរ។
៤-វត្ថុតាងរឹបអូសរួមមាន៖
ក/ ថ្នាំញៀនទម្ងន់សរុប ១៩៤៨,២៨ ក្រាម
ខ/ រថយន្តម៉ាក LEXUS RX300 ពណ៌ខ្មៅ ផលិតឆ្នាំ២០០២ ផ្លាកលេខ 2N-3257 លេខតួ JTJHF10U-0202248503 និងលេខម៉ាស៊ីន 1ME-4530119 របស់ឈ្មោះ ឡាច រតនា។
គ/ រថយន្តម៉ាក TOYOTA HIGHLANDER ពណ៌ទឹកមាស ផលិតឆ្នាំ២០០១ ផ្លាកលេខ 2A- 5549 លេខតួ JTEGF21A 310025987 និងលេខម៉ាស៊ីន 1MZ1207525 របស់ឈ្មោះ ណា​ គឹមយ៉ុង។
ឃ/ អាវុធ(កាំភ្លើង)ខ្លី ម៉ាក SIG SAUER ពណ៌ខ្មៅ បង់ចំនួន២ និងគ្រាប់ចំនួន ១៧គ្រប់ ទូរស័ព្ទដៃ ចំនួន ០៣គ្រឿង។​ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *