សារព័ត៌មាន Reuters នៅថ្ងៃទី10 ខែកក្កដាបានផ្សាយថា ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល បាននិយាយថា ការធ្វើពាណិជ្ជកម្មអាវុធរបស់កូរ៉េខាងជើងជាមួយរុស្ស៉ី គឺជាការគំរាមកំហែងមួយចំពោះសន្តិភាពពិភពលោក ហើយសម្ព័ន្ធភាពនៅក្នុងចំណោមប្រទេសប្រជាធិបតេយ្យសេរី គឺមានសារៈសំខាន់បំផុតដើម្បីការពារសេរីភាពពីការគំរាមកំហែង។
បើតាមការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ធ្វើការកត់សម្គាល់បែបនេះនៅក្នុងរដ្ឋហាវ៉ៃ ជាទីដែលលោកបានពិភាក្សាពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងអាមេរិក នឹងកូរ៉េខាងត្បូង ជាមួយមេបញ្ជាការអាមេរិកទទួលបន្ទុកកិច្ចការតំបន់ឥណ្ឌូប៉ាស៊ីហ្វិក លោកឧត្តមនាវី Samuel Paparo កាលពីថ្ងៃអង្គារ ទី៩ ខែកក្កដា។ លោក យូនបន្ថែមទៀតថាកូរ៉េខាងជើងមិនត្រឹមតែគំរាមកំហែងដល់សន្តិភាពនៅលើតំបន់ឧបទ្វីបកូរ៉េប៉ុណ្ណោះទេ ប៉ុន្តែក៏គំរាមកំហែងដល់សន្តិភាពពិភពលោកផងដែរតាមរយៈការលក់អាវុធដោយខុសច្បាប់ទៅឱ្យរុស្ស៉ី។
លើសពីនេះទៅទៀត តាមលោកប្រធានាធិបតីកូរ៉េខាងត្បូង ការព្រួយបារម្ភពីការពង្រីកសមត្ថភាពយោធារបស់កូរ៉េខាងជើងកាន់តែកើនឡើងជាលំដាប់ ជាពិសេសក្រោយព្យុងយ៉ាងចុះសន្ធិសញ្ញាយោធាជាមួយទីក្រុងមូស្គូ កាលពីខែមិថុនាកន្លងទៅ។
គួរបញ្ជាក់ថា លោក យូន ស៊ុកយុល បានឈប់សំចតនៅរដ្ឋហាវ៉ៃ ក្នុងដំណើរផ្លូវឆ្ពោះទៅកាន់ទីក្រុងវ៉ាស៊ីនតោន ដើម្បីចូលរួមកិច្ចប្រជុំកំពូល NATO ក្នុងនាមជាដៃគូរបស់បក្សសម្ព័ន្ធយោធាមួយនេះ ក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូល បានចោទប្រកាន់ថា កូរ៉េខាងជើងបានផ្គត់ផ្គង់អាវុធមានទាំងមីស៊ីលបាលិស្ទីគ និងគ្រាប់កាំភ្លើងធំឱ្យរុស្ស៉ីប្រើប្រាស់នៅក្នុងសង្រ្គាមអ៊ុយក្រែន។ ក៏ប៉ុន្តែ ទាំងមូស្គូនិងព្យុងយ៉ាងតែងតែច្រានចោលការចោទប្រកាន់បែបនេះ៕ ដោយ៖ ធីរីណា

By admin

Leave a Reply

Your email address will not be published. Required fields are marked *