សារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី២ ខែកក្កដា ឆ្នាំ២០២៤ បានផ្សាយថា កាលពីថ្ងៃចន្ទសប្តាហ៍នេះ ប្រធានតុលាការធម្មនុញ្ញនៃប្រទេសថៃបានឱ្យដឹងថា តុលាការគួរតែអាចចេញសាលក្រមនៅត្រឹមខែកញ្ញាខាងមុខ សម្រាប់សំណុំរឿងចំនួន២ ដែលអាចនឹងឈានដល់ការដកហូតតំណែងនាយករដ្ឋមន្រ្តីរបស់លោក Srettha Thavisin និងការរំលាយគណបក្សប្រឆាំង Move Forward។
សំណុំរឿងធំៗទាំង២ខាងលើ បានបង្កើនភាពស្រពេចស្រពឹលផ្នែកនយោបាយនៅក្នុងប្រទេសថៃ ជាប្រទេសមានសេដ្ឋកិច្ចធំជាងគេទី២ ប្រចាំនៅតំបន់អាស៉ីអាគ្នេយ៍ ដែលបាននិងកំពុងតែជួបការលំបាកក្នុងការស្តារសេដ្ឋកិច្ចឡើងវិញ ចាប់តាំងពីបានរងផលប៉ះពាល់ខ្លាំងធ្ងន់ធ្ងរដោយសារវិបត្តិជំងឺរាតត្បាតសកលកូវីដ-១៩។
លោក Nakharin Mektrairat ប្រធានតុលាការធម្មនុញ្ញថៃបានប្រាប់ក្រុមអ្នកសារព័ត៌មានថា ការប្រកាសសាលក្រមនឹងត្រូវធ្វើឡើងមិនឱ្យយូរលើសពីខែកញ្ញានោះឡើយ។ កាលពីខែឧសភា តុលាការបានប្រកាសថា កាលបរិច្ឆេទបើកសវនាការបន្ទាប់ ក្នុងសំណុំរឿង Move Forward នឹងប្រព្រឹត្តទៅនាថ្ងៃពុធសប្តាហ៍នេះ ខណៈដែលសវនាការសម្រាប់បណ្តឹងប្រឆាំងលោកនាយករដ្ឋមន្រ្តី នឹងប្រព្រឹត្តទៅនាថ្ងៃទី១០ ខែកក្កដា។
លោក Srettha ជាសេដ្ឋីអចលនទ្រព្យ ដែលបានឈានជើងប្រឡូកចូលនយោបាយ ជាមួយគណបក្សកាន់អំណាច Pheu Thai កាលពីឆ្នាំមុន ប្រឈមហានិភ័យនៃការត្រូវដកហូតមុខតំណែង ជុំវិញការតែងតាំងមេធាវីម្នាក់ ដែលធ្លាប់មានទោសជាប់ពន្ធនាគារឱ្យកាន់តួនាទីជារដ្ឋមន្រ្តីក្នុងជួរគណៈរដ្ឋមន្រ្តី របស់លោក។ រីឯ Move Forward ដែលជាបក្សឈ្នះបានអាសនៈច្រើនជាងគេក្នុងការបោះឆ្នោតសកល កាលពីឆ្នាំមុន ប៉ុន្តែត្រូវរារាំងមិនឱ្យបង្កើតរដ្ឋាភិបាលបាននោះ គឺត្រូវគណៈកម្មការបោះឆ្នោតថៃ ប្តឹងទៅកាន់តុលាការធម្មនុញ្ញ ដើម្បីរំលាយចោល ជុំវិញគោលនយោបាយចង់ធ្វើវិសោធនកម្មច្បាប់ការពារប្រឆាំងការប្រមាថព្រះមហាក្សត្រ៕ ដោយ៖ ធីរីណា