ប្រទេសមីយ៉ានម៉ា៖រដ្ឋាភិបាល​របប​សឹក​យោធា​មី​យ៉ាន់​ម៉ា បានចាប់ផ្តើម​ខិតខំ​ប្រឹងប្រែង​ជាថ្មី​ដើម្បី​រារាំង​ទំនាក់ទំនង​ដោយ​ឥតគិតថ្លៃ​លើ​អ៊ីនធឺណិត​តាមរយៈ​ការរារាំង​មិន​ឲ្យ​ប្រជាជន​ចូល​ប្រើប្រាស់​បណ្តាញ​ឯកជន​និម្មិត ឬ​កម្មវិធី VPN ដែល​អាច​ប្រើប្រាស់​ដើម្បី​ចូល​មើល​គេហទំព័រ ឬ​សេវាកម្ម​នានា​។​​កិច្ចខិតខំ​ប្រឹងប្រែង​នេះ​គឺមាន​គោលបំណង​កំណត់​ការចូល​ប្រើប្រាស់​ព័ត៌មាន ដែល​ចាប់ផ្តើម​កាលពី​ចុងខែ​ឧសភា តាម​ការបញ្ជាក់​របស់​អ្នកផ្តល់​សេវា​ទូរស័ព្ទ​ចល័ត អ្នកផ្តល់​សេវា​អ៊ីនធឺណិត ក្រុមប្រឆាំង និង​របាយការណ៍​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​។​

យោងតាម​របាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​និយាយថា ការវាយប្រហារ​លើ​ការប្រើប្រាស់​អ៊ីនធឺណិត ព្រមទាំង​ការ​ឆ្លប​ត្រួតពិនិត្យ​ទូរស័ព្ទដៃ​របស់​ប្រជាជន​នៅតាម​ដងផ្លូវ​ដើម្បី​ត្រួតពិនិត្យ​កម្មវិធី VPN ជាមួយនឹង​ការផាកពិន័យ ប្រសិនបើ​ត្រូវបាន​រកឃើញថា​មានប្រើ​កម្មវិធី​នេះ (VPN)​។​​កាលពី​ថ្ងៃ​សុក្រ​ទី​១៤ ខែមិថុនា ទីភ្នាក់ងារ​ព័ត៌មាន​របស់​វិទ្យុ​អាស៊ីសេរី​ជា​ភាសា​មី​យ៉ាន់​ម៉ា​បាន​រាយការណ៍​ថា ប្រជាជន​ប្រហែល​២៥​នាក់​នៅក្នុង​តំបន់ Ayeyarwady ត្រូវបាន​កងសន្តិសុខ​ចាប់ខ្លួន​និង​ផាកពិន័យ​ជា​ប្រាក់ បន្ទាប់ពី​ត្រូវបាន​រកឃើញ​មានកម្ម​វិធី VPN នៅលើ​ទូរស័ព្ទដៃ​របស់​ពួកគេ​។​

​ដោយឡែក យោងតាម​របាយការណ៍​ដែល​ចេញផ្សាយ​កាលពី​ខែ​មុន​ដោយ​ក្រុម​លើកកម្ពស់​សេរីភាព​នៃ​ការបញ្ចេញមតិ​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា (Athan) បាន​និយាយថា ទីប្រជុំជន​ជិត​៩០ ក្នុងចំណោម​ក្រុង​ទាំង​៣៣០​នៅ​ទូទាំងប្រទេស​ត្រូវបាន​អាជ្ញាធរ​កាត់ផ្តាច់​សេវា​អ៊ីនធឺណិត ឬ​ទូរស័ព្ទ ឬ​ទាំងពីរ​តែម្តង​។​​នៅ​ឆ្នាំ​២០២៤​នេះ ការប្រើប្រាស់​សេវាកម្ម VPN ដោយ​ឥតគិតថ្លៃ​យ៉ាង​ទូលំទូលាយ​បានចាប់ផ្តើម​ធ្លាក់ចុះ​កាលពី​ចុងខែ​ឧសភា ដោយ​អ្នកប្រើប្រាស់​បានទទួល​សារ​ថា ពួកគេ​មិនអាច​ត​ភ្ជាប់​កម្មវិធី​នេះ​តទៅទៀត​បានទេ ដែល​ធ្វើឱ្យ​អ្នកប្រើប្រាស់​មិនអាច​ចូល​ប្រើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​អន​ឡាញ​បានឡើយ ដូចជា ហ្វេ​ស​ប៊ុ​ក​, WhatsApp និង​គេហទំព័រ​មួយចំនួនទៀត​ជាដើម​។​

​ក្រុមហ៊ុន​ទូរគមនាគមន៍​ឈានមុខ​គេ​រប​ស់មី​យ៉ាន់​ម៉ា រួមមាន MPT Ooredoo Atom និង Mytel ក៏ដូចជា​សេវា​អ៊ីនធឺណិត​ខ្សែកាប​បាន​និយាយថា ការចូល​ប្រើប្រាស់​កម្មវិធី​ហ្វេ​ស​ប៊ុ​ក​, Instagram, X, WhatsApp និង​កម្មវិធី VPN ត្រូវបាន​ផ្អាក​នៅ​ទូទាំងប្រទេស​កាលពី​ចុងខែ​ឧសភា​។​​ជុំវិញ​បញ្ហា​នេះ របប​សឹក​យោធា​មី​យ៉ាន់​ម៉ា​មិនបាន​ប្រកាស​ហាមប្រាម​លើ​ការប្រើប្រាស់​កម្មវិធី VPN នេះ​ជា​សាធារណៈ​នោះទេ​។​

​គួររំលឹកថា​៖ កាលពី​ចុងឆ្នាំ​២០២១ របប​សឹក​យោធា​បានធ្វើ​សេចក្តីព្រាងច្បាប់​ស្តីពី​សន្តិសុខ​តាម​អ៊ីនធឺណិត​ដើម្បី​ដាក់ទោស​ទណ្ឌ​ចំពោះ​ជន​ណាក៏ដោយ​ដែល​ប្រើប្រាស់​កម្មវិធី VPN ដោយ​គ្មាន​ការអនុញ្ញាត​ពី​ក្រសួង​ទូរគមនាគមន៍ និង​ដាក់ទោស​ជាប់ពន្ធនាគារ​អតិបរមា​៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន ៥​លាន​ក្យ័​ត ឬ​ទាំងពីរ​៕​អត្ថបទ​៖ គង់ សំអាង​

By admin

Leave a Reply

Your email address will not be published. Required fields are marked *

មាតិកាផ្សេងៗ