ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ហាក់ដូចជាពិនិត្យឡើងវិញនូវគោលជំហរដ៏តឹងតែងពីមុនរបស់គាត់ ដោយទទួលស្គាល់ពីលទ្ធភាពនៃគណៈប្រតិភូរុស្ស៊ីចូលរួមសន្និសីទសន្តិភាពបន្ទាប់ ប្រសិនបើធ្វើឡើង។
ប្រធាន Zelensky បានប្រាប់ Bloomberg News ថា “ប្រសិនបើកិច្ចប្រជុំកំពូលសន្តិភាពលើកទី២ គ្រោងបញ្ចប់សង្រ្គាម ហើយយើងត្រូវការប្រទេសបន្ថែមទៀត យើងនឹងរៀបចំវា ហើយ តំណាងរុស្ស៊ីត្រូវតែមានវត្តមាន យើងនឹងរង់ចាំមើលថាអ្នកណា” ។
កន្លងមក ក្នុងកិច្ចប្រជុំកំពូលសន្តិភាពលើកដំបូងដែលធ្វើឡើងក្នុងប្រទេសស្វីសកាលពីខែមុន អ្នករៀបចំមិនបានអញ្ជើញរុស្ស៊ីឱ្យចូលរួមទេ។ សម្រាប់ផ្នែករបស់ខ្លួន រុស្ស៊ីក៏បានហៅកិច្ចប្រជុំកំពូលនោះថា “គ្មានប្រយោជន៍” ហើយបានអះអាងថា សន្តិភាពមិនអាចសម្រេចបានដោយគ្មានវត្តមានរបស់ភាគីទាំងពីរ។
អ្នកវិភាគជាច្រើនបានវាយតម្លៃថា កិច្ចប្រជុំកំពូលសន្តិភាពដំបូងដែលរៀបចំដោយអ៊ុយក្រែនថាជាការប៉ុនប៉ងដោយលោកខាងលិចដើម្បីបង្ហាញការគាំទ្រសម្រាប់អ៊ុយក្រែនជំនួសឱ្យការស្វែងរកការបញ្ចប់សង្រ្គាមពិតប្រាកដ។
ក្នុងអំឡុងពេលនៃការរៀបចំសម្រាប់កិច្ចប្រជុំកំពូលសន្តិភាពនៅប្រទេសស្វីស វិមានក្រឹមឡាំង និងចិនក៏បានអំពាវនាវឱ្យប្រទេសផ្សេងទៀតកុំគាំទ្រ និងចូលរួម។ កិច្ចប្រជុំកំពូលបានបញ្ចប់ដោយការសន្យាមិនច្បាស់លាស់នៃសន្និសីទតាមដាន ប៉ុន្តែមិនមានផែនការជាក់លាក់ណាមួយឡើយ។
នៅក្នុងបទសម្ភាសន៍ជាមួយ Bloomberg ប្រធានាធិបតី Zelensky បានច្រានចោលសំណើសន្តិភាពរបស់សមភាគីលោក Putin រួមទាំងសំណើសុំឱ្យអ៊ុយក្រែនទទួលស្គាល់ឧបទ្វីប Crimean សាធារណរដ្ឋប្រជាមានិត Donetsk និង Lugansk ក៏ដូចជាតំបន់ Kherson និង Zaporizhia ជាតំបន់របស់រុស្ស៊ី . ទោះជាយ៉ាងណា លោកថា អាមេរិក និងចិនអាចដើរតួនាទីអន្តរការី៕