កំពង់ចាម​៖ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ១០​រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព​.​ស​.២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០២៤​នេះ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុជា អញ្ជើញ​ជា​អធិបតី​ប្រារព្ធ​ពិធី​អបអរសាទរ​ទិវា​មច្ឆជាតិ ១ កក្កដា លើក​ទី​១៩ ព្រមទាំង​លែង​ត្រី ១.៥​លាន​ក្បាល​ចូលទៅក្នុង​បឹង​ធំ ដែលជា​បឹង​ធម្មជាតិ​ដ៏​ធំ ស្ថិតក្នុង​ភូមិ​កំពង់​សំណាញ់ ឃុំ​មៀន ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម​។​

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា រាជរដ្ឋាភិបាល​បានសម្រេច​កំណត់​យក​ថ្ងៃទី​១ ខែកក្កដា ជា​ទិវា​មច្ឆជាតិ និង តែងតែ​ប្រារព្ធ​ពិធី​នេះ ជា​រៀងរាល់ឆ្នាំ ក្នុង​រដូវ​បិទ​នេសាទ​ទឹកសាប ចាប់ពី​ដើមខែ​មិថុនា ដល់​ចុងខែ​តុលា ដើម្បី​ផ្សព្វផ្សាយ និង​បំផុសស្មារតី​ឱ្យ​គ្រប់​តួអង្គ​ពាក់ព័ន្ធ ចូលរួម​ការពារ និង អភិរក្ស​ធនធាន​ជលផល ដែលជា​ធនធានធម្មជាតិ​ដ៏​មានតម្លៃ និង​ដើម្បីឱ្យ​ត្រី​មេ​ពូជ​ទាំងឡាយ​បន្ត​ពូជ ពង​កូន និង​រីក​ធំធាត់​។

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា រាជរដ្ឋាភិបាល​នៅតែ​បន្ត​ចាត់ទុក​វិស័យ​កសិកម្ម​ជា​វិស័យ​អាទិភាព​មួយ​ដ៏​សំខាន់ ដែល​ចូលរួម ចំណែក​យ៉ាងសកម្ម​ក្នុង​ការធានា​សន្តិសុខ​ស្បៀង លើកកម្ពស់​កម្រិតជីវភាព​របស់​ប្រជាពលរដ្ឋ កាត់បន្ថយ​ភាពក្រីក្រ និង ទ្រទ្រង់​កំណើនសេដ្ឋកិច្ច ដោយ​រក្សាបាន​នូវ​តុល្យភាព​រវាង​ការអភិរក្ស និង​ការអភិវឌ្ឍ​។​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ដរាបណា​គណបក្ស​ប្រជាជន​កម្ពុជា នៅតែ​ដឹកនាំ​ប្រទេស គឺ​នៅតែ​លើកលែង​ពន្ធ​សម្រាប់​ដី​កសិកម្ម​របស់​ប្រជាពលរដ្ឋ​។​

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ជំរុញ​វិស័យ​កសិកម្ម ត្រូវធ្វើ​ពិពិធ​កម្ម​ឱ្យ​ច្រើន​។ ចិញ្ចឹម​អ្វី ដាំ​អ្វី​មិន​សំខាន់​នោះទេ តែ​ត្រូវ​ធានា​ឱ្យបាន​នូវ​ទីផ្សារ​។​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា វិស័យ​កសិកម្ម​ដៃ​ម្ខាង​គិតពី​ចំណូល​កសិករ និង​ដៃ​ម្ខាង​ទៀត​ត្រូវ​ធានា​តម្លៃ​សមរម្យ​សម្រាប់​អ្នកទិញ​។​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ទៅ​ថ្ងៃ​ខាងមុខ​ផ្ទៃដី​កសិកម្ម​នឹង​កាន់តែ​រួម​តូច ដោយសារ​កំណើន​តម្រូវការ​ដី​សម្រាប់​លំនៅឋាន និង​បម្រើ​ក្នុង​វិស័យ​ផ្សេងៗ​។​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា នៅក្នុង​នីតិកាល​ថ្មី​នេះ រាជរដ្ឋាភិបាល​ប្តេជ្ញាចិត្ត​ដាក់ចេញ​គោលនយោបាយ​បន្តបន្ទាប់​ជួយ​ដល់​កសិករ និង​វិនិយោគ​ផ្សេងៗ​លើ​វិស័យ​កសិកម្ម​។​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ការផ្គត់ផ្គង់​ត្រី​បែប​ធម្មជាតិ មិនអាច​ផ្គត់ផ្គង់​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ដូចពេលមុន​ទៀត​នោះទេ គឺ​ត្រូវតែ​ជំរុញ​ការចិញ្ចឹម​បន្ថែម​។ ត្រូវ​ជំរុញ​ប្រជាពលរដ្ឋ​ចូលរួម​ការចិញ្ចឹម​ត្រី និង​សត្វ​ធាតុ​ផ្សេងៗ ដើម្បី​បំពេញ​ការបរិភោគ​។​

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា វប្បធម៌​ចិញ្ចឹម​ត្រី សត្វ​ធាតុ និង​ការដាំដុះ​បន្លែ​នៅតាម​អង្គភាព​ទ័ព​មិនត្រូវ​បោះបង់​នោះឡើយ ដើម្បី​ម្ចាស់ការ​សន្តិសុខ​ស្បៀង​។​​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា កម្ពុជា​បាន​នាំចេញ​ផលិតផល​កសិកម្ម​ជាង ៨.៨២​លាន​តោន ទៅកាន់​គោលដៅ​ចំនួន ៧៨​ប្រទេស ក្នុងតម្លៃ​សរុប​ប្រមាណ ៤.៨​ពាន់​លាន​ដុល្លារ ដែល​បាន​ចូលរួមចំណែក​យ៉ាងសំខាន់​ទ្រទ្រង់​សេដ្ឋកិច្ចជាតិ​។ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា តម្លៃ​កសិកម្ម​នៅក្នុង​ឆ្នាំ​២០២៤​នេះ មាន​ស្ថានភាព​ល្អប្រសើរ​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អរគុណ​ប្រជាពលរដ្ឋ ដែល​បាន​គាំទ្រ​គម្រោង​ព្រែកជីក​ហ្វូណន​តេ​ជោ ដែលជា​គម្រោង​មាន​ប្រយោជន៍​មហាសាល​។ ព្រែកជីក​ហ្វូណន​តេ​ជោ គឺជា​គម្រោង​ជាតិនិយម​។​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ការបើក​ការដ្ឋាន​សាងសង់​ព្រែកជីក​ហ្វូណន​តេ​ជោ ចំ​ថ្ងៃ​ខួបកំណើត​របស់​សម្តេច​តេ​ជោ ដែលជា​អ្នក​ផ្តួចផ្តើម និង​បង្កលក្ខណៈ​ឱ្យ​គម្រោង​ចេញ​ជា​រូបរាង​។ ព្រែកជីក​ហ្វូណន​តេ​ជោ គឺជា​គម្រោង​ប្រវត្តិសាស្ត្រ ដោយ​កូន​ខ្មែរ ដើម្បី​កូន​ខ្មែរ​សម្រាប់​អនាគត​។​

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ណែនាំ​រដ្ឋបាល​ជលផល ត្រូវ​បន្ត​ពង្រឹង​ការអភិរក្ស​ធនធាន​ជលផល ព្រៃ​លិច​ទឹក និង ព្រៃកោងកាង ជាពិសេស​ការអភិរក្ស​ត្រី​មេ​ពូជ សត្វ​ផ្សោត​ទន្លេមេគង្គ និង​វា​រី​សត្វ​ងាយ​រងគ្រោះ​ឱ្យ​កាន់​តែមាន​ប្រសិទ្ធ ភាព​ខ្ពស់ ព្រមទាំង​បន្ត​លែង​កូន​ត្រី ត្រី​មេ​ពូជ និង វា​រី​សត្វ​ឱ្យ​កាន់តែច្រើន​ថែមទៀត​ទៅក្នុង​ទីជម្រក​ធម្មជាតិ​។ ទន្ទឹមនេះ រដ្ឋបាល​ជលផល​ត្រូវ​សិក្សា កែលម្អ និង​ស្តារ​កន្លែង​អភិរក្ស​ត្រី​មេ​ពូជ និង​ទីជម្រក​មច្ឆជាតិ​ផ្សេងទៀត​ដែល​គោក​រីង​រាក់ ជាពិសេស​នៅ​រដូវប្រាំង​។ សម្តេច​ធិបតី លើកទឹកចិត្ត​ឱ្យ​ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និង ក្រសួង​ធនធានទឹក និង ឧតុនិយម បង្កើន​កិច្ចសហការ​កាន់តែ​ជិតស្និទ្ធ​ថែមទៀត ដើម្បី​ការពារ និង​សង្គ្រោះ​ជម្រក​ត្រី ត្រី​មេ​ពូជ និង វា​រី​សត្វ​ងាយ​រងគ្រោះ​។​

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ណែនាំ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ត្រូវ​ដឹកនាំ និង ជំរុញ​គាំទ្រ​ការចុះបញ្ជី​ដី​រដ្ឋ​ឱ្យបាន​ឆាប់រហ័ស​, រួមមាន​សម្បទាន​ដី​សេដ្ឋកិច្ច ដីព្រៃ​សហគមន៍ ចម្ការ​ឈើ​ដាំ សហគមន៍​នេសាទ និង​កន្លែង​អភិរក្ស​ជលផល ដើម្បី​ទប់ស្កាត់ និង បង្ក្រាប​ចលនា​ទន្ទ្រាន​កាន់កាប់​ដី​រដ្ឋ​, ជាពិសេស​តំបន់​ជុំវិញ​បឹង​ទន្លេសាប ដែលជា​ជម្រក​ត្រី​ពង​កូន ជម្រក​ត្រី និង ជា​កន្លែង​ស្វែងរក​ចំណី​។ សម្តេច​ធិបតី លើកទឹកចិត្ត​ដល់ ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ និង ដៃគូ​អភិវឌ្ឍ បន្ត​ចូលរួម​ជំរុញ​ចលនា ដាំ​ព្រៃ​លិច​ទឹក និង​ព្រៃកោងកាង​ឡើងវិញ ដើម្បី​ផ្ដល់​ជា​ជម្រក​ពង​កូន សម្រាប់​វា​រី​សត្វ​គ្រប់​ប្រភេទ និង ថែរក្សា​និរន្តរភាព​ប្រព័ន្ធ​អេកូឡូស៊ី​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា រាជរដ្ឋាភិបាល​ប្តេជ្ញាចិត្ត​ការពារ និង​ទប់ស្កាត់​រាល់​ការបំផ្លាញ​ដីព្រៃ​លិច​ទឹក​នៅ​ជុំវិញ​បឹង​ទន្លេសាប និង​បទល្មើស​ធនធានធម្មជាតិ​ដទៃទៀត​។ សម្តេច​ធិបតី បាន​ថ្លែងថា កុំ​ចង់​សាក​ប្រព្រឹត្ត​បទល្មើស​ធនធានធម្មជាតិ សម្តេច​នឹង​ចាត់វិធានការ​គ្មាន​ការលើកលែង​។​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ណែនាំ​គណៈកម្មការ​អន្តរក្រសួង ដើម្បី​ទប់ស្កាត់ និង បង្ក្រាប​បទល្មើស​នេសាទ​នៅ​បឹង​ទន្លេសាប ត្រូវ​ពង្រឹង​កិច្ចសហការ​ឱ្យ​កាន់តែ​ជិតស្និទ្ធ និង បង្កើន​ការទប់ស្កាត់​ការនេសាទ​ខុសច្បាប់​។ ជាពិសេស​ក្នុង​រដូវ​បិទ​នេសាទ ដែល​ត្រី​កំពុង​ពង​កូន ព្រមទាំង​ចាត់វិធានការ​ម៉ឺងម៉ាត់​ចំពោះ​ការផលិត ការចែក​ចាយ និង ការប្រើប្រាស់​ឧបករណ៍​នេសាទ​ដែលមាន​លក្ខណៈ​បំផ្លិចបំផ្លាញ​ខ្លាំង​, ដូចជា​ឧបករណ៍​ឆក់ និង​ស្បៃ​មុង​ជាដើម​។ សម្តេច​ធិបតី ណែនាំ​បង្កើន​ការផ្សព្វផ្សាយ ការអប់រំ និង ការចូលរួម​របស់​ប្រជាពលរដ្ឋ​ក្នុងការ​អភិរក្ស និង ធានា​និរន្តរភាព​ធនធាន​ជលផល សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​របស់​យើង​។​

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ណែនាំ​រដ្ឋបាល​ជលផល រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ និង​តួអង្គ​ពាក់ព័ន្ធ ត្រូវ​ពង្រឹងសមត្ថភាព​សហគម​ន៍ នេសាទ​ក្នុងការ​គ្រប់គ្រង ការពារ និង​អភិរក្ស​ធនធាន​ជលផល ស្របតាម​ទិស​ស្លោក «​សហគមន៍​ន​សាទ គ្មាន​បទល្មើស​ជលផល​» និង ត្រូវខិតខំ​ពង្រីក​សកម្មភាព​ទេសចរណ៍ធម្មជាតិ​នៅតាម​បណ្តា​សហគមន៍ ទាំងនោះ ជាពិសេស​នៅ​តំបន់​ដែល​សម្បូរ​ដោយ​មច្ឆជាតិ សត្វ​ផ្សោត សត្វ​ស្លាប ព្រៃ​លិច​ទឹក និង​ព្រៃកោងកាង ដើម្បី​គាំទ្រ​ជីវភាព​ប្រជា​នេសាទ និង​កាត់បន្ថយ​ការពឹង​ផ្អែកទៅលើ​ការនេសាទ​តែមួយ​មុខ សម្រាប់​ទ្រទ្រង់​ជីវភាព​។​

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត លើកទឹកចិត្ត​ឱ្យ​ជំរុញ​វារីវប្បកម្ម​តាម​គ្រប់​រូបភាព ទាំង​ទឹកសាប និង​សមុទ្រ ដោយ​លើកកម្ពស់​ការស្រាវជ្រាវ​បច្ចេកទេស បង្កាត់​-​ភ្ញាស់​វា​រី​សត្វ​កម្រ​ដែល​ប្រឈម​នឹង​ការ​ផុត​ពូជ ដើម្បី​អភិរក្ស និង កូន​ត្រី​ពូជ​ដែលមាន​ប្រសិទ្ធភាព​សេដ្ឋកិច្ច​ខ្ពស់ ដើម្បី​លើកកម្ពស់​ជីវភាព​វា​រី​វប្បករ​ផង និង​កាត់បន្ថយ សម្ពាធ​មកលើ​ធនធាន​ជលផល​ធម្មជាតិ​ផង​។​​សម្តេច​ធិបតី ណែ​នាំឱ្យ​បង្កើន​ការត្រួតពិនិត្យ​គុណភាព សុវត្ថិភាព សមត្ថភាព​កែច្នៃ និង ការអភិវឌ្ឍ​ខ្សែ​ច្រវាក់​តម្លៃ​ជលផល ដើម្បី​ពង្រឹង​ភាព​ប្រកួតប្រជែង​របស់​ផលិតផល ជលផល​កម្ពុជា​, ទាំង​សម្រាប់​ទីផ្សារ​ក្នុងស្រុក និង​ក្រៅប្រទេស​។ សម្តេច​ធិបតី បាន​អំពាវនាវ និង​លើកទឹកចិត្ត​ឱ្យ​ដៃគូ​អភិវឌ្ឍ និង វិស័យ​ឯកជន ចូលរួម​គាំទ្រ​ឱ្យ​កាន់តែខ្លាំង​ថែមទៀត តាមរយៈ​ការផ្តល់​បច្ចេកទេស និង​ដើមទុន រួមទាំង​ហិរញ្ញប្បទាន​ការប្រាក់​ទាប ដើម្បី​ជំរុញ​វារីវប្បកម្ម និង ការកែច្នៃ​ផល ផលិតផល​ជលផល​កម្ពុជា​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ណែនាំ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ សហការ​ជាមួយ​ក្រសួងបរិស្ថាន ត្រូវ បង្កើន​ការយកចិត្តទុកដាក់​ឱ្យ​កាន់តែ​ខ្លាំងក្លា​ថែមទៀត ក្នុងការ​កាត់បន្ថយ​ផលប៉ះពាល់​បង្កឡើង ដោយ​ការប្រែប្រួល​អាកាសធាតុ ដើម្បី​ធានា​ចីរភាព និង​និរន្តរភាព​នៃ​ការអភិវឌ្ឍ​វិស័យ​កសិកម្ម​។​ដើម្បី​ចូលរួម​ពង្រឹងស្មារតី «​ទិវា​មច្ឆជាតិ ០១ កក្កដា​» សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អំពាវនាវ​ឱ្យ​គ្រប់ភាគី​ពាក់ព័ន្ធ និង ប្រជាពលរដ្ឋ​ជំរុញ​ការចិញ្ចឹម​ត្រី ការធ្វើ​វារីវប្បកម្ម ការរក្សា​ទុក​ពូជ​ត្រី​ធំៗ ឬ​ជិត​ផុត​ពូជ​។​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​អំពាវនាវ​កុំ​ប្រើ​ឧបករណ៍​នេសាទ​ខុសច្បាប់​សម្រាប់ធ្វើ​នេសាទ​, ដូចជា ថ្ម​ស្អុយ ឧបករណ៍​ឆក​ត្រី ស្បៃ​មុង គ្រឿងផ្ទុះ អ្វី​ក៏ដោយ​ដែល​ឧបករណ៍​នេសាទ​ហាមឃាត់ ជាពិសេស​សូមកុំ​ចាប់​ត្រី​ក្នុង​រដូវ​ហាមឃាត់ គឺ​រដូវ​ត្រី​ពង (​ពីថ្ងៃ​ទី​១ ខែមិថុនា ដល់​ថ្ងៃទី​៣១ ខែតុលា​)​។ រួមគ្នា​ទុក​ត្រី​ឱ្យ​ធំ ឱ្យ​វា​ពង ឱ្យ​វា​ញាស់​ឡើង កុំ​ចាប់​វា កុំ​បំផ្លាញ​វា ព្រោះ​ត្រី​គឺជា​ប្រភព​អាហារ​ដ៏​ចម្បង​មួយ​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​របស់​ប្រជាជន​។​

By admin

Leave a Reply

Your email address will not be published. Required fields are marked *