ភ្នំពេញ ៖ សារលិខិតរំលែកមរណទុក្ខ ជូនចំពោះ លោកស្រី តាត់ ឆេន ព្រមទាំងក្រុមគ្រួសារ
តាងនាមថ្នាក់ដឹកនាំនិងមន្ត្រីរាជការក្រសួងព័ត៌មាន ខ្ញុំពិតជាមានសេចក្ដីក្ដុកក្ដួល និងសោកស្តាយ ឥតឧបមា ដោយបានទទួលដំណឹងដ៏ក្រៀមក្រំថា ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ បានទទួលមរណភាព នៅថ្ងៃសុក្រ ៧រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ វេលា ម៉ោង១២:៤០នាទីរសៀល ក្នុងជន្មាយុ ៨០ឆ្នាំ ដោយរោគាពាធ។
ក្នុងវេលាប្រកបដោយសមានទុក្ខនេះ ខ្ញុំសូមសម្តែងនូវការសោកស្តាយ ស្រណោះអាឡោះអាល័យ ដោយសេចក្តីសង្វេគ ចំពោះការបាត់បង់ ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ ដែលជាធនធានដ៏សំខាន់ និង ជាមរតកមនុស្សរស់មួយរូប ដែលប្រកបដោយទេពកោសល្យ បទពិសោធ និងបានរួមចំណែកយ៉ាងធំធេង ក្នុងសិល្បៈចាប៉ីដងវែង ដែលពោរពេញទៅដោយវោហារសព្ទ កាព្យចុងជួន និងសំនៀងចាប៉ីដ៏ពិរោះរណ្តំ។ ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ ជាសិល្បៈករប្រពៃណីបុរាណដ៏អស្ចារ្យម្នាក់ ដែលត្រូវបានប្រជាពលរដ្ឋ កម្ពុជាស្គាល់ច្បាស់ គោរពស្រលាញ់ និងមានការកោតសរសើរយ៉ាងខ្លាំងពីប្រជាពលរដ្ឋកម្ពុជា និងនៅលើ ឆាកអន្តរជាតិ។ ជាមួយគ្នានេះ ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ ក៏ជាស្វាមីដ៏ល្អ ឪពុកដ៏ល្អ និងជីតាដ៏ល្អ ប្រកបដោយព្រហ្មវិហារធម៌ សីលធម៌ និងគុណធម៌ ជាពិសេស គឺបានចិញ្ចឹមបីបាច់ថែរក្សា អប់រំបញ្ញាស្មារតី ដល់កូនៗ និងចៅៗឱ្យមានចំណេះដឹងជ្រៅជ្រះ និងក្លាយជាធនធានដ៏ល្អនៅក្នុងសង្គម។
ជាថ្មីម្តងទៀត ខ្ញុំសូមចូលរួមរំលែកនូវមរណទុក្ខជាមួយ លោកស្រី ព្រមទាំងក្រុមគ្រួសារ និងសូម ឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ សូមបានចាប់បដិសន្ធិ និងសោយសុខ ក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
សូម លោកស្រី និងក្រុមគ្រួសារ ទទួលនូវមនោសញ្ចេតនាប្រកបដោយសមានទុក្ខដ៏សែនក្រៀមក្រំពីខ្ញុំ ៕