ភ្នំពេញ៖ រថភ្លើង Kiha-183 ចំនួន២ទូចុងក្រោយ ដែលទើបកែកុនរួចលើប្រព័ន្ធជើងក្រោម និងបរិក្ខារសម្រាប់ដឹកអ្នកដំណើរ បានបើកបរធ្វើតេស្តសាកល្បងលើផ្លូវដែកភាគខាងត្បូង (ព្រះសីហនុ-ភ្នំពេញ) នៅព្រឹកថ្ងៃពុធ ទី២៦ ខែមិថុនា ឆ្នាំ២០២៤នេះ បានដោយជោគជ័យ។
លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន តែងបានចង្អុលបង្ហាញ និងណែនាំឱ្យក្រុម ការងារបច្ចេកទេសនាយកដ្ឋានផ្លូវដែក យកចិត្តទុកដាក់ចុះពិនិត្យ តាមដានជាប្រចាំលើដំណើរការបើកតេស្តសាកល្បង បន្ទាប់ពីកែសម្រួលប្រព័ន្ធហ្វ្រាំង និងទទឹងកង់ពី ១០៦៧ មិល្លីម៉ែត្រ (ស្តង់ដារផ្លូវដែកជប៉ុន) មក១០០០មិល្លីម៉ែត្រ (ស្តង់ដារផ្លូវដែកកម្ពុជា)។
គួរបញ្ជាក់ថា រថភ្លើង Kiha-183 ប្រភេទ DMU (Diesel Multiple Unit) ចំនួន ៩គ្រឿងហើយ បានបើកបរតេស្តសាកល្បងទាំងផ្លូវដែកភាគខាងត្បូង (ព្រះសីហនុ-ភ្នំពេញ) និងភាគខាងជើង(ភ្នំពេញ- មានក-ខេត្តកំពង់ឆ្នាំង) ប្រកបដោយជោគជ័យជាបន្តបន្ទាប់ កាលពីពេលកន្លងទៅថ្មីៗនេះ។ ការបើកបរធ្វើតេស្តសាកល្បងលើផ្លូវដែកភាគខាងត្បូង (ភ្នំពេញ- ព្រះសីហនុ) ក្នុងល្បឿនចន្លោះ៥០-៨០km/h និងផ្លូវដែកភាគខាងជើង (ភ្នំពេញ-មានក) ចន្លោះពី៣០-៥០km/h។
ទន្ទឹមនឹងនេះដែរ ក្រុមការងារបានពិនិត្យ និងសិក្សារួមគ្នាលើដំណើរការកែប្រព័ន្ធជើងក្រោម ទ្វារចេញ-ចូល ម៉ាស៊ីនត្រជាក់ច្រកទ្វារសុវត្ថិភាព សម្ភារបរិក្ខារ និងការងារផ្សេងៗទៀត ដើម្បីប្រាកថាមានសុវត្ថិភាពខ្ពស់សម្រាប់ដឹកជញ្ជូនអ្នកដំណើរ មុននឹងសម្រេចដាក់ឱ្យដំណើរការជាផ្លូវការនាពេលឆាប់ៗដ៏ខ្លីខាងមុខនេះ៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *

មាតិកាផ្សេងៗ